ភ្នំពេញ​ ៖ ​ស្ត្រី​ជា​មេការ និង​កូន​ជាង​កាត់ដេរ​ចំនួន​៧ នាក់​របស់​ហាង​កាត់​សម្លៀក​បំពាក់​យីហោ​”​អេ​លីត ឡា​ហ្គា​”​មាន​ទីតាំង​ផ្ទះ​លេខ​២៦ ផ្លូវ​១៩៨៦ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ ត្រូវបាន​សមត្ថកិច្ច​ឃាត់​ចាប់ខ្លួន ពាក់ព័ន្ធ​ករណី​លួច និង​រំលោភ​លើ​ទំនុកចិត្ត កាលពី​ព្រឹក​ថ្ងៃ​សុក្រ ទី​២ ខែ​មីនា ឆ្នាំ​២០១៨ គឺ​បាន​លួច​កាត់​សម្លៀកបំពាក់​ឲ្យ​ភ្ញៀវ ជា​លក្ខណៈ​ឯកជន ដោយ​យក​ថ្លៃ​ធូរ​ជាង​កាត់​នៅ​ហាង​។​

​សមត្ថកិច្ច​បាន​ឱ្យដឹង​ថា ជនសង្ស័យ​ម្នាក់​មាន​ឈ្មោះ ជៀម ស្រី​ម៉ិច ភេទ​ស្រី អាយុ​៣២​ឆ្នាំ មុខរបរ​មេជាង​កាត់ដេ​រ ទីលំនៅ​ផ្ទះ​ជួល​លេខ​៩៩​អា ផ្លូវ​១៩៩០ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ និង​កូន​ជាង​កាត់ដេរ​ចំនួន​៦​នាក់​ទៀត​។​

​សមត្ថកិច្ច​បញ្ជាក់ថា ការឃាត់ខ្លួន​ក្រុម​ជនសង្ស័យ​នេះ ធ្វើឡើង​ដោយ​យោង​តាម​ពាក្យបណ្ដឹង​ចុះ​ថ្ងៃទី​២៨ ខែ​កុម្ភៈ ឆ្នាំ​២០១៨ របស់​ម្ចាស់​ហាង​កាត់​សម្លៀកបំពាក់ អេ​លីត ឡា​ហ្គា​។ កាលពី​អំឡុង​ខែ​ធ្នូ ឆ្នាំ​២០១៧ ជនសង្ស័យ​ឈ្មោះ ជៀម ស្រី​ម៉ិច និង​កូនជាង​ទាំង​៦​នាក់​ទៀត ដែល​បម្រើ​ការងារ​នៅក្នុង​ហាង កាត់​សម្លៀកបំពាក់ អេ​លីត ឡា​ហ្គា បាននាំគ្នា លួច​យក​សម្ភារ​កាត់​សម្លៀកបំពាក់​ជា​ច្រើន​មុខ ពី​ក្នុង​ហាង​របស់​ជនរងគ្រោះ ទៅ​លួច​កាត់ដេរ​សម្លៀកបំពាក់​ឱ្យ​ភ្ញៀវ​ជា​លក្ខណៈ​ឯកជន នៅក្នុង​ផ្ទះជួល​ដែល​ម្ចាស់​ហាង អេ​លីត ឡា​ហ្គា ជួល​ឱ្យ​ឈ្មោះ ជៀម ស្រី​ម៉ិច ជា​មេការ និង​បក្ខពួក​ស្នាក់នៅ ដោយ​យក​ម៉ូត​តាម ហាង អេ​លីត ឡា​ហ្គា ប៉ុន្តែ​យក​តម្លៃ​ធូរ​ថ្លៃ​ជាង ជា​ការប៉ះពាល់​ដល់​ចំណូល​របស់​ហាង​។​

​សមត្ថកិច្ច​បន្ថែមថា ជនសង្ស័យ​ឈ្មោះ ជៀម ស្រី​ម៉ិច និង​បក្ខពួក បានធ្វើ​សកម្មភាព​លួច​យក​សម្ភារ​កាត់ដេរ​សម្លៀក​បំពាក់​របស់​ហាង អេ​លីត ឡា​ហ្គា ទៅ​លួច​ដេរ​សម្លៀកបំពាក់​ឱ្យ​ភ្ញៀវ យក​តម្លៃ​ទាប​