​ស្ត្រី​ជើង​ខ្លាំង​ម្នាក់​ដែល​បានធ្វើ​ឲ្យ​អ្នកប្រើប្រាស់​បណ្តាញ​សង្គម​មានការ​ភ្ញាក់ផ្អើល និង​សម្តែង​ការហួសចិត្ត​ជាខ្លាំង ទៅនឹង​វីដេអូ​ដែល​បានបង្ហាញ​ឲ្យ​ឃើញ​រូបនាង​ឈ្លោះប្រកែក​ឡើង​តឹង​សរសៃ​.​ក សឹងតែ​ចង់ស៊ី​សាច់​ប៉ូលីស​ម្នាក់ រឿង​ចត​រថយន្ត ឥឡូវនេះ បាន​រង​«​ថ្នាំខ្លាំង​»​របស់​តុលាការ​ហើយ​… ។​

​តាម​របាយការណ៍ NST ចៅ​ក្រុម Nurulhuda Zakariya បានសម្រេច​ផ្តន្ទាទោស​ស្ត្រី​ម្នាក់​ឲ្យ​ស្គាល់ «​រសជាតិ​» ២​សប្តាហ៍​ក្នុង​គុក ក្នុងករណី​បំពាន​លើ​អំណាច​របស់​តុលាការ បន្ទាប់ពី​ស្ត្រី​រូបនេះ​បាន​បង្ករឿង​ជាថ្មី នៅក្នុង​សវនាការ​នៅ​ថ្ងៃទី​៣០ តុលា ម្សិលមិញ​នេះ ។

​ស្ត្រី​រង​ការចោទប្រកាន់​ខាងលើនេះ​មាន​ឈ្មោះថា Liew Yoke Peng អាយុ ៤៣ ឆ្នាំ ជា​បុគ្គលិក​គណនេយ្យ​ម្នាក់ បាន​បង្កបញ្ហា​ឡើង​នៅពេល​ចៅក្រម​បាន​បញ្ជា​នាង​ឲ្យ​រក្សា​ភាព​ស្ងៀមស្ងាត់ ក្នុងអំឡុងពេល​សវនាកា​រ​កាត់ក្តី​ទាក់ទង​រឿងរ៉ាវ​នាង​បានធ្វើ​ឲ្យ​រាំងស្ទះ​តួនាទី និង​ជេរប្រមាថ​ខ្លាំងៗ​ទៅលើ​មន្ត្រី​ម្នាក់ ក្នុង​រឿង​ចត​រថយន្ត​ខុសច្បាប់​នៅ Bandar Puteri Puchong កាលពី​វេលា​ម៉ោងប្រហែល ១ រសៀលថ្ងៃទី​៦ ខែតុលា ។​

​ជាក់ស្តែង នាង Liew បាន​បង្ក​ភាពច្របូកច្របល់​ក្នុង​តុលាការ ដោយបាន​តម្លើង​សម្លេង​ដាក់​ចៅក្រម ហាក់ដូចជា​មានបំណង​វាយតប់ ។ បន្ទាប់មក ប៉ូលីស​ម្នាក់​បាន​ចូលទៅ​កៀក​នាង ដើម្បី​លួងលោម​ឲ្យ​នាង​ស្ងប់​អារម្មណ៍ ប៉ុន្តែ ផ្ទុយទៅវិញ Liew បែរជា​ខាំ​ប៉ូលីស និង​បង្ក​ជា​របួសស្នាម និង​សូម្បី​ហែក​សម្លៀកបំពាក់​ខ្លួនឯង​នាង​ទៀតផង ៕​