​​អ្នកជំនួយ​អាយុ ៧០ ឆ្នាំ ជនជាតិ​អូស្ត្រាលី​ម្នាក់​ឈ្មោះ Roger Hussey ដែល​ចង់​រីករាយ​កំសាន្ត​ជាមួយ​សកម្មភាព​ស្រៀវ​ស្ងើ​ប​នៅលើ​លំហរ​អាកាស​ជា​លើកដំបូង នៅក្នុង​មួយ​ឆាកជីវិត​របស់ខ្លួន ប៉ុន្តែ ជា​លើក​អកុសល គាត់​ក៏ត្រូវ​មជ្ជ​រាជ​ឆក់យក​នៅពេលនោះ​មួយ​រំពេច​គួរ​ឲ្យ​អាសូរ ។​

​ក្នុង​ដំណើរ​ផ្សងគ្រោះថ្នាក់​នៅលើ​អាកាស ដោយ​ជិះ​ឆ័​ត្រ​យោង​សម្រាប់​ជីវិតចុងក្រោយ​របស់គាត់ៗ គាត់​បាន​ធ្លាក់​ចុះចូល​ទឹកសមុទ្រ​រហូត​បាត់បង់​ជីវិត ពី​រយៈកម្ពស់​ប្រហែល​ជាង ៣០ ម៉ែត្រ បន្ទាប់ពី​ហោះ​ឡើងលើ​អាកាស​ប៉ុន្មាន​វិនាទី​ប៉ុណ្ណោះ ស្ថិតនៅលើ​ឆ្នេរសមុទ្រ​ដែលជា​ទីកន្លែង​សម្រាប់​កីឡា​កំសាន្ត​លើ​ផ្ទៃសមុទ្រ​ដ៏​ទាក់ទាញ​មួយកន្លែង​ក្នុង​ខេត្ត Phuket ប្រទេស​ថៃ ខណៈ​មនុស្ស​រាប់សិប​នាក់​សម្លឹងមើល​ដោយ​ក្តី​រន្ធត់​បំផុត ។

​លោក Hussey ភ្លាមៗ​នោះ ត្រូវបាន​ក្រុមការងារ​ដឹកនាំ​ការ​ល្បែង​កំសាន្ត និង​មនុស្សម្នា​ដទៃទៀត ប្រញាប់ប្រញាល់​ចុះទៅ​ជួយសង្គ្រោះ​នៅក្នុង​ទឹកសមុទ្រ និង​បញ្ជូន​គាត់​ទៅ​សង្គ្រោះបន្ទាន់​នៅ​មន្ទីរពេទ្យ Patong Hospital ប៉ុន្តែ គាត់ ត្រូវបាន​ប្រកាស​ស្លាប់​បន្ទាប់ពី​បាន​មកដល់​មន្ទីរពេទ្យ​នៅ​ម៉ោង​ប្រហែល ២ រសៀល ។ មន្ត្រី​និយាយថា លោក Hussey មាន​ស្លាកស្នាម​ក្រហម​នៅលើ​ខ្លួន​របស់គាត់ ដែល​គេ​ជឿ​វា​ជា​លទ្ធផល​នៃ​ការប៉ះទង្គិច​នឹង​ផ្ទៃ​ទឹក ។​

​បុគ្គលិក​២​នាក់​ដែល​ត្រូវបាន​ចោទប្រកាន់​ធ្វេសប្រហែស​នាំ​ឲ្យ​កើតមាន​ការស្លាប់​នេះ ត្រូវបាន​បញ្ជាក់​មានឈ្មោះ​ថា Rungroj Rakscheep អាយុ ៣៨ ឆ្នាំ និង Montien Chandeng អាយុ ៤៥ ឆ្នាំ ជា​អ្នក​បើកទូក ។​

​ទោះយ៉ាងណា បុគ្គលិក​បាន​អះអាងថា បុរស​អ្នកជំនួញ​រូបនេះ មានការ​ភ័យខ្លាច​ខ្លាំង​មែនទែន មុនពេល​ហោះ​ឡើងលើ​អាកាស​ប៉ុន្មាន​វិនាទី ។ ពួកគេ​បាន​ប្រាប់​ប៉ូលីស​ដោយ​ចោទប្រកាន់ថា បុរសរងគ្រោះ​នេះ​បាន​ទាញ​ទំ​ពក់​ស្រាយ​ខ្សែក្រវ៉ាត់​របស់គាត់ ដែលជា​ហេតុ​ធ្វើ​ឲ្យ​គាត់​ធ្លាក់ចុះ​សមុទ្រ​បែបនេះ ៕​