ភ្នំពេញ —សិក្ខាសាលា​មួយ​ដែលរយៈ​ពេល​បួន​ថ្ងៃស្តី​អំពី​វិទ្យាសាស្រ្ត​ ​បច្ចេកវិទ្យា​ ​វិស្វកម្ម​ ​និង​គណិតវិទ្យា​ហៅ​កាត់​ថា​ ​STEM​ (ស្ទែម) ​នឹង​ត្រូវ​ធ្វើ​ឡើង​ក្នុង​រាជធានី​ភ្នំពេញចាប់​ពី​ថ្ងៃ​ទី​២៨​ ​កុម្ភៈ​ ​ដល់​ថ្ងៃ​ទី​៣​ ​មីនា​ខាង​មុខ ​ជា​ពេល​ដែលយុវជន​អាស៊ាន​ចំនួន​៥០​នាក់​ ​គ្រោងនឹង​ដាក់​បង្ហាញ​ស្នាដៃ​ផលិត​ផល​ថ្មីរបស់​ពួក​គេ។

Loading...

ឧបត្ថម្ភ​ដោយ​ក្រសួង​ការ​បរទេសសហ​រដ្ឋ​អាមេរិក​តាម​រយៈ​ស្ថាន​ទូត​អាមេរិក​ប្រចាំ​រាជធានី​ភ្នំពេញ​ ​សិក្ខា​សាលារបស់​ ​YSEALI​ ប្រចាំ​តំបន់ស្តី​ពី​ការ​អប់រំ​ ​វិទ្យាសាស្រ្ត​ ​បច្ចេកវិទ្យា​ ​វិស្វកម្ម​ ​និង​គណិតវិទ្យា​នឹង​ផ្តល់​ឱកាស​ដល់​យុវជន​៤០​នាក់​មកពី​កម្ម​វិធី​ផ្តួចផ្តើម​គំនិត​មេ​ដឹកនាំ​អាស៊ាន​វ័យក្មេង​ក្នុង​តំបន់​ ​និង​បេក្ខជនចំនួន​១០​នាក់​នៃប្រទេស​កម្ពុជា​បាន​ពិភាក្សា​វិធី​សាស្រ្ត​ ​និងការ​បញ្ចូល​ ​STEM​ ​ទៅ​ក្នុង​កម្មវិធី​សិក្សា ​ដោះ​ស្រាយ​បញ្ហា​ប្រឈមក្នុង​វិស័យ​បច្ចេកវិទ្យា​ ​និង​ស្វែង​រក​ការ​អនុវត្ត​ល្អ​បំផុត​ក្នុង​ការ​អប់រំ​ផ្នែក​ ​STEM។​

យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​អង្គការ​មូល​និធិអាស៊ី​ ​ដែល​ជា​អ្នក​រៀបចំ​សិក្ខា​សាលាប្រចាំ​តំបន់​របស់​ ​YSEALI​ ​ស្តី​ពី​ការ​អប់រំ​ ​STEAM​ ​ឲ្យ​ដឹង​ថា​ ចាប់​ពី​ថ្ងៃ​ទី​២៨ ​កុម្ភៈ​ ​ដល់​ ​ថ្ងៃ៣មីនា​២០១៨​ យុវជន​ជាតិ​សាសន៍​អាស៊ាន​ទាំង​៥០​នាក់​នេះ​នឹងត្រូវ​ចូល​រួម​ការ​ពិភាក្សា​និង​ចែក​រំលែក​ព័ត៌មាន​ និង​ការ​ធ្វើ​បទ​បង្ហាញ​ជា​ក្រុម​លើ​ប្រធាន​បទ​ ​ការ​អប់រំ​លើ​វិស័យ​ ​STEM​ ​និង​ចូល​រួម​ក្នុង​ការ​ប្រកួត​ប្រជែង​ការ​ច្នៃ​ប្រឌិត​របស់​ខ្លួន។​

