​មានរឿង​ជាច្រើន​ដែល​យើង​គ្រប់គ្នា​ធ្វើ​រាល់ថ្ងៃ ដែល​ពិតជា​សកម្មភាព​ខុសច្បាប់ ឬ ខុសសីលធម៌ ។ មាន​ហើយ ភាពខ្វះ​ការយល់ដឹង ឬ មនសិការ ក្នុងការ​ធ្វើ​អ្វីៗ​ឲ្យ​បាន​ត្រឹមត្រូវ​ឡើង គឺ​ដោយសារតែ​ច្បាប់​របស់​យើង​នៅ​ធូរ​លុង ។​

Loading...

​ជាក់ស្តែង នាពេល​ថ្មីៗ​នេះ បុរស​ឥត​គំនិត​២​នាក់នៅក្នុងប្រទេសឥណ្ឌូនេស៊ី បាននាំគ្នា​បើករថយន្ត​ដឹក​សម្រាម មកចាក់​ចោល​ក្រោម​ស្ពាន​ដាច់ស្រយាល​មួយកន្លែង ឡើង​មួយ​គំនរ ដែល​អាចជា​ហេតុ​បង្ក​ឲ្យ​រាំងស្ទះ​ទឹកទន្លេ​ហូរ​នៅ​ថ្ងៃ​ខាងមុខ​ពិតជា​ពុំខាន ។ សកម្មភាព​រប​ស់បុរ​ស​ទាំងពីរ​នេះ បានកើត​ឡើង​នៅ​ថ្ងៃទី​២៥ តុលា​, នេះ​បើតាម Coconuts រាយការណ៍ ។​

​តាមរយៈ​វីដេអូ គេ​បានឃើញ​ស្ត្រី​ម្នាក់​បាន​ចុះ​ពី​រថយន្ត ហើយ​ដើរមក​ប្រឈមមុខ​ជាមួយ​បុរស​ទាំងពីរ ដែល​កំពុង​លើក​សម្រាម​យក​មកពីផ្សារ បោះ​ទម្លាក់​ចូល​ទន្លេ Pandasi ទាំង​កណ្តាល​ថ្ងៃរសៀល ។

​ស្ត្រី​នោះ​ដែល​បើតាម​ប្រភព​ដឹង​មាន​ឈ្មោះថា Denty Eka Pratiwi បាន​ប្រាប់​ពួកគេ​កុំ​ឲ្យ​ធ្វើបែបនេះ និង​ណែនាំ​ឲ្យ​ពួកគេ​ដឹក​សម្រាម​ទាំងនេះ​យកទៅ​បោះ​នៅ​កន្លែង​ដី​ចាក់សម្រាម​ត្រឹមត្រូវ​ជំនួស​វិញ ។​

​ទោះយ៉ាងណា ម្នាក់​ក្នុងចំណោម​ពួកគេ​ទាំងពីរ បែរសើចញញឹម និងនៅតែ​ស្រាយ​ស្បោង​សំរាម​ចាក់ចោល​ទន្លេ ដោយ​ពុំ​ខ្វល់​ពីពាក្យស​ម្តីណែនាំ​របស់​ស្ត្រី​រូបនោះ និង​សូម្បី​គេ​ថត​វីដេអូ​ពី​សកម្មភាព​របស់ខ្លួន​ឡើយ ។​

​ពិតណាស់ ក្រោយពី​វីដេអូ​នេះ​បាន​បើក​ធ្លាយ​ដល់​អា​ជ្ញ​ធរ​ក្នុង​តំបន់ ពួកគេ​ក៏បាន​ចុះទៅ «​សួរសុខទុក្ខ​» បុរស​ទាំងពីរ និង​ទី​ផុត នាំខ្លួន​ពួកគេ​មកកាន់​កន្លែងកើតហេតុ ឲ្យ​នាំគ្នា​ចុះ​លើក​សម្រាប់​ទាំងនោះ​ឡើងលើ​គោក​វិញ​គ្មាន​សល់​តែម្តង ។ នេះ​ជា​មេរៀន​មួយ ចំពោះ​ពួក​មនុស្ស​ខូច ដែល​ពុំ​គិតដល់​បរិស្ថាន​រស់នៅក្នុង​សហគមន៍ ៕