នៅប្រទេសថៃ ឈ្មួញ​​ទុច្ចរិត​​​​​​ធ្វើ​​​លិខិត​​ឆ្លង​ដែន​​ក្លែង​ក្លាយ​​ដ៏​​សំខាន់​​មួយ​​រូប​​​​សញ្ជាតិ​​ប៉ាគីស្ថាន ​ទើប​​ត្រូវ​​បាន​​អាជ្ញាធរ​​ថៃ ​ចាប់​​ខ្លួនបាន​​​​​​នៅ​​ជាយ​​ទីក្រុង​​បាងកក​។​ លិខិត​​ឆ្លង​​ដែន​​ក្លែងក្លាយ​​ ​ជាអាទិ៍​លិខិត​​​ឆ្លង​ដែន​​អឺរ៉ុប​ ​ដែល​មាន​​ខ្លះ​ ​ប្រហែលជាត្រូវ​បាន​​​ពួក​ជីហាត​​​នៃ​​​អង្គការ​រដ្ឋអ៊ីស្លាមប្រើប្រាស់​​​​​ទៀតផង-នេះ​បើយោងតាម​ការ​ជូន​ដំណឹង​របស់​ប៉ូលីស​ថៃ​នៅ​ថ្ងៃ​សុក្រ​​​ម្សិលមិញ។

Loading...

អ្នក​ទទួល​ខុស​ត្រូវ​របស់​ការិយាល័យ​អន្តោប្រវេស្តន៍​ថៃមួយរូប បាន​ថ្លែង​ឲ្យ​ដឹង​នៅ​នា​​ឱកាស​សន្និសីទ​សាព័ត៌មាន​មួយ​នៅ​ទីក្រុង​បាងកកថា “ បញ្ហា​ជួញដូរ​លិខិត​ឆ្លង​ដែន​ក្លែង​ក្លាយ​​នេះ មាន​សកម្មភាព​តាំង​ពី​ជាង​១០​ឆ្នាំ​កន្លង​មក​ហើយ​នៅ​ក្នុង​ប្រទេស​ថៃ”។​

ឈ្មួញ​ទុច្ចរិត​ម្នាក់​ឈ្មោះ Mohammad Iqbal អាយុ ៥២ ឆ្នាំ ទើបត្រូវ​បាន​អាជ្ញាធរ​ថៃ​ចាប់​ខ្លួន​បាន​​នៅ​ជាយ​ទីក្រុង​បាងកក​កាលពី​ថ្ងៃ​ទី​១៤​មករា​មុន​នេះ ជាមួយ​នឹង​លិខិត​ឆ្លងដែន​ក្លែងក្លាយ​សិង្ហបុរី​​និង​ឥណ្ឌា ក៏ព្រមទាំង​ឧបករណ៍​នានា​ដែល​ប្រើប្រាស់​សម្រាប់​ធ្វើ​លិខិត​ឆ្លង​ដែន​ក្លែងក្លាយ ​ដើម្បី​​ចូលទៅ​​​ប្រទេស​បារាំង អ៊ីតាលី​និង​អេស្ប៉ាញ។

កាល​​ពី​ប៉ុន្មាន​ថ្ងៃ​មុន​នេះ រដ្ឋមន្ត្រី​ការពារ​ជាតិ​ថៃ លោក Prawit Wongsuwan បាន​ធ្វើការ​ភ្ជាប់​​ទំនាក់​ទំនង​រវាង​ Mohammad Iqbal ​ជាមួយ​នឹង​ពួក​ឈ្មួញ​ដែល​ធ្វើ​លិខិត​ឆ្លងដែន​ក្លែងក្លាយ​​ អោយដល់​​ពួក​ជីហាត​​អង្គការ​រដ្ឋអ៊ីស្លាម។ រដ្ឋមន្ត្រី​ការពារ​ជាតិ​ថៃ បាន​គូស​បញ្ជាក់​​ទៀត​ថា “យោងតាម​ការអង្កេត​របស់​អាជ្ញាធរ​ថៃ ជនទុច្ចរឹត Iqba បាន​ជួញដូរ​លិខិត​​ឆ្លងដែន​ក្លែងក្លាយនេះ ​ឲ្យដល់​​​ក្រុម​នានា​គ្រប់​ប្រភេទ ពុំមែន​មាន​តែ​​​អង្គការ​រដ្ឋ​អ៊ីស្លាម​​មួយ​គត់​នោះ​ទេ​ ​ហើយក៏​លុះ​​ណាតែ​មាន​ការ​បញ្ជារ​ទិញ​ដែរ។

រដ្ឋធានី​បាងកក​ ​ល្បី​ឈ្មោះ​ខ្លាំងណាស់​ ​ថា​ជា​ជង្រុក​​ធ្វើ​លិខិត​ឆ្លងដែន​ក្លែងក្លាយ​និង​ក៏​ផ្ត​ល់​ជម្រក​ឲ្យដែរ​​​ដល់​ពួក​ជន​ដែល​គេ​តាម​ស្វែង​ចាប់​ខ្លួន។ យោងតាម​ការិយាល័យ​អន្តោប្រវេស្តន៍​​ លិខិត​ឆ្លងដែន​មួយ​សន្លឹក​ ត្រូវ​បាន​គេ​លក់​ក្នុង​តម្លៃ​តែ ​២០០ ឬ ​៣០០​ដុល្លារ​​តែ​ប៉ុណ្ណោះ​នៅ​ក្នុង​ប្រទេស​ថៃ។

ហើយ​នា​រយៈ​ពេល​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ ប៉ូលីស​ថៃ បាន​​បង្កើន​សកម្មភាព​វាយ​ឆ្មក់​១​ជា​​ពីរ ក្នុងការ​​​ប្រឆាំង​នឹងបណ្តាញ​​ឈ្មួញ​ទុច្ចរិត​ដែលកាន់តែ​​រីករាល​ដាល​យ៉ាង​សម្បើម​ណាស់​នៅ​ក្នុង​ប្រទេសថៃ ចាប់តាំង​ពី​ជា​ច្រើន​ទស្សវត្ស៍​មកហើយ។ ​កាលពី​៤​ឆ្នាំ​មុន​ ជន​ជាតិ​​ប៉ាគីស្ថាន​២ រូប​និង​ស្រ្តី​ថៃ​ម្នាក់ ត្រូវ​បាន​ចាប់​ខ្លួន​នៅ​ក្នុង​ប្រទេស​ថៃ ពី​បទ ធ្វើ​លិខិត​ឆ្លង​ដែន​ក្លែងក្លាយ​ លិខិត​ដែលត្រូវ​បាន​​​ប្រើប្រាស់​​ជាអាទិ៍​​ ដោយ​​​ក្រុម​មួយ​ដែល​មាន​ទំនាក់ទំនង​ជាមួយ​ក្រុម​ឧទ្ទាម​​អៃកៃដា​និង​ក៏​ជា​អ្នក​ទទួលខុសត្រូវ​នៅ​ក្នុង​អំពើ​ភេរវកម្ម​នៅ​ទីក្រុង​ Madrid នៅ​​ឆ្នាំ ​២០០៤ ។

គួររំលឹកថា កាលពី​ខែ​មីនា ២០១៤ អ្នក​ធ្វើ​ដំណើរ ២​រូប​ ដែល​មាន​លិខិត​ឆ្លង​ដែន​លួច​គេ​និង​កែប្រែ​​ដួរ​ឈ្មោះ​នៅក្នុង​​ប្រទេស​ថៃ បាន​ឡើង​ជិះ​លើ​ យន្តហោះ​ Malaysia Airlines ​MH370 យន្តហោះ​ដែល​បាន​បាត់​ស្រមោលតែម្តង​ ​នៅពេល​ចេញ​ដំណើរ​៕ ប្រភព៖ RFI