​បុរស​ម្នាក់​ពិតជា​ត្រេកអរ ញញឹម​បិទមាត់​ពុំ​ជិត​នោះទេ នៅពេល​រកបាន​ម្ចាស់ជីវិត​ដ៏​ស្រស់ស្អាត​ម្នាក់ ប៉ុន្តែ ពុំទាន់​បាន​ចូល​រោងការ​ផង អ្វីៗ​បាន​ត្រឹម​សោក​កា និង​ស្ទើរ​ក្អួត​ឈាម​ដុំៗ​តែម្តង នៅពេលដែល​ខាង​ស្រី​បានដាក់​មេ​ប្រួច បន្ទាប់ពី​ទទួល​លុយ​បណ្ណាការ​ពី​គាត់ ។

Boonchuay Moontham អាយុ ៣២ ឆ្នាំ ជា​កម្មករ​រោងចក្រ បាន​រៀបរាប់​ឲ្យ​ដឹងថា កាលពី​ថ្ងៃទី​៣ ខែកញ្ញា រូបគាត់​បាន​ជួប​នារី​ដ៏​ស្រស់ស្អាត​ម្នាក់ ឈ្មោះ Arisa នៅ​ផ្សារ​មួយ​ស្ថិតក្នុង​តំបន់ Nava Noakorn ប្រទេស​ថៃ ។ ហើយ​ពួកគេ​ក៏បាន​ចាប់ចិត្ត​ប្រតិព័ទ្ធ​នឹង​គ្នា​ចាប់ពីពេលនោះ​មក ។​

​បន្ទាប់មក ពួកគេ​ទាំង​ពីរបាន​ណាត់ជួប​គ្នា​ជា​ញឹកញាប់ និង​មិនយូរប៉ុន្មាន Arisa ក៏បាន​ណែនាំ​គាត់​ឲ្យ​ស្គាល់​ឪពុកម្តាយ​របស់​នាង ។ ពិតណាស់ Arisa មិនមាន​គំរោង​ទទួលយក​នូវ​អ្វីៗ​យឺតយ៉ាវ​ទេ ព្រោះថា គ្រាន់តែ​រយៈពេល ៣ សប្តាហ៍ ប៉ុណ្ណោះ គ្រួសារ​របស់​នាង​ធ្វើ​ទៅតាម​តម្រូវការ ។ ដើម្បី​បង្ហាញថា គាត់​មាន​ភាពស្និទ្ធស្នាល​អំពី​ទំនាក់ទំនង​នេះ Boonchuay ត្រូវតែ​ស្នើសុំ Arisa រៀបការ ប្រសិនបើ​គាត់​ចង់​បន្ត​ណាត់ជួប​ជាមួយ​នាង ។​

Boonchuay និយាយថាៈ «​ខ្ញុំ​បានប្រគល់​លុយ​ចំនួន ២០ ពាន់​បាត ប៉ុន្តែ ម្តាយ​របស់​នាង​ទាមទារ ៥០ ពាន់​បាត ។ ដូច្នេះ ខ្ញុំ​ក៏បាន​ទទួលយក និង​សម្រេច​ដក់​លុយ​ពី​កុង​ធនាគារ​របស់ខ្ញុំ ។ ពួកយើង​បន្ទាប់មក បាន​ភ្ជាប់ពាក្យ​នឹង​គ្នា​នៅ​ថ្ងៃទី​២៤ ខែកញ្ញា​» ។​

​ពិតមែន​ហើយ បន្ទាប់ពី​ភ្ជាប់ពាក្យ​រួច Arisa ដែល​គ្មាន​បេះដូង ស្រាប់តែ បាន​បញ្ចេញ​ឲ្យ​ឃើញ​ពីសារ​ធាតុពិត​របស់​នា​ង​! ។ នាង​ពុំដែល​បង្ហាញមុខ​ឲ្យ​ឃើញ​ទេ និង​គ្រាន់តែ​និយាយ​ទៅកាន់​គាត់​តាមរយៈ​ទូរស័ព្ទ ឬ ឆាត​ប៉ុណ្ណោះ ។

​អ្វីដែល​ហួសចិត្ត​បំផុត​ទៀត​នោះ រឿង​ដែល​គ្រួសារ​របស់ Arisa ដែល​បាន​សន្យា​ក្រោយ​ភ្ជាប់ពាក្យ​ថា នឹង​អនុញ្ញាត​ឲ្យ​គាត់​មក​រស់នៅ​ក្នុងផ្ទះរ​បស់​ពួកគេ​នោះ គឺ​ធាតុពិត​ក៏​គ្មាន​ដែរ ។ ដោយ​ដឹងថា ខ្លួន​កំពុង​ត្រូវបាន​បោកប្រាស់​ដោយ​គ្រួសារ​នេះ Boonchuay ក៏​ទៅប្តឹង​ប៉ូលីស ។​

​នឹកឃើញ​នៅ​យប់​ថ្ងៃ​ភ្ជាប់ពាក្យ Boonchuay និយាយប្រាប់​ប៉ូលីស​ថា រូបគាត់​តាម​ទាន់ Arisa ផ្ញើ​សារ​ទៅកាន់​បុរស​ផ្សេង ។ ប៉ុន្តែ នៅពេល​សួរនាំ បែរជា​នាង​និយាយ​ទាំង​ប​ញ្ឈី​ចិត្ត​ថា ព្រោះតែ​ពួកគេ​ទាំងពីរ​ពុំទាន់​រៀបការ ហេតុនេះ នាង​អាចមាន​សិទ្ធិ​សន្ទនា​ជាមួយ​អ្នកណា​ក៏បាន​ដែរ ។​

​បន្ទាប់មក ប៉ូលីស​ក៏​តាម​ស្វែងរក​ទីកន្លែង​ស្នាក់នៅ​របស់ Arisa និង​សួរ​នាំទៅ​ម្តាយ​របស់​នាង ដើម្បី​ជួយ​ដល់​ការស៊ើបអង្កេត ។ ទោះយ៉ាងណា ប៉ូលីស​ក៏បានផ្តល់​ដំបូន្មាន​ដល់​បុរស​នេះ​ថា បើទោះជា​គាត់​ត្រូវ​បរាជ័យ​ក្នុងថ្ងៃនេះ យើងខ្ញុំ​សង្ឃឹមថា គាត់​នឹងមាន​ការប្រុងប្រយ័ត្ន​ឲ្យ​មែនទែន​នៅ​ថ្ងៃ​ខាងមុខ និង​សូម​ជូនពរ​ឲ្យ​គាត់​ទទួលបាន​សំណាងល្អ នៅពេល​បាន​ជួប​ជាមួយ​អ្នក​ក្រោយ ៕​