លោក Allen Tan ថត​នៅ​ក្រោយផ្តល់​បទ​សម្ភាសន៍​ឲ្យ VOA ​រដ្ឋធានី​វ៉ាស៊ីនតោន កាលពី​ថ្ងៃ​សុក្រ ទី៣០ ខែកញ្ញា ឆ្នាំ​២០១៦។ (សឹង សុផាត/VOA)

លោក​ ​តាន់ អេលែន​ (Allen Tan) ​ជា​ស្ថាបនិក​ និង​ជា​នាយក​គ្រប់គ្រង​ ​STEM​ ​កម្ពុជា​ ​ដែល​ជា​អង្គការ​ក្រៅ​រដ្ឋាភិបាល​មួយ​បង្កើត​ឡើង​ដើម្បី​បង្កើន​ការ​យល់​ដឹង​អំពី​វិស័យ​ ​STEM​ ​និង​មហោស្រព​វិទ្យាសាស្រ្ត​ និង​វិស្វកម្ម​នៅ​កម្ពុជា ​បាន​និយាយ​ថា​ ​សិក្ខា​សាលា​ប្រចាំ​តំបន់​របស់​ YSEALI ​ស្តី​ពី​ STEM ​នេះ​ នឹង​អនុញ្ញាត​ឲ្យ​កម្ពុជា​អាច​បង្ហាញ​ពីការ​ផ្លាស់​ប្តូរ​ផ្នែក​បច្ចេកវិទ្យា​របស់​ខ្លួន​ និង​ការ​នាំមុខក្នុង​វិស័យ​អប់រំ​ ​STEM​ ​ក្នុង​រយៈ​ពេល​បួន​ឆ្នាំ​ចុង​ក្រោយ​នេះ។

លោក​ ​អេលែនបាន​និយាយ​ថា៖​

«សិក្ខា​សាលា​របស់​ ​YSEALI​ ​គឺ​ល្អ​មែនទែន​ដោយសារ​តែ​វា​ជា​ឱកាស​មួយ​សម្រាប់​កម្ពុជា​បង្ហាញ​អំពី​ការ​នាំ​មុខ​និង​ការ​វិវឌ្ឍ​ដែល​ខ្លួន​សម្រេច​បាន​នៅ​ក្នុង​វិស័យ​ ​STEM​ ​ជាមួយ​និង​មហោ​ស្រព​ស្តីពី​បច្ចេក​វិទ្យា​ ​ហើយ​និង​ជា​ឱកាស​មួយ​ដើម្បី​ប្រទេស​កម្ពុជា​បាន​ចែក​រំលែក​ជាមួយ​ប្រទេស​ផ្សេង​ទៀត​ក្នុង​តំបន់»។​

ការ​អប់រំក្នុង​វិស័យ​ ​STEM​ ​ទទួល​បាន​ការ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ។ ​វិស័យ​ ​STEM​ ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ​តែង​តែត្រូវ​បាន​ឧបត្ថម្ភ​គាំទ្រ​ ជា​សំខាន់ដោយ​ប្រទេស​មហា​អំណាច​ធំៗ​ពីរគឺ​សហ​រដ្ឋ​អាមេរិក​និង​ចក្រភព​អង់គ្លេស​តាម​រយៈ​ស្ថានទូត​នៃ​ប្រទេស​ទាំង​ពីរ​ប្រចាំ​កម្ពុជា។​

