​ភ្នំពេញ​៖​សម្តេច​តេជោ ហ៊ុន សែន បាន​លើកទឹកចិត្ត ក្រុមហ៊ុន Credit Suisse និង​ប្រតិភូ​ក្រុមហ៊ុន​ជាច្រើន​ទៀត របស់​ប្រទេស​ស្វីស ឲ្យទទួល​បាន​ជោគជ័យ​ក្នុង​ដំណើរ​ទស្សនកិច្ច​សិក្សា​ស្វែងយល់​អំពី​សក្តានុពល​ពាណិជ្ជកម្ម និង​វិនិយោគ​នៅក្នុង​ប្រទេស​កម្ពុជា​

​នៅ​វិមាន​សន្តិភាព ព្រឹក​ថ្ងៃ​ទី​២៣ ខែវិច្ឆិកា ឆ្នាំ​២០១៧​នេះ សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ ជួបពិភាក្សា​ការងារ​ជាមួយ លោក អាន់​ទ្រៀ ហ្គឺ​ប៊ឺ (Adreas Gerber) នាយក​គ្រប់គ្រង នៃ​ក្រុមហ៊ុន Credit Suisse ដែល​បាន​ដឹកនាំ​ប្រតិភូ​ក្រុមហ៊ុន​ជាច្រើន​រូប​ទៀត របស់​ប្រទេស​ស្វីស​។​

​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី បាន​ស្វាគមន៍​លោក Adreas Gerber ក៏​ដូចជា​ប្រធាន​ក្រុមហ៊ុន​ផ្សេង​ទៀត លើ​វិស័យ​ចម្រុះ ខាង​ផ្នែក​ធនាគារ និង​ហិរញ្ញវត្ថុ​, អចលនទ្រព្យ​, ការសាងសង់​ជា​ដើម​។ លោក Adreas Gerber បាន​ជម្រាបជូន​សម្តេច​តេ​ជោថា វត្តមាន​របស់​ប្រតិភូ​វិនិយោគិន​នេះ គឺ​ដើម្បី​ស្វែងរក​ការពិត អំពី​ស្ថានភាព​សេដ្ឋកិច្ច វិនិយោគ នៅក្នុង​ប្រទេស​កម្ពុជា​។ សម្តេច​តេជោ​នាយករដ្ឋមន្ត្រី បាន​ជម្រាប​ជូន​គណៈប្រតិភូ​ទាំងអស់ អំពី​ស្ថានភាព​នយោបាយ សេដ្ឋកិច្ច ការអភិវឌ្ឍ​នៅ​ប្រទេស​កម្ពុជា ហើយ​សម្តេច​ក៏​បាន​ជម្រាប​ជូន​ប្រតិភូ​ថា ស្ថានភាព​នៅ​ក្នុង​ប្រទេស​កម្ពុជា​មាន​២ គឺ​កម្ពុជា​ពិត និង​កម្ពុជា​លើ​ទំព័រសារព័ត៌មាន​។ ជាង​នេះ​ដែរ សម្តេច​បាន​ជម្រាបជូន​អំពី​ការអភិវឌ្ឍ​របស់​ប្រទេស​កម្ពុជា ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ គឺ​មាន​ការរីកចម្រើន​យ៉ាងច្រើន ដូច​ប្រតិភូ​បាន​មើល​ឃើញជាក់ស្តែង​។​

​លោក Adreas Gerber ក៏​ដូចជា​ប្រធាន​ក្រុមហ៊ុន​ផ្សេងៗ​ទៀត បាន​ផ្លាស់ប្តូរ​មតិ​ជាមួយ​សម្តេច​តេជោ ដើម្បី​ស្វែងយល់​បន្ថែម​ពី​ស្ថានភាព​ពិត នៅ​ប្រទេស​កម្ពុជា ហើយក៏​មាន​ការ​ត្រេកអរ​ពីអ្វី ដែល​ពួកគាត់​បាន​មើលឃើញ ពី​ការរីកចម្រើន របស់​ប្រទេស​កម្ពុជា​។ សម្តេច​តេជោ បាន​បញ្ជាក់​ជូន​ទៅ​កាន់​ប្រតិភូ​ថា អ្វី​ដែល​កម្ពុជា​នៅតែ​ផ្តល់​អាទិភាព គឺ​វិស័យ​៤៖ វិស័យ​អភិវឌ្ឍន៍​ធនធានមនុស្ស​, ទឹក​, ផ្លូវ និង​វិស័យ​អគ្គីសនី​។​

​គណៈប្រតិភូ​ក៏​បាន​សួរ សម្តេច​តេជោ ផងដែរ​ថា តើ​បច្ចុប្បន្ន​នេះ កម្ពុជា​មាន​វិស័យ​អ្វីខ្លះ ដែល​សម្តេច​តេជោ​យល់ឃើញថា ក្រុមហ៊ុន​ស្វីស គួរតែ​វិនិយោគ​បាន​នៅ​កម្ពុជា​។ សម្តេច​បាន​មានប្រសាសន៍ថា ក្រុមហ៊ុន​ស្វីស គួរតែ​វិនិយោគ​លើ​វិស័យ​ធនាគារ និង​ហិរញ្ញវត្ថុ ដោយសារ​តែ​ក្រុមហ៊ុន Credit Suisse ជា​ធនាគារ​មួយ​លំដាប់​អន្តរជាតិ​។ ជាងនេះទៀត សម្តេច​តេជោ ក៏​បាន​លើកទឹកចិត្ត ឲ្យមាន​ការវិនិយោគ លើ​វិស័យ​ធនធានមនុស្ស និង​ទេសចរណ៍ ដោយសារ​បច្ចុប្បន្ននេះ កម្ពុជា​មាន​ទេសចរ​ប្រមាណ​៥,៥​លាន​នាក់ ហើយ​តាម​ការប៉ាន់ស្មាន់ នៅ​ឆ្នាំ​២០១៧​នេះ កម្ពុជា​នឹង​ទទួលបាន​ភ្ញៀវទេសចរ ប្រមាណ​៥,៨​លាន​នាក់ ដែល​មកពី​ក្រៅ​ប្រទេស​។ សម្តេច​បាន​លើកឡើង​ដែរ​ថា ពី​ដើមឡើយ ក្រុមហ៊ុន​មួយចំនួន​នៅ​កម្ពុជា បាន​ផ្តោត​ទៅលើ​បរិមាណ ប៉ុន្តែ​ការ​វិវឌ្ឍន៍​ចុងក្រោយ​នេះ គឺ​មិន​ត្រឹមតែ​បរិមាណ​ទេ គឺ​បាន​គិតគូ​រទាំង​បរិមាណ និង​គុណភាព​។ ទន្ទឹមនឹងនេះ​ដែរ សម្តេច​តេជោ បាន​ចាប់អារម្មណ៍ និង​លើកទឹកចិត្ត​ដល់​ក្រុមហ៊ុន​វច​ខ្ចប់​ដែល​ជា​តម្រូវការ​សំខាន់​បំផុត​នៅ​កម្ពុជា​៕