ភ្នំពេញ​៖ អ្នក​ដឹង​រឿង​ច្បាស់​ទម្លាយ​ឱ្យ​ដឹង​ថា​ ការ​ជួប​សួរ​សុខទុក្ខ​អ្នក​ទោស​ក្នុង​ពន្ធនាគារ​ ស្ទើរ​តែ​ទាំងអស់​​ត្រូវ​តែ​បង់​ប្រាក់​ជូន​មន្ត្រី​ពន្ធនាគារ​ ឬ​ ហៅ​សាមញ្ញ​ថា​ ជា​ប្រាក់​មនោសញ្ចេតនា​ ទើប​ការ​ជួប​សួរ​សុខទុក្ខ​នោះ​ ប្រព្រឹត្ត​ទៅ​ដោយ​រលូន​និង​គ្មាន​ការ​រង្កៀស​ផ្លូវ​ចិត្ត​។

Loading...

មានការចោទប្រកាន់ និងអះអាងថា ការចូលសួរសុខទុក្ខអ្នកជាប់ឃុំ នៅតាមពន្ធនាគារ ឬមណ្ឌលអប់រំកែប្រែ តម្រូវ​ឱ្យ​មានការបង់ឱ្យ​អ្នកយាមជាមុនសិន ទើបអនុញ្ញាតឱ្យ​ចូលសួរសុខទុក្ខបាន។ តែលោកអ្នកនាំពាក្យអគ្គនាយកដ្ឋានពន្ធនាគារក៏បានទទួលស្គាល់ថា បញ្ហាទាំងអស់នេះ កាលពីប៉ុន្មានឆ្នាំមុន គឺពិតជាកើតមានមែន ប៉ុន្ដែបច្ចុប្បន្ននេះមិនមានទៀតនោះទេ។

ពាក់ព័ន្ធនឹងករណីខាងលើនេះ លោក នុត សវនា អគ្គនាយករងពន្ធនាគារ និងជាអ្នកនាំពាក្យអគ្គនាយកដ្ឋានពន្ធនាគារ ប្រាប់ក្រុមអ្នកសារព័ត៌មាន នៅព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០​១៨​ ក្នុងសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៧ និងលើកទិសដៅ ការងារបន្ដ របស់អគ្គនាយកដ្ឋានពន្ធនាគារ នៅទីស្ដីក្រសួងមហាផ្ទៃ​ ថា​ ការចូលសួរសុខទុក្ខអ្នកជាប់ឃុំនៅតាមពន្ធនាគារ និងតាមបណ្ដាមណ្ឌលអប់រំកែប្រែ ពីសំណាក់សាច់ញាតិអ្នកជាប់ឃុំ មិនត្រូវ​ឱ្យ​មានការបង់ប្រាក់​នោះទេ។

លោក នុត សវនា បានថ្លែងយ៉ាងដូច្នេះថា “យើងព្យាយាមក្រើនរំលឹកមន្ត្រី​របស់យើងនៅគ្រប់ពន្ធនាគារ និងមណ្ឌលអប់រំកែប្រែ ការសួរសុខទុក្ខ ជាសិទ្ធិមូលដ្ឋានរបស់ជនជាប់ឃុំ លើកលែងតែមានការហាមឃាត់ពីអាជ្ញាធរតុលាការ ចឹងបើគ្មានការហាមឃាត់ទេ ត្រូវតែអនុញ្ញាតឲ្យគេចូលជួបគ្រួសារគេ ហើយបញ្ហាទាំងអស់នេះ យើងមានទាំងបិទផ្លាកនៅតាមខ្លោងទ្វារទៀតថា គ្មានការយកលុយទេចំពោះការសួរសុខទុក្ខ”។

លោក នុត សវនា ​បានបញ្ជាក់ថា ​ការយកលុយនោះមិនមែនជាគោលការណ៍នោះទេ ប៉ុន្ដែប្រសិនបើអ្នកចូលសួរសុខទុក្ខ បានឲ្យលុយបន្ដិចបន្ទួចដល់អ្នកយាម គឺពិតជាមានមែនទេ តែនេះជាការផ្ដល់សារគុណ និងជាបង្ហាញពីទឹកចិត្តចំពោះអ្នកចូលជួបអ្នកឃុំប៉ុណ្ណោះ ហើយថវិកាទាំងនោះ គឺ​មន្ត្រី​យកទៅប្រើប្រាស់ដើម្បីថែមទាំង និងសំអាតពន្ធនាគារ។

សូមជម្រាបថា គិតត្រឹមឆ្នាំ២០១៧ នៅកម្ពុជាមានអ្នកជាប់ឃុំឃាំងក្នុងពន្ធនាគារ​ ជិត៣ម៉ឺននាក់ ជនបរទេសជាង១ពាន់នាក់ ដោយក្នុងនោះរួមមាន ​ជនត្រូវចោទ ចំនួន៦៧៦៣នាក់ (ស្រី ៦៥៦នាក់) ជនជាប់ចោទចំនួន​៣៤៤១នាក់ (ស្រី ៣៣២នាក់) ពិរុទ្ធជន ចំនួន១១០៣៨នាក់ (ស្រី ៩៩០នាក់) ទណ្ឌិត ចំនួន៧១៧២នាក់ (ស្រី ៤៦៥នាក់) ក្នុងនោះជនបរទេស ចំនួន១១៤៨នាក់ (ស្រី ២៧១នាក់) អនីតិជន ចំនួន១៥៥៥នាក់ (ស្រី៩៨នាក់) ស្ដ្រីមានផ្ទៃពោះ ចំនួន៣២នាក់ និងកូនតាមម្ដាយ ចំនួន១៤៧នាក់ (ស្រី៧២នាក់)៕