សេចក្តីថ្លែងការណ៍ របស់អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា ស្តីពីការផ្អាកផ្តល់ទិដ្ឋាការតាមលក្ខខណ្ឌពិសេសរបស់សាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់។

ស្ថានទូតសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ប្រចាំព្រះរាជាណាចក្រកម្ពុជា បានជូនព័ត៌មានដល់ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី ២១ ខែកុម្ភៈ ឆ្នាំ២០១៨ ស្តីពីការផ្អាកផ្តល់ទិដ្ឋាការតាមលក្ខខណ្ឌពិសេសចំពោះមន្រ្តីជាន់ខ្ពស់កម្ពុជា។ ជាមួយគ្នានេះ ស្ថានទូតបានបញ្ជាក់ថា ការផ្អាកបែបនេះមិនមានលក្ខណៈដូចការដាក់កម្រិតទិដ្ឋាការទូទៅនោះទេ។

ជាមួយនឹងការគោរពចំពោះសិទ្ធិអធិបតេយ្យ របស់រដ្ឋាភិបាលអាល្លឺម៉ង់ អំពីបញ្ហានេះ ក្រសួងការបរទេស និង​សហប្រតិបត្តិការអន្តរជាតិមានការសោកស្តាយដោយការប្រកាន់យកវិធានការណ៍បែបនេះ មិនបានពិចារណាពីតថភាពនយោបាយ និងជាការមើលស្រាលទាំងស្រុងដល់ឯករាជ្យភាពនៃប្រព័ន្ធច្បាប់ និងតុលាការរបស់កម្ពុជា។ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ចាត់ទុកសកម្មភាពឯកតោភាគីនេះ មានមូលហេតុនយោ​បាយ និងមានភាពលំអៀងមិនប្រកបដោយគតិច្បាប់ ហើយដែលផ្ទុយនឹងការខិតខំប្រឹងប្រែងបច្ចុប្បន្នរបស់ប្រទេសទាំងពីរនៅក្នុងការអភិវឌ្ឍទំនាក់ទំនងយូរអង្វែង និងកិច្ចសហប្រតិបត្តិការទេ្វភាគី។

ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិចាត់ទុកប្រតិកម្មរបស់អាល្លឺម៉ង់ចំពោះការវិវត្តផ្នែកនយោ​បាយ​ថ្មីៗនៅកម្ពុជា គ្មានភាពស្មោះត្រង់ និងមានស្តង់ដារពីរ បើពិនិត្យទៅលើប្រព្រឹត្តិកម្មខុសគ្នារបស់អាល្លឺម៉ង់ចំពោះប្រទេសផ្សេងៗពាក់ព័ន្ធនឹងបញ្ហាលទ្ធិប្រជាធិបតេយ្យ និងសិទ្ធមនុស្ស។

ទោះបីជាមានការសម្រេចចិត្តបែបនេះក៏ដោយ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បញ្ជាក់ជាថ្មីម្តងទៀត ពីការតាំងចិត្តឥតងាករេរបស់កម្ពុជា ក្នុងការអនុវត្តលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ដោយអនុ​លោម​តាមរដ្ឋធម្មនុញ្ញរបស់កម្ពុជា ក្នុងការពង្រឹងនីតិរដ្ឋ និងរៀបចំការបោះឆ្នោតសភា នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ខាងមុខ ដោយសេរី យុត្តិធម៌ និងមានរបៀបរៀបរយ៕