​ដោយសារតែ​អត្រា​បទល្មើស​ប្រឆាំង​ស្ត្រី​មានការ​កើនឡើង ហេតុនេះ ពិភពលោក​កាន់តែ​ក្លាយជា​ទីកន្លែង​ដ៏​គ្រោះថ្នាក់​សម្រាប់​ពួកគេ ។ ដែល​ក្នុងនោះ ស្ត្រី​រាប់លាន​នាក់​បានទទួល​ការរំលោភ និង​ធ្វើបាប​ផ្លូវភេទ នៅ​ជុំវិញ​ពិភពលោក​ជា​រៀងរាល់ថ្ងៃ ។ ករណីនេះ​បានកើត​ឡើង មិនមែន​ដោយសារ​ពួកគេ​ស្លៀកពាក់ «​បញ្ចេញ​» សាច់​ខ្លី​នោះទេ ប៉ុន្តែ ដោយសារ​ជនល្មើស​ជ្រើសរើស​ធ្វើអោយ​ពួកគេ​រងគ្រោះ​តែម្តង ។​

​ស្ត្រី​ជាច្រើន​ត្រូវបាន​រំលោភ ដោយសារ​ពួកគេ​ងាយ​រងគ្រោះ និង​ទន់ខ្សោយ ។ មូលហេតុ​នេះហើយ​ដែល​ស្ត្រី​ត្រូវការ​ការពារ ។ ពិតណាស់ កន្លងមក ក៏​ធ្លាប់មាន​ឧបករណ៍ «​ប្រឆាំង​ផ្លូវភេទ​» មួយចំនួន​ផងដែរ ។ យោងតាម​របាយការណ៍ BBC, ឥណ្ឌា​មាន​ចំនួន​កុមារ​រង​ការរំលោភបំពាន​ផ្លូវភេទ​, ក្នុងនោះ​កុមារ​ក្រោម​អាយុ ១០ ឆ្នាំ ត្រូវបាន​រំលោភ​រៀងរាល់ ១៣ ម៉ោង ។​

​ដោយ​គិត​ឃើញ​អំពី​រឿងនេះ និស្សិត​ជនជាតិ​ឥណ្ឌា​ម្នាក់​ឈ្មោះ Seenu Kumari បាន​អភិវឌ្ឍ​ខោអាវ​ទ្រនាប់​ប្រឆាំង​រំលោភ ដោយ​ប្រើប្រាស់​សម្ភារៈ​ដែលមាន​តម្លៃ​ថោក​បំផុត ។ ខោអាវ​ទ្រនាប់​មាន​លក្ខណៈពិសេស សោ​១, GPS សម្រាប់​ផ្តល់ព័ត៌មាន​ដល់​ប៉ូលីស និង​កាមេរ៉ា​កត់ត្រា​មុខមាត់​ជនល្មើស ។​

Seenu កើត​ក្នុង​គ្រួសារ​ក្រីក្រ​មួយ​ក្នុង Farrukhabad, រដ្ឋ Uttar Pradesh ប្រទេស​ឥណ្ឌា ។ នាង​បាន​ចំណាយ​ពុំ​ដល់ ៥០ ផោន​ដ៍ ផង ក្នុងការ​បង្កើត​ឧបករណ៍​នេះ ដែល​ភ្ជាប់​ជាមួយ​ប៊ូ​តុង​ខ​ល​បន្ទាន់ និង​សោ​លំដាប់​លេខ (​សោ​ទូដែក​) មួយ​ផងដែរ ។​

Seenu និយាយថា​៖ «​ខ្ញុំ​បានដាក់​សោ​ឆ្មាត​វៃ​មួយ ដែល​មិន​បើក​រហូតដល់​អ្នក​ចុច​ចូល​លេខ​សម្ងាត់ ។ ខ្ញុំ​ក៏បាន​ដំឡើង​ឧបករណ៍​អេឡិចត្រូនិក​មួយ ដែល​ត្រូវបាន​បំពាក់​ជាមួយ​ប្រព័ន្ធ GPS និង​កន្លែង​ហៅ​ទូរស័ព្ទ​» ។​

​នៅពេល​ជនណាម្នាក់​ព្យាយាម​រំលោភបំពាន​ស្ត្រី​ម្នាក់ នោះ​ឧបករណ៍​នេះ វា​នឹង​បញ្ជូន​សារ​ទៅកាន់​សាច់ញាតិ​របស់​ស្ត្រី​រងគ្រោះ និង​ព្រមទាំង​ទៅដល់​ប៉ូលីស​ផងដែរ ។ ហើយ​ប៉ូលីស​នឹង​អាច​មកដល់​កន្លែងកើតហេតុ បន្ទាប់ពី​ប្រព័ន្ធ GPS បាន​បញ្ជូន ។​

​ក្នុងនោះ នាង​ក៏បាន​ដំឡើង​កម្មវិធី​ថត​វីដេអូ ដើម្បី​វា​អាច​ចាប់យក និង​រក្សាទុក​ភិនភាគ​ជនល្មើស ។​

​និស្សិត​ស្រី​វ័យក្មេង​រូបនេះ បាន​បន្ថែមថា​៖ «​ស្ត្រី​មិនចាំបាច់​ពាក់​ខោអាវ​ទ្រនាប់​នេះ​ជាប់​ជានិច្ច​នោះទេ ។ ពួកគេ​អាច​ពាក់​វា នៅពេលដែល​ពួកគេ​ធ្វើដំណើរ​តែម្នាក់ឯង ឬ ប្រសិនបើ​ពួកគេ​ស្វែងរក​កន្លែង​មិន​សុវត្ថិភាព​» ។​

​ហេតុនេះ ឧបករណ៍​នេះ​អាចជួយ​សង្គ្រោះ​ស្ត្រី​ពី​មនុស្ស​ប្រុស​អាក្រក់ ដែល​នឹង​ព្យាយាម​ធ្វើបាប ឬ បំផ្លាញ​ភាព​បរិសុទ្ធ​របស់​ពួកគេ ៕