ភ្នំពេញ ៖ ប្អូនប្រុសបង្កើតសពបណ្ឌិត កែម ឡី គឺលោក កែម រិទិ្ធសិត ប្រកាសបង្កើតគណបក្សនយោបាយថ្មីមួយឈ្មោះ គណបក្ស កែម ឡី ចូលរួមការបោះឆ្នោតនីតិកាលទី៦ នៃរដ្ឋសភា នៅខែកក្កដា ឆ្នាំ២០១៨ខាងមុខនេះ។

នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៨នេះ លោក កែម រិទិ្ធសិត ប្អូនប្រុសបង្កើតសពលោកបណ្ឌិត កែម ឡី បានចេញសេចក្តីប្រកាសព័ត៌មាន បានឲ្យដឹងថា ការបង្កើតគណបក្ស កែម ឡី គឺមានគោលបំណងយកទស្សនទានល្អៗ របស់លោកបណ្ឌិតទៅបន្តចូលរួមចំណែកអភិវឌ្ឍប្រទេសជាតិមាតុភូមិនៃយើង។ ជាពិសេសជាងនេះទៅទៀង ការបង្កើតគណបក្ស កែម ឡី ស្របតាមច្បាប់ គឺដើម្បីទប់ស្កាត់ដល់ ក្រុមជ្រុលនិយមមួយចំនួនតែងតែយកឈ្មោះលោកបណ្ឌិត កែម ឡី ទៅធ្វើជាឧបករណ៍កេងចំណេញនយោបាយដើម្បីបម្រើមហិច្ឆតារបស់ពួកគេជារៀងរាល់ថ្ងៃ។

លោក កែម រិទិ្ធសិត បានអំពាវនាវដល់បងប្អូនជនរួមជាតិ បងប្អូនដែលជាអ្នកស្រឡាញ់រាប់អានលោកបណ្ឌិត កែម ឡី មេត្តាអញ្ជើញចូលរួមជាមួយ គណបក្ស កែម ឡី ដើម្បីរក្សាកិត្តិនាមរបស់លោកបណ្ឌិត និងបន្តបេស​កកម្មឱ្យសម្រេចនូវបំណងប្រាថ្នារបស់លោកបណ្ឌិតនៅថ្ងៃខាងមុខនេះ៕