​អ្នកបើកបរ​តាក់ស៊ី​ម្នាក់ ត្រូវបាន​នាំខ្លួន​ទៅកាន់​ប៉ុស្តិ៍ប៉ូលីស ដើម្បី​សួរនាំ បន្ទាប់ពី​គាត់​ថត​វីដេអូ​នៃ​ហេតុការណ៍​ធ្វើអត្តឃាត​​មួយ ដោយ​ជំនួស​ឲ្យ​ការជួយ​ដល់​ក្មេងស្រី​ជំទង់​ដែល​កំពុង​វិបត្តិ ។​

​យោងតាម​ប៉ូលីស​ក្នុងប្រទេស​ថៃ ក្មេងស្រី​ជំទង់​ម្នាក់​បាន​បង្គាប់​ឲ្យ​អ្នកបើក​តាក់ស៊ី ដឹកយក​នាង​ទៅកាន់​ស្ពាន​មួយ​, ទីកន្លែង​ដែល​នាង​ចង់​ថត​វីដេអូ ។​

​អ្នកបើកបរ​ឈ្មោះ Pataradanai Noomsrinart បាន​ដឹក​ក្មេងរងគ្រោះ​ឈ្មោះ Nittaya Sawasdiwan អាយុ ១៨ ឆ្នាំ ទៅកាន់​ទន្លេ Chao Phraya ក្នុង​ទីក្រុង​បាងកក ។​

Sawasdiwan បាន​សួរ​អ្នកបើកបរ​ថា តើ​គាត់​អាច​ថត​នាង​នៅលើ​ស្ពាន​បានដែរ ឬទេ ។ បន្ថែម​ពី​ថ្លៃ​ឈ្នូ​ល​ជិះ ក្មេងស្រី​ជំទង់​រូបនេះ បាន​បង់លុយ​ប្រហែល ១៥ ដុល្លារ សម្រាប់​ពេលវេលា​គាត់​ថត​វីដេអូ Live នៅលើ​ហ្វេ​ស​ប៊ុ​ក ។​

Sawasdiwan បានប្រគល់​ទូរស័ព្ទ​របស់​នាង​ទៅ​អ្នកបើកបរ ហើយ​គាត់​ក៏​ចាប់ផ្តើម​ថត​នាង ។​

​បទ​ចម្រៀង​ត្រូវបាន​ចាក់​បណ្តើរ ខណៈ​អ្នកបើកបរ​ក៏​កំពុង​ថត Sawadiwan ដោះ​ស្បែកជើង និង​ស្រោមជើង​របស់​នាង​, ផឹកស្រា និង​ឡើង​ទៅលើ​កំពូល​នៃ​របាំង​ស្ពាន ។​

​អ្នកបើកបរ​រូបនេះ​ពុំបាន​បញ្ឈប់​សកម្មភាព​នាង​នៅ​ចំណុច​ណាមួយ​នោះទេ ហើយ​គាត់​បន្ត​ថត​រហូត​នាង​លោត​ចូលក្នុង​ទឹកទន្លេ​តែម្តង ។​

​ភ្លាមៗ​នោះ Noomsrinart ក៏បាន​ខ​ល​ហៅ​ប៉ូលីស​មកកាន់​កន្លែងកើតហេតុ ។ សាកសព​របស់​នាង​ត្រូវបាន​រកឃើញ ២ ថ្ងៃ ក្រោយ ដោយ​ក្រុម​មុជទឹក​របស់​កងកម្លាំង​ម៉ា​រី​ន និង​ប៉ូលីស ។​

Noomsrinart បាន​អះអាងថា ក្មេងស្រី​ជំទង់​រងគ្រោះ​នោះ បានស្នើ​គាត់​ឲ្យ​ថត​បរិយាកាស​នៅលើ​ស្ពាន និង​ថា គាត់​មិនដឹង​នឹងត្រូវ​និយាយ​ម៉េច​ទេ ហើយក៏​មិនដឹង​នាង​មាន​គម្រោង​លោតទឹក​សម្លាប់ខ្លួន​បែបនេះ​ដែរ ។​

​ថ្វី​ការអះអាង​របស់គាត់​យ៉ាងណាក៏ដោយ ប៉ូលីស​និយាយថា Noomsrinart អាច​ប្រឈមមុខ​បទចោទប្រកាន់​បរាជ័យ​ជួយ​មនុស្ស​ដែលមាន​គ្រោះថ្នាក់ ៕​