​ការតាមប្រមាញ់​ចាប់ខ្លួន​អតីត​នាយករដ្ឋមន្ត្រី​ថៃ យី​ង​ឡាក់ ស៊ីណាវ៉ាត្រា បាន​ទទួលរង​ការវាយប្រហារ​យ៉ាងខ្លាំង ខណៈ​ប៉ូលីស​អន្តរជាតិ​មិនទាន់​ឆ្លើយតប​ទៅនឹង​សំណើរ​របស់​ប៉ូលីស​ថៃ ទាក់ទង​នឹង​កន្លែង​ស្នាក់នៅ​របស់​អ្នកស្រី ។ ទន្ទឹមនឹង​នេះដែរ លិខិតឆ្លងដែន​ថៃ​របស់​អ្នកស្រី យី​ង​ឡាក់ ក៏ត្រូវ​បាន​ក្រសួងការបរទេស​បាន​ដកហូត ។​

Loading...

​ក្រសួង​នេះ​បានបញ្ជាក់​កាលពី​ម្សិលមិញ​ថា អ្នកស្រី យី​ង​ឡាក់ គ្រាន់​តែមាន​លិខិតឆ្លងដែន​ថៃ ៤ ប៉ុណ្ណោះ ។ ក្រសួង​ក៏បាន​ណែនាំ​ដល់​ស្ថានទូត​របស់ខ្លួន​នៅ​ទូទាំង​ពិភពលោក​ថា លិខិតឆ្លងដែន​របស់​អ្នកស្រី យី​ង​ឡាក់ ត្រូវបាន​ដកហូត​ហើយ ។ អគ្គ​មេបញ្ជាការរង​នគរបាលជាតិ លោក Srivara Ransibrahmanakul និយាយថា ប៉ូលីស​កំពុង​តាម​ស្វែងរក​អ្នកស្រី យី​ង​ឡាក់ ដែល​ត្រូវបាន​កាត់ទោស​ជាប់ពន្ធនាគារ​ចំនួន ៥ ឆ្នាំ ក្នុងករណី​ត្រូវបាន​ចោទប្រកាន់​ជាប់​ពាក់ព័ន្ធ​គម្រោង​សន្យា​ទិញស្រូវ​របស់​រដ្ឋាភិបាល​របស់​អ្នកស្រី ប៉ុន្តែ ប៉ូលីស​ពុំទាន់​ទទួលបាន​ការបញ្ជាក់​ពី​ប៉ូលីស​អន្តរជាតិ​នៅឡើយ​ទេ បន្ទាប់ពី​ការស្វែងរក​កិច្ចសហប្រតិបត្តិការ ។​

​ប៉ូលីស​ថៃ កាលពី​ដើមខែ​នេះ​បាន​ស្នើសុំ​ប៉ូលីស​អន្តរជាតិ​ចេញ​សេចក្តីជូនដំណឹង «​ភ្លើង​ខៀវ​» សម្រាប់​ការកំណត់​ទីកន្លែង​ស្នាក់នៅ​របស់​អ្នកស្រី យី​ង​ឡាក់ មុនពេល​អនុវត្ត​ភ្លើង​ក្រហម ដែល​នឹង​តម្រូវ​ឲ្យ​ប៉ូលីស​នៅក្នុង​ប្រទេស​ដទៃៗ​ចាប់ខ្លួន​អ្នកស្រី ។ ភ្លើង​ខៀវ​ពី​ប៉ូលីស​អន្តរជាតិ គឺជា​សំណើ​មួយ​សម្រាប់​ជួយ​ដល់​ការប្រមូល​ព័ត៌មាន​ទាក់ទង​នឹង​កន្លែង​លាក់ខ្លួន​របស់​ជនជាប់ចោទ ឬ ទាក់ទង​សកម្មភាព​ឧក្រិដ្ឋកម្ម​, រីឯ​ភ្លើង​ក្រហម​ដើរតួនាទី​ជា​ដីកាចាប់ខ្លួន​ជា​លក្ខណៈ​អន្តរជាតិ ។ ប៉ូលីស​អន្តរជាតិ​បន្ទាប់មក បាន​ទាក់ទង​ទៅ​ប៉ូលីស​ថៃ ដោយ​ស្នើសុំ​ព័ត៌មាន​បន្ថែម ទាក់ទង​ទៅនឹង​សំណើ​ជូនដំណឹង​ភ្លើង​ខៀវ​នេះ ប៉ុន្តែ ពុំមាន​ការប្រាស្រ័យ​ទាក់ទង​ណាមួយ​ធ្វើឡើង​នោះទេ ចាប់តាំងពី​ពេលនោះ​មក ។​