នៅ​ក្នុង​កិច្ចសម្ភាសន៍​ផ្តាច់មុខ​ជាមួយ​ ​VOA​ ​ខ្មែរ​កាលពីចុង​ខែ​វិច្ឆិកា​ឆ្នាំ​២០១៧​ ​លោក​ ​William​ Heidt​ ​ឯកអគ្គ​រដ្ឋ​ទូត​សហ​រដ្ឋ​អាមេរិក​ បាន​មាន​ប្រសាសន៍ថា​សហ​រដ្ឋ​អាមេរិក​ក៏​កំពុង​ប្រឹងប្រែង​យ៉ាង​ខ្លាំងជួយ​ទីផ្សារ​សម្រាប់​វិស័យ​បច្ចេក​វិទ្យា​នេះ​ផង​ដែរ ​ហើយ​វិស័យ​បច្ចេក​វិទ្យា​កម្ពុជា​កំពុង​តែ​កើន​ឡើង​យ៉ាង​ខ្លាំង។​

ថ្លែង​តាម​រយៈ​អ្នក​បកប្រែ​ផ្ទាល់​ខ្លួន​ ​លោក​ William​ Heidt​ ​បាន​មាន​ប្រសាសន៍​ថា៖

​​«ជាជំហាន​ស្នូលបន្ទាប់​ទៅទៀត​នោះគឺ​ខ្ញុំព្យាយាម​ត​ភ្ជាប់នូវ​វិស័យ​បច្ចេកវិទ្យា​កម្ពុជា​ជាមួយ​នឹង​វិស័យ​បច្ចេកវិទ្យារបស់​សហរដ្ឋ​អា​មេរិក​ដែល​កំពុង​តែ​មាន​ការ​អភិវឌ្ឍ​ខ្លាំង​នៅ​តាម​មូលដ្ឋាន​មួយ​ចំនួន​ដូច​ជា​ប្រទេស​សិង្ហបុរី​និង​ទីក្រុង​ហូជីមីញ»។

ក្រសួង​អប់រំ​យុវជន​ និង​កីឡា​ក៏​កំពុង​ផ្តោត​ខ្លាំង​ក្នុង​ការ​ជំរុញ​គាំទ្រ​ ​STEM​ ​និង​បាន​បង្កើត​គោល​នយោបាយដើម្បី​បញ្ចូល STEM​ ​ទៅ​ក្នុង​វិស័យ​អប់រំ ​កាលពី​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ ​ដើម្បី​ពង្រឹង​ជំនាញ​យុវជន​កម្ពុជា​អាយុ​ក្រោម​៣០​ឆ្នាំ​ ដែល​មាន​ចំនួន​ជាង​៦០​ភាគ​រយ​ក្នុង​ចំណោមប្រជាជន​សរុប​ជាង​១៥​លាន​នាក់។

នៅ​ក្នុង​សន្និសីទស្តីពី​ថាមពល​ពន្លឺព្រះ​អាទិត្យ​នៅ​ខេត្ត​សៀម​រាប​កាលពី​សប្តាហ៍​មុន​ ​ហើយដែលត្រូវ​គេ​ស្រង់​សម្តី​ផ្សាយ​តាម​គេហទំព័រ​ក្រសួង លោក ​ហង់ ជួនណារ៉ុន​ រដ្ឋមន្រ្តី​ក្រសួង​អប់រំ​ ​យុវជន​ ​និង​កីឡា​ ​បាន​ថ្លែង​ក្នុង​ន័យ​ដើម​ថា៖​

«វិទ្យាសាស្រ្ត​គឺ​ជា​មូលដ្ឋាន​គ្រឹះ​មួយ​សម្រាប់​ឲ្យ​យើង​វិវឌ្ឍ​ទៅ​មុខ។​ បច្ចេក​វិទ្យា​បាន​ជំរុញ​យើង​ទៅ​មុខ​កាន់​តែ​ខ្លាំង​ទៀត។​ ​វិស្វកម្ម​បាន​បំពេញ​នូវ​សេចក្តី​ស្រេក​ឃ្លាន​របស់​ពួក​យើង​ដើម្បី​បង្កើត​ការ​ច្នៃ​ប្រឌិត​ថ្មី។​ ​ចំណែក​ឯ​គណិតវិទ្យាជា​អ្នក​ពង្រឹង​សុបិន​មួយ​នេះ»។

