​នៅ​ថ្ងៃទី​១៩ វិច្ឆិកា ម្សិលមិញ​នេះ ប្រធានាធិបតី Mugabe របស់ Zimbebwe បាន​ត្រូវ​ដកហូត​មុខតំណែង​ជា​មេដឹកនាំ​បក្ស​កាន់អំណាច ZANU-PF ហើយ​បង្ខំ​ឲ្យ​លាលែង​ពី​តំណែង​ប្រធានាធិបតី​មុន​ថ្ងៃត្រង់​ថ្ងៃទី​២០ វិច្ឆិកា នេះ ។ វា​ជា​បរិបថ​មួយ​សំដៅ​ផ្ទេរអំណាច​ក្នុង​សន្តិភាព ក្រោម​សម្ពាធ​របស់​កងទ័ព -​នេះ​បើតាម Reuters ។​

​ប្រភពព័ត៌មាន​គួរ​ឲ្យ​ទុកចិត្ត​ពី​ប្រទេស​នេះ បាន​ឲ្យ​ដឹងថា អតីត​អនុ​ប្រធានាធិបតី Emmerson Mnangagwa អ្នក​ដែល​ទើបត្រូវ​លោក Mugabe ទម្លាក់​ពីមុខ​តំណែង​កាលពី​សប្តាហ៍​មុន នឹង​ឡើង​ជំនួស​លោក Mugabe ក្លាយជា​មេដឹកនាំ​គណបក្ស ZANU-PF ។​

​ជំទាវ​ទី​១​របស់​ប្រធានាធិបតី Mugabe ក៏​ត្រូវបាន​បណ្តេញចេញ​ពីមុខ​តំណែង​ក្នុង​បក្ស​ផងដែរ ។​

ZANU-PF ក៏​បានចេញ​ឱសានវាទ​ឲ្យ​លោក Mugabe ត្រូវ​លាលែង​តំណែង​ប្រធានាធិបតី​មុន​ថ្ងៃត្រង់​ថ្ងៃទី​២០ វិច្ឆិកា នេះ -​បញ្ចប់​រយពេល​ដឹកនាំ ៣៧ ឆ្នាំ របស់ខ្លួន ៕​