មន្រ្តី​ជាន់ខ្ពស់​គណបក្ស​សង្រ្គោះ​ជាតិ បដិសេធ ការ​ចោទប្រកាន់​របស់​អ្នកគាំទ្រ​មួយ​ចំនួន​របស់គណ​បក្ស​ប្រឆាំង​នៅក្រៅ​ប្រទេស ដែលថា លោក ម៉ៅ មុនីវណ្ណ គឺ​ជា​ជន​បង្កប់​នៅក្នុង​គណ​បក្ស​សង្រ្គោះជាតិ​។ ការ​បដិសេធ​នេះ​ធ្វើ​ឡើង​បន្ទាប់ពី​អ្នក​ប្រើ​​ហ្វេសប៊ុក​ឈ្មោះ​ថា ឆាំ ឆានី បាន​ហៅ លោក ម៉ៅ មុនីវណ្ណ តំណាង​រាស្ត្រ​មណ្ឌល​ត្បូង​ឃ្មុំ ថា​ជា​មេហ្វូង​ចចក ក្នុង​គណ​បក្ស​ប្រឆាំង ហើយ​ហៅ​ លោក ឡុង ប៊ុន្នី ដែល​ប្រកាស​ចាក​ចេញ​នោះ​ថា​ជា​កូន​ចចក។

Loading...

ដោយ អ៊ឹង ប៊ុនថន

ពីខេត្ត​ត្បូងឃ្មុំ ខណៈ​ជួប​សំណេះ​សំណាល​ជាមួយ​សកម្មជន​នៅថ្ងៃ​អាទិត្យ​នេះ លោក ម៉ៅ មុនីវណ្ណ ​ដែល​បច្ចុប្បន្ន​ជាប្រធាន​ស្តីទី​គណ​កម្មាធិការ​ប្រតិបត្តិ​គណ​បក្ស​សង្រ្គោះជាតិ​បាន​សំដែង​ការ​សោក​ស្តាយ​ចំពោះ​ការ​ចោទ​ប្រកាន់​រូប​លោកថា​ជា​ជន​បង្កប់​នោះ​។ លោក​ចាត់​ទុក​ថា​អ្នកដែល​ចោទ​ប្រកាន់​រូប​លោក​បែប​នេះ គឺ​កំពុង​តែ​ធ្លាក់​ចូល​ក្នុង​គន្លង​បម្រើ​នយោបាយ​របស់​គេ​ដើម្បី​បំបែក​គណ​បក្ស​ប្រឆាំង​។

បើតាម លោក ម៉ៅ មុនីវណ្ណ ការ​ចោទ​ប្រកាន់​មក​លើ​រូប​លោក​ថា​ជន​បង្កប់​នោះ ​មិន​មែន​ជារឿង​ថ្មី​ទេ។ ​មិន​មែន​ជា​រឿង​ថ្មី​ដោយ​លោក​ថា ឲ្យតែ​ជិត​ដល់​ពេល​បោះឆ្នោត​ម្តងៗ រូប​លោកតែង​តែ​រង​ការ​ប្រកាន់​បែបនេះ​។

មិន​មែន​មាន​តែ​លោក ម៉ៅ មុនីវណ្ណ ម្នាក់​ប៉ុណ្ណោះទេ​ដែល​រង​ការ​ចោទថាជា​ជន​បង្កប់​ក្នុង​គណបក្ស​សង្រ្គោះ​ជាតិ​នោះ។ លោក មុត ចន្ថា ជា​ប្រធាន​ខុទ្ទកាល័យ​លោក កឹម សុខា ក៏រង​ការ​ចោទ​ប្រកាន់​ដូច​គ្នា​នេះ​ដែរ។ នេះ​បើ​តាម​ហ្វេសប៊ុក ដែល​ឈ្មោះ ឆាំ ឆានី ដដែល​នេះ។ប៉ុន្តែ​លោក មុត ចន្ថា មិន​អាច​ទាក់​ទង​បាន​ទេ​នៅថ្ងៃ​អាទិត្យ​នេះ។

សូម​បញ្ជាក់​ការ​ចោទ​ប្រកាន់​មកលើ​លោក ម៉ៅ មុនីវណ្ណ និង​លោក មុត ចន្ថា ថា​ជា​ជន​បង្កប់​នៅ​ក្នុង​គណ​បក្ស​សង្រ្គោះជាតិ​នោះ បាន​ធ្វើ​ឡើង​ភ្លាមៗ​ក្រោយ​ពី​លោក សម រង្ស៊ី បាន​ប្រកាស​ពីទីក្រុងរ៉ូម មកថា រាល់​ការ​ចុះ​ហត្ថលេខា​លើ​លិខិត​ដោយ​លោក កឹម សុខា​ ដែល​កំពុង​ជាប់​ឃុំនោះ គឺ​ស្ថិត​ក្នុង​គំនាប​មួយ​ដែល​លោក​ពិបាក​នឹង​បដិសេធ​។

ជាមួយ​គ្នា​នោះ លោក សម រង្ស៊ី ក៏អះ​អាង​ថា គម្រោង​រំលាយ​គណ​បក្ស​សង្រ្គោះជាតិ ក៏​ត្រូវបាន​គេ​បោះ​បង់​ចោល​ហើយ​ដែរ៕ ប្រភព៖ RFI