មហោស្រព​ជាតិ​លើក​ទី​៣​នៅ​កម្ពុជា​ ស្តីពី​វិទ្យាសាស្ត្រ​ និង​វិស្វកម្ម​ នៅឯ​ស្តាត​អូឡាំពិក​ ក្នុង​រាជធានី​ភ្នំពេញ​ កាល​ពី​ថ្ងៃ​ទី​៩​ ខែ​មិនា​ ឆ្នាំ​២០១៧។ (ហ៊ាន សុជាតា/VOA)

មិន​តែ​ប៉ុណ្ណោះ​ លោក​ ​តាន់ អេលែន​ ​ជា​ស្ថាបនិក​ និង​នាយក​គ្រប់គ្រង​ ​STEM​ ​កម្ពុជា​ ​បាន​និយាយ​ថា​ ​អ្នក​ជំនាញ​ផ្នែក​ ​STEM​ ​នៅ​កម្ពុជា​ត្រូវ​ការ​ការ​ពង្រឹង​និង​ពង្រីក​សមត្ថភាព​ឲ្យ​ខ្លាំង​បន្ថែម​ទៀត​ដើម្បី​ឲ្យ​សេដ្ឋ​កិច្ចកម្ពុជា​អាច​ប្រកួត​ប្រជែង​នៅ​ក្នុង​តំបន់​បាន។​

លោក​ ​អេលែន​ បាន​និយាយ​ប្រាប់​ ​VOA​ ​តាម​ទូរសព្ទថា៖​

«បើ​សិន​ជា​យើង​មើល​ជុំវិញ​ខ្លួន​យើង​ ​យើង​អាច​មើល​ឃើញ​ថា​ ពិភព​លោកដំណើរ​ការ​ប្រើ​ប្រាស់​ម៉ាស៊ីន។ ​ហើយ​ដើម្បី​ចេះ​ប្រើប្រាស់​ម៉ាស៊ីន​ទាំង​នេះ ​ដើម្បី​ចេះ​ជួស​ជុល​វា​បាន​ និង​អាច​ឲ្យ​វា​ដំណើរ​ការ​បាន​ល្អ​ប្រសើរ​ នោះ​គឺ​ជា​គន្លឹះ​សំខាន់​មួយ​ដើម្បី​ឲ្យ​សេដ្ឋកិច្ច​មាន​ដំណើរ​ការ​ល្អ​ផង​ដែរ»។

​ថ្ងៃសិក្ខាសាលាប្រចាំ​តំបន់​របស់​ ​YSEALI​ ​ស្តីពី​ការ​អប់រំ​ វិទ្យាសាស្រ្ត​ បច្ចេកវិទ្យា ​វិស្វកម្ម​ ​និង​គណិត​វិទ្យា​ ​(STEM)​ ​ធ្វើឡើង​នេះគឺ​ជា​ទិវា​មហោ​ស្រព​បច្ចេក​វិទ្យា​ ​និង​វិស្វកម្ម​កម្ពុជា​លើក​ទី​បួន​ដែលមាន​ការ​ចូលរួម​ពី​ស្ថាប័ន​រដ្ឋ ​និង​ស្ថាប័ន​ឯកជន​ ហើយ​បេក្ខជន​អាស៊ាន​ទាំង​៥០​រូបនៃ​សិក្ខា​សាលា​ ​STEM​ ប្រចាំ​តំបន់​របស់ ​YSEALI ​ នឹង​បង្ហាញ​ពី​គម្រោង​របស់​ខ្លួន​ទៅកាន់​សាធារណ​ជន​ និង​ភាគី​ពាក់ព័ន្ធ​ ចាប់​ពី​ថ្ងៃទី​១ ​ខែ​មីនា​ ​ដល់​ ​ថ្ងៃទី​៣​ ​ខែ​មីនា​ ​ឆ្នាំ​២០១៨៕ ប្រភព៖ VOA