ទីភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់​អាមេរិក​និយាយ​ថា ប្រទេស​រុស្ស៊ី​បាន​ចូល​ជ្រៀត​ជ្រែក​ក្នុង​ការ​បោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​សហរដ្ឋ​​អាមេរិក​កាល​ពី​ឆ្នាំ​ ២០១៦ មួយ​​ផ្នែក​តាមរយៈ​ការ​ឃោសនា​តាម​ប្រព័ន្ធ​អ៊ីនធឺណិត។ ប៉ុន្តែ​របាយការណ៍​ថ្មី​មួយ​បង្ហាញ​ថា សហរដ្ឋ​អាមេរិក​មិន​មែន​ជា​គោលដៅ​វាយប្រហារ​តែ​​មួយ​គត់ ​ប៉ុណ្ណោះ​ទេ។ យោង​ទៅ​តាម​របាយការណ៍ «Freedom on the Net» នេះ ការ​ឃោសនា​ព័ត៌មាន​មិន​ពិត​​ ឬ Fake News កំពុង​តែ​កើន​ឡើង ស្រប​ពេល​ដែល​សេរីភាព​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​កំពុង​ធ្លាក់​ចុះ​នៅ​លើ​ពិភពលោក។ ​​

Loading...

វ៉ាស៊ីនតោន —របាយការណ៍ «Freedom on the Net» ឆ្នាំ​២០១៧​ថា រដ្ឋាភិបាល​កាន់​តែ​ច្រើន​កំពុងចេះ​ប្រើបណ្តាញ​សង្គម​ បង្អាក់​វីដេអូ​ផ្សាយ​ផ្ទាល់ និង​បង្ក្រាប​បណ្តាញ​ឯកជន ដែល​ជា​ញឹកញយ​ប្រើ​សម្រាប់​គេច​វេស​ពី​ការ​រឹតត្បិត​តាម​អ៊ីនធឺណិត។

អ្នកស្រី Sanja Kelly ប្រធាន​ផ្នែក​រៀបរៀង​របាយការណ៍ Freedom on Net បាន​និយាយ​ថា៖​

«ពី​មុន​មក​ រដ្ឋាភិបាល​ពឹងផ្អែក​លើ​ការ​ចាប់​ខ្លួន លើ​ច្បាប់​ពិន័យ និង​លើ​ការ​បង្អាក់​ និង​រឹត​ត្បិត។ តែ​ក្រោយ​មក​ ពួកគេ​គិត​ថា មធ្យោបាយ​ទាំង​នេះ​មិន​គ្រប់គ្រាន់​ទេ។ ឥឡូវ​នេះ​ ពួកគេ​ងាក​ទៅ​ប្រព័ន្ធ​អ៊ីនធឺណិត​ផ្ទាល់​ ដើម្បី​ផ្សព្វផ្សាយ​សារ​របស់​ខ្លួន និង​ ភាគច្រើន​សារ​ទាំង​នោះ​បង្កប់​ក្នុង​ព័ត៌មាន​មិន​ពិត»។

របាយការណ៍​ខាង​លើ​បាន​សិក្សា​លើ​៨៧​ភាគរយ​នៃ​អ្នក​ប្រើប្រាស់​អ៊ីនធឺណិត​សរុប​លើ​ពិភពលោក និង​បាន​រក​ឃើញ​ថា សេរីភាព​អ៊ីនធឺណិត​ធ្លាក់​ចុះ​៧​ឆ្នាំ​ជាប់ៗ​គ្នា ហើយចិន​ជា​អ្នក​បំពាន​អាក្រក់​ជាង​គេ។ តួកគី ហ្វីលីពីន និង​វ៉េណេស៊ុយអេឡា​ ស្ថិត​ក្នុង​ចំណោម​ប្រទេស​ចំនួន ៣០ ដែល​រដ្ឋាភិបាល​ប្រើ​ក្រុម​ភ្នាក់ងារ​តាម​អ៊ីនធឺណិត​ ដើម្បី​ផ្សព្វផ្សាយ​មតិ​គាំទ្រ​រដ្ឋាភិបាល។ ហើយ​ក៏​មាន​ការ​បង្ក្រាប​តាម​ប្រព័ន្ធអ៊ីនធឺណិត​លើ​តំបន់​ជនជាតិ​ភាគ​តិច ដូចជា តំបន់​ទីបេ​នៅ​ចិន និង​តំបន់​ Oromo នៅ​អេត្យូពី។ អ្នក​ជំនាញ​ថា យុទ្ធសាស្ត្រទាំង​នេះ​ប៉ះពាល់​ដល់​លទ្ធិ​ប្រជាធិបតេយ្យ។

អ្នកស្រី Sally Wentworth អនុ​ប្រធាន​ផ្នែក​គោលនយោបាយ​អន្តរជាតិ​នៃ​អង្គការ Internet Society បាន​និយាយ​ថា៖

​«ពិត​ណាស់ រដ្ឋាភិបាល​ទាំង​នេះ​បាន​សម្រេច​បំណង​បំបិទ​ការ​និយាយ​ពី​នយោបាយ ឬ​អ្វី​ដែល​បង្ក​ឲ្យ​ពួកគេ​ព្រួយ​បារម្ភ។ ប៉ុន្តែ​ អ្វី​ដែល​ពួកគេ​បាន​ធ្វើ​មួយ​ទៀត​នោះ គឺ​បង្ក​អស្ថិរភាព​ទៅ​លើ​សេដ្ឋកិច្ច​ប្រទេស។ ពួកគេ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សមត្ថភាព​សហគ្រិន​ដើម្បី​ទាក់ទាញ​ការ​វិនិយោគ ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ភាព​អាច​ពឹងផ្អែក​បាន​នៃ​សេវាកម្ម​ផ្សេងៗ និង​ភាព​ពឹង​អាស្រ័យ​បាន​នៃ​បច្ចេកវិទ្យា​ ដែល​ប្រទេស​ពួកគេ​ព្យាយាម​នាំចេញ»។

​អង្គការ​ Freedom House ថា អាមេរិក​ក៏​ប្រឈម​នឹង​ការ​ធ្លាក់ចុះ​សេរីភាព​តាម​អ៊ីនធឺណិត​ផង​ដែរ ដោយសារ​ការ​សាយភាយព័ត៌មាន​ក្លែងក្លាយ​ពេល​ឃោសនា​បោះឆ្នោត​ឆ្នាំ ២០១៦ និង​ការ​បៀតបៀន​តាម​អ៊ីនធឺណិត​លើ​អ្នកសារព័ត៌មាន​ ដែល​តតាំង​នឹង​លោក​ ដូណាល់ ត្រាំ បេក្ខភាព​ប្រធានាធិបតី​គ្រា​នោះ។

តាម​របាយការណ៍​នេះ អ្នក​ប្រើប្រាស់​តិច​ជាង​មួយ​ភាគ​បួន​ប៉ុណ្ណោះ​លើ​ពិភពលោក​ស្ថិត​នៅ​ប្រទេស ដែល​មិន​មាន​ការ​រឹតត្បិត​ខ្លាំង ​ការ​បំពាន​សិទ្ធិ​អ្នក​ប្រើប្រាស់ ឬមិន​រងហិង្សា​តបត​នឹង​ការ​ហា​ស្តី​តាម​អ៊ីនធឺណិត៕ ប្រភព៖ VOA