​លោក Srivara បាន​បន្ថែមថា ប៉ូលីស​មិនមាន​ព័ត៌មាន​ណាមួយ​ទាក់ទង​នឹង​ការប៉ុនប៉ង​ដែល​បាន​រាយការណ៍​របស់​អ្នកស្រី យី​ង​ឡាក់ ដើម្បី​ស្វែងរក​សិទ្ធិ​ជ្រកកោន​នយោបាយ នៅ​ចក្រភព​អង់គ្លេស នៅឡើយ​ទេ ។ ទោះយ៉ាងណា​ក៏ដោយ អនុប្រធាន​ប៉ូលីស​រូបនេះ​បាន​និយាយថា ក្រសួងការបរទេស​បាន​ដកហូត​លិខិតឆ្លងដែន​ចំនួន ៤ របស់​អតីត​នាយករដ្ឋមន្ត្រី​ថៃ​រូបនេះ​ហើយ ។ ២ ជា​លិខិតឆ្លងដែន​ហ្ស៊ី​ន និង​២​ទៀត​ជា​ផ្នែក​ការទូត ៕​

————

អានបន្ត៖ បែកធ្លាយពីវិធីរត់គេចខ្លួនរបស់អ្នកស្រី យីងឡាក់ ពីបណ្តាញសន្តិសុខថៃ

​ប្រភព​មួយ​បាន​ទម្លាយ​លម្អិត​ប្រាប់ Bangkok Post ពី​វិធី​លំអិត​ដែល​ប៉ូលិស​សង្ស័យ ៣​នាក់ បាន​ជួយ​អតីត​នាយករដ្ឋមន្ត្រីយី​ង​ឡាក់ ស៊ីណាវ៉ាត្រា ចាក​ចេញពី​ប្រទេស​ថៃ មុន​ថ្ងៃ​បើកសវនាការ​កាត់ទោស​កាលពី​ខែសីហា ។​

​វរៈសេនីយ៍ឯក Chairit Anurit អតីត​អនុ​បញ្ជាការ​អង្គភាព​លេខ​៥ នៃ​ប៉ូលិស​រដ្ឋធានី​បាងកក ដែលជា​មនុស្ស​ម្នាក់​ក្នុងចំណោម​ជនសង្ស័យ ៣​នាក់ បាន​សារភាពថា នៅ​ថ្ងៃទី ២៣ ខែសីហា លោក​បាន​បើករថយន្ត​ល្បាត​របស់​ប៉ូលិស​ទៅកាន់​ចំណតរថយន្ត​មួយ​លើ​វិថី Wat charaphon នៅ​បាងកក ដើម្បី​រង់ចាំ​ទទួល​អ្នកស្រី​យី​ង​ឡាក់ វេលា​ម៉ោង ១៨ និង​២០​នាទី ។ ៥​នាទី​ក្រោយ​រថយន្ត Marcedes Benz ពណ៌​ខ្មៅ​បានមក​ចត​ក្បែរ​រថយន្ត​របស់លោក ។​

​រថយន្ត Toyota ដែល​សង្ស័យថា ត្រូវបាន​អ្នកស្រី​យី​ង​ឡាក់​ប្រើប្រាស់​សម្រាប់​រត់គេចខ្លួន​

​អតីត​នាយប៉ូលិស​រូបនេះ និយាយថា លោក​ពុំបាន​សម្លឹង​ឃើញច្បាស់​ថា​អ្នកស្រី​យី​ង​ឡាក់​មាននៅ​ក្នុង​រថយន្ត​ដែរ​ឬ​អត់​ទេ ហើយក៏​ពុំ​អាច​ចាំ​លេខ​រថយន្ត​ដែរ ។​

​បន្ទាប់មក​រថយន្ត Mercedes-Benz បើក​មុន នាំ​ផ្លូវលោក Chairit ទៅ​តំបន់​ផ្ទះមួយ​នៅ Chaiyaphruek ផ្លូវ Watcharaphon ។ នៅ​ទីនោះ​រថយន្ត​បាន​បើក​ចូល​ផ្ទះ​លេខ ២៣ ហើយ​លោក Chairit អង្គុយចាំ​ក្នុង​ឡាន​ល្បាត​ខាងក្រៅ​របង ។​

