​ភ្នំពេញ ៖ ជនជាតិ​វៀតណាម ៣​ នាក់​ ដែល​លួច​ឆ្លងដែន​និង​កំពុង​ស្នាក់នៅ​ធ្វើ​ការងារ​ខុសច្បាប់​នៅ​ទីតាំង ហាង​កាហ្វេ​ម៉ូ​ម៉ូ​(​សៃ​ហ្គ​ន​) ផ្លូវ​លេខ​២២៣ កែង​ផ្លូវ​លេខ​៣៣៦ សង្កាត់​ផ្សារ​ដើម​គរ ខណ្ឌទួលគោក​នៅ​ថ្ងៃ​ទី​៧ ខែ​កុម្ភៈ ឆ្នាំ​២០១៨ វេលា​ម៉ោង​១៥​និង​៤០​នាទី​ត្រូវបាន​ចាប់ខ្លួន​។​

​ប្រតិបត្តិការ​នេះ​ធ្វើឡើង​ដោយ​កងកម្លាំង​ការិយាល័យ​ស៊ើបអង្កេត​និង​អនុវត្ត​នីតិវិធី សហការ​ជាមួយ​កម្លាំង​អគ្គនាយកដ្ឋាន​ស៊ើបអង្កេត​និង​អនុវត្ត​នីតិវិធី និង​កម្លាំង​សមត្ថកិច្ច​មូលដ្ឋាន ខណ្ឌ​ទួលគោក សម្របសម្រួល​ផ្លូវច្បាប់​ដោយ​លោក សៀង សុខ ព្រះរាជអាជ្ញា​រង​នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​នឹង​លោក លឹម ស៊ា​ង​ហៃ ក្រឡាបញ្ជី បាន​ចុះ​ត្រួតពិនិត្យ​និង​ចាប់ខ្លួន​។

​លោក​វរសេនីយ៍ទោ ជា ចិ​ត្រា នាយ​ការិយាល័យ​ស៊ើបអង្កេត​និង​អនុវត្ត​នីតិវិធី នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​បានឲ្យដឹងថា​ក្នុងប្រតិបត្តិការ​ខាង​លើ​កម្លាំង​ជំនាញ​បាន​ពិនិត្យ​ឃើញ​ជនជាតិ​វៀតណាម​ចំនួន​៣​នាក់ ស្រី​ម្នាក់ គ្មាន​លិខិត​ឆ្លងដែន ត្រូវបាន​ឃាត់ខ្លួន​បញ្ជូន​ទៅ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ដើម្បី​អនុវត្ត​នីតិវិធី​បន្ត​នៃ​ច្បាប់ ៕​