ព្រំដែន​កម្ពុជា -​ថៃ ៖ ដំរី​ធំ​១​ក្បាល​របស់​ថៃ បាន​ឆ្លង​ព្រំដែន​មក​នៅ​ភ្នំ​យាយ​សំ នៃ​ជម្រក​សត្វព្រៃ​រនាមដូនសំ​ស្រុក ម៉ាឡៃ ខេត្ត​បន្ទាយមានជ័យ តាំង​ពី​ល្ងាច​ម៉ោង​៥​ជង​កាលពី​ថ្ងៃ​ទី​១០​មករា​ឆ្នាំ​២០១៨ ។ ភាគី​ថៃ​និង​កម្ពុជា​បាន​តាម​រក​ឃើញ​កាលពី​ថ្ងៃ​ត្រង់​ថ្ងៃ​ទី​១១​ មករា ហើយ​ត្រឹម​ព្រឹក​ថ្ងៃ​ទី​១២​មករា​នេះ ក្រុមការងារ​ថៃ កម្ពុជា​កំពុង​រក​វិធី​នាំ​យក​វា​ទៅវិញ ។​

ប្រភព​ព័ត៌មាន​ពី​ស្រុក​ម៉ាឡៃ​អោយ ដឹងថា​៖ ដំរី​ដ៏​ធំ​១​ក្បាល​នោះ​បាន​វង្វេងផ្លូវ​ឬ​ដោយ​ហ​តុ​ផល​ណា​ផ្សេងទៀត ហើយ​ចេញពី​ឧទ្យាន​ជាតិ​ថៃ​ក្នុង​ខេត្ត​ច័ន្ទបូរី​និង​ខេត្ត​ស្រះកែវ​មក​ប្រទេស​កម្ពុជា​។​

លោក​វរសេនីយ៍ វ័រ ហ៊ាន នាយ​ការិយាល័យ​ព័ត៌មាន​សន្តិសុខ​នៃ​កងរាជអាវុធហត្ថ​ខេត្ត​បន្ទាយមានជ័យ​អោយដឹងថា​: ដំរី​នោះបាន​ដើរកាត់​ចម្កាេ​និង​ព្រៃរបោះ ចូលមក​ក្នុង​ទឹកដី​កម្ពុជា​នា​ភូមិសាស្ត្រ​ភូមិ​គីឡូ ៩ ស្រុក​សំពៅ​លូន​ខេត្តបាត់ដំបង ហើយ​ចុងក្រោយ​ទៅ​សម្ងំ​នៅ​ក្នុង​ព្រៃ​សេសសល់​នា​ភ្នំ​យាយ​សំរ​បស់​ដែនជម្រកសត្វព្រៃ​រនាម​ដូន​សំ​ឃុំ​ទួល​ពង្រ​ស្រុក​ម៉ាឡៃ​ខេត្ត​បន្ទាយមានជ័យ ។​

នៅវេលា​ម៉ោង ១១​ថ្ងៃត្រង់​ថ្ងៃ​ទី ១១​ខែ​មករា​ឆ្នាំ​២០១៨ ទា​ហ៊ាន​ឈុត​ខ្មៅ​ចំនួន ៤​នាក់ រថយន្ត​ចំនួន ៣​គ្រឿង​ដឹកនាំ​ដោយ​លោក កុស៊ុន ធុន​ទ្រុង មេបញ្ជាការ​កងអនុសេនាតូច សហប្រតិបត្តិកា​ជាមួយ​ក្រុមការងារ​ទំនាក់ទំនង​កម្ពុជា​ដឹកនាំ​ដោយ​លោក វ​.​ទោ ឡុង ថា​ន អនុប្រធាន​ក្រុមការងារ​ទំនាក់ទំនង និង​មាន​មន្ត្រី​បរិស្ថានុ​រក្ស កម្លាំង​នគរបាល កម្លាំង​អ​.​ហ ស្រុក​ម៉ាឡៃ​ចំនួន ៣​នាក់ ដឹកនាំ​ដោយ​លោក ព្រ​.​ឯ គង់ ថា​រ៉ែ​ន បាន​តាម​រុករក​ដំរី​នោះ ។​

លោក​វ័រ ហ៊ាន អោយដឹង​បន្ត​ថា ៖ បច្ចុប្បន្ន​ក្រុម​ការងារ​និង​មាន​វិធានការ​បន្ត ហើយ​បាន​អប់រំ ណែនាំ​ប្រជាពលរដ្ឋ​នៅក្បែរៗ​នោះ​អោយមាន​ការប្រុងប្រយ័ត្ន និង​បង្ការ​ទប់ស្កាត់​ការ​បរបាញ់ ។ ហើយ​ភាគី​ទាំង​២​នៅ​ពុំ​ទាន់​សម្រេច​ថា ត្រូវ​គៀង​ឬ​ប្រើ​មធ្យោបាយ​បែបណា​ដើម្បី​នាំ​ដំរី​នេះ​ពី​កម្ពុជា​ទៅកាន់​ប្រទេស​ថៃ​វិញ នោះទេ​៕