កំណត់​ហេតុ​ដ៏​ចម្រូង​ចម្រាស​មួយ​ដែល​ចោទ​ប្រកាន់​ក្រុម​អ្នក​ស៊ើប​អង្កេត​របស់​ទីភ្នាក់ងារ FBI ថា​បាន​រំលោភ​អំណាច​របស់​ខ្លួន​នៅ​ក្នុង​ការ​ស៊ើប​អង្កេត​លើ​ករណី​ជ្រៀតជ្រែក​របស់​រុស្ស៊ី​នៅ​ក្នុង​ការ​បោះ​ឆ្នោត​ប្រធានាធិបតី​អាមេរិក​កាល​ពី​ឆ្នាំ ២០១៦ គឺ​មាន «ចំណុច​ខ្វះ​ខាត​គួរ​ឲ្យ​ខ្មាសអៀន»។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​អនុ​ប្រធាន​គណៈកម្មាធិការ​កិច្ចការ​តុលាការ​នៃ​រដ្ឋសភា​ដែល​មកពី​គណបក្ស​ប្រជាធិបតេយ្យ​កាល​ពី​ថ្ងៃ​សៅរ៍​ម្សិលមិញ។

កំណត់​ហេតុ​ដែល​ត្រូវ​បាន​ផ្សព្វផ្សាយ​ដោយ​គណៈកម្មាធិការ​ស៊ើបការណ៍​សម្ងាត់​នៃ​រដ្ឋសភា​នេះ គឺ​ជា «ភាព​អាម៉ាស់​មួយ»។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​សមាជិក​រដ្ឋសភា​ខាង​គណបក្ស​ប្រជាធិបតេយ្យ​លោក Jerrold Nadler នៅ​ក្នុង​ការ​ឆ្លើយតប​ទៅ​កាន់​កំណត់ហេតុ​នេះ ដែល​ជា​កំណត់ហេតុ​មួយ​នៅ​វិលវល់​នៅ​ក្នុង​រង្វង់​កិច្ចការ​នយោបាយ​សហរដ្ឋ​អាមេរិក​នៅ​ក្នុង​សប្ដាហ៍​នេះ។ លោក Jerrold Nadler បាន​បន្ថែម​ទៀត​ថា សមាជិក​សភា​ខាង​គណបក្ស​សាធារណរដ្ឋ​គួរតែ​ខ្មាស​ខ្លួន​ឯង។

កំណត់ហេតុ​ចំនួន ៦ ទំព័រ​នេះ​គឺ​ជា​របស់​លោក Jerrold Nadler ផ្ទាល់។ កំណត់ហេតុ​ដែល​សរសេរ​ឡើង​សម្រាប់​សហសេវិក​របស់​លោក​ខាង​គណបក្ស​ប្រជាធិបតេយ្យ និង​ដែល​ទទួល​បាន​ដោយ​បណ្ដាញ​ព័ត៌មាន​ទូរទស្សន៍​នានា​នេះ បាន​រៀបរាប់​ថា ឯកសារ​ដែល​គេ​ស្គាល់​ថា​ជា «កំណត់​ហេតុ Nunes» ដែល​ជា​ឯកសារ​របស់​លោក Davin Nunes សមាជិក​រដ្ឋសភា​ខាង​គណបក្ស​សាធារណរដ្ឋ និង​ជា​ប្រធាន​គណៈកម្មាធិការ​ស៊ើបការណ៍​សម្ងាត់​របស់​រដ្ឋសភា «គឺ​មាន​បំណង​ចង់​បង្វែង​ការ​ពិត និង​មាន​លក្ខណៈ​ខុស​ឆ្គង​យ៉ាង​ធ្ងន់ធ្ងរ​ផ្នែក​ច្បាប់»។

កំណត់​ហេតុ​ដែល​បាន​ផ្សព្វផ្សាយ​ទៅ​កាន់​សាធារណជន​កាល​ពី​ថ្ងៃ​សុក្រ​កន្លង​ទៅ​នេះ បាន​ចោទ​ប្រកាន់​ថា ទីភ្នាក់ងារ FBI បាន​ប្រើ​សិទ្ធិ​របស់​ខ្លួន​ហួស​កម្រិត​នៅ​ក្នុង​ការ​ទទួល​បាន​ដីកា​តាមដាន​មួយ​ដើម្បី​តាមដាន​ជំនួយការ​ពិសេស​ម្នាក់​នៃ​យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត​ប្រធានាធិបតី​របស់​លោក Donald Trump៕ ប្រភព៖ VOA