២​នាទី​ក្រោយ រថយន្ត​តូ​យូ​តា កាមរី ពណ៌​ក្រ​ម៉ៅ មាន​លេខ​សម្គាល់​ក្រុង​បាងកក បើក​ចេញពីផ្ទះ ហើយ​បញ្ចេញ​សញ្ញា​ឲ្យ​លោក Chairit បើក​តាម ។ លោក Chairit សារភាពថា ពេលនោះ​លោក​ដឹងថា អ្នកស្រី​យី​ង​ឡាក់​មានមុខ​ក្នុង​រថយន្ត Toyota ។​

​ក្រោយមក​លោក​បាន​ប្តូរ​ទៅ​រថយន្ត Toyota ក្រោយពេល​រថយន្ត​ទាំង​២ បាន​ឈប់​នៅផ្ទះ​លោក​មាន​លេខ ៣៨ ក្នុង​តំបន់​ផ្ទះ​នោះដែរ ។ ពេល​លោក​ចូលក្នុង​រថយន្ត​លោក​ឃើញ​អ្នកស្រី​យី​ង​ឡាក់ និង​លេខា​សុទ្ធតែ​ពាក់​ម៉ាស់​សម្រាប់​វះកាត់​ពណ៌​ខ្មៅ​បិទ​ជិត​ច្រមុះ និង​មាត់ ហើយ​ក្បាល​ពាក់មួក​ក្រណាត់​ពណ៌​ស្រអាប់ ។​

​ពី​តំបន់​ផ្ទះ​នោះ ពួកគេ​បាន​ឆ្ពោះទៅ​ទិស​ខេត្ត Chachoengsao រួច​បន្ត​ទៅកាន់​ខេត្ត Sakaeo នៅ​ព្រំដែន​កម្ពុជា ។ តាម​លោក Chairit នោះ​ពួកគេ​មាន​វត្ត​មាននៅ​ស្រុក Aranyaprathet ខេត្ត​សា​កែវ វេលា​ម៉ោង​ប្រមាណ​២៣​និង​០០​នាទី ថ្ងៃទី​២៣ សីហា រួច​ចល័ត​ទៅកាន់​គោលដៅ​មួយ​លើផ្លូវ Suwannason ចម្ងាយ​ពី​ផ្លូវដែក Aranyaprathet ប្រហែល 1km ។ នៅ​ទីនោះ​មាន​រថយន្ត​ពណ៌​ក្រ​ម៉ៅ​មួយ​រង់ចាំ​ស្រេច ដើម្បី​ទទួល​អ្នកស្រី​យី​ង​ឡាក់ ។​

​បុរស​ម្នាក់​កម្ពស់​ប្រហែល ១,៨​ម៉ែត្រ បាន​ដើរមក​កាន់​រថយន្ត Toyota ក្រោយពេល​រថយន្ត​នេះ​សុំ​ចត​ក្រោយ​រថយន្ត​ដឹកជញ្ជូន ។ ជន​នោះបាន​ទទួលយក​អ្នកស្រី​យី​ង​ឡាក់​និង​លេខា​រួច​ពួកគេ​ឡើងលើ​រថយន្ត​ដឹកជញ្ជូន​ចាក​ចេញទៅ ។ លោក Chairit ពុំបាន​ដឹងថា បុរស​នោះ​ជនជាតិ​ថៃ ឬ​បរទេស​ទេ ។​

​លោក Chirit ឲ្យ​ដឹង​បន្ថែមថា លោក​បាន​បើករថយន្ត Toyota ទៅមុខ​ប្រមាណ ៥០០​ម៉ែត្រ ទើប​ឈប់​រួច​ដេក​ដល់​ម៉ោង ២​ព្រឹក ក៏​បន្តដំណើរ​មក​ក្រុង​បាងកក ។​

​គាត់​បានមក​ដល់ផ្ទះ​វេលា​ម៉ោង ៦​ព្រឹក ថ្ងៃទី ២៤ សីហា ហើយ​ទុក​រថយន្ត​នៅ​ទីនោះ​រហូតដល់​ថ្ងៃទី ២៨ ខែសីហា ទើប​ប្តូរ​ស្លាក​លេខ​រថយន្ត​ថ្មី Chor Khor 5323 Bangkok ។ បន្ទាប់មក​ក៏​យក​រថយន្ត​នេះ​ទៅ​ឲ្យ​ប៉ូលិស​ឈ្មោះ​Pornpipat Makboonngam ដែលជា​ជនសង្ស័យ​ម្នាក់ទៀត​ក្នុង​រឿងនេះ នា​ខេត្ត Nakhon Pathom ។​

អ្នកស្រី​យី​ង​ឡាក់ និង​ស្វាមី​ព្រមទាំង​កូនប្រុស​

​លោក Pornpipat បាន​ឆ្លើយ​ប្រាប់​ភ្នាក់ងារ​ស៊ើបអង្កេត​ថា លោក​បាន​ទុក​រថយន្ត​នៅ​ភោជនីយដ្ឋាន​របស់ខ្លួន ស្ថិត​នៅជាប់​មហាវិទ្យាល័យ Silpakorn នា​ថ្ងៃ ៣០​សីហា ។ លោក​បាន​ទាក់ទង​ទៅ​ប៉ូលិស Samitr Chaiyauenkham ជា​ភ្នាក់ងារ​ស៊ើបអង្កេត​ម្នា​ក់នៅ Nakhon Pathom ដើម្បី​បំបែក​គ្រឿង​រថយន្ត​ចេញ ។​

​រីឯ​ប៉ូលិស Samitr ឆ្លើយថា ក្រោយពេល​យក​រថយន្ត​ពី Pornpipat លោក​បាន​ទុក​វា​នៅផ្ទះ​របស់​ថ្នាក់ក្រោម​ម្នាក់​របស់លោក​រហូតដល់​ពេល​ថ្នាក់លើ​ម្នាក់​របស់លោក Pornpipat បញ្ជា​ឲ្យ​ប្រគល់​រថយន្ត​ទៅ​ឲ្យ​ភ្នាក់ងារ​ស៊ើបអង្កេត​របស់​ប៉ូលិស​ភូមិន្ទ​ថៃ ។

​លោកស្រី យី​ង​ឡាក់ ស៊ីណាវ៉ាត្រា អាយុ​៥០​ឆ្នាំ គឺជា​នាយករដ្ឋមន្ត្រី​ដំបូង​របស់​ថៃ ហើយ​ត្រូវបាន​ផ្តួលរំលំ​ក្រោយ​រដ្ឋប្រហារ​យោធា​ឆ្នាំ ២០១៤ និង​រង​ការស៊ើបអង្កេត​ក្រោម​បទ​ចោទប្រកាន់ថា ខ្វះ​ការទទួលខុសត្រូវ​ក្នុង​កម្មវិធី​តម្លៃ​អង្ករ ។ តាម​រដ្ឋការ​យោធា​ថៃ គោលនយោបាយ​ខុសឆ្គង​មួយ​នេះ​ បាន​បង្ក​អន្តរាយ​ទឹកប្រាក់ ៨ ប៊ី​លាន​ដុល្លារ ។ ប្រសិន​ត្រូវ​កាត់ទោស​នោះ​អ្នកស្រី​យី​ង​ឡាក់​អាច​ជាប់ពន្ធនាគារ​រយៈ​ពេល​១០​ឆ្នាំ និង​ខានធ្វើ​នយោបាយ​អស់​មួយជីវិត ។​

​ប៉ុន្តែ​អ្នកស្រី យី​ង​ឡាក់ បាន​អវត្តមាន​ក្នុង​សវនាការ​បាន​ប្រព្រឹត្តទៅ​នៅ​ព្រឹក​ថ្ងៃទី ២៥ ខែសីហា ។ ហេតុនេះ​តុលាការ​កំពូល​ថៃ បានសម្រេច​ចេញ​ដីកា​តាម​ចាប់ខ្លួន​អតីត​នាយករដ្ឋមន្ត្រី​រូបនេះ ហើយក៏​ប្រកាស​ពន្យារ​ការផ្សាយ​សាលក្រម​ជា​សាធារណៈ​ករណី​អ្នកស្រី​យី​ង​ឡាក់ ថ្ងៃទី ២៧ ខែកញ្ញា ។​

​មកទល់​ខណៈពេល​បច្ចុប្បន្ន​អាជ្ញាធរ​ថៃ​ពុំទាន់​សន្និដ្ឋានថា បច្ចុប្បន្ន​អ្នកស្រី​យី​ង​ឡាក់​កំពុង​លាក់ខ្លួន​នៅទីណា ។ ប្រភព​ខ្លះ​ថា អ្នកស្រី​យី​ង​ឡា​ក់នៅ ឌូ​បៃ ជាមួយ​បងប្រុស​របស់ខ្លួន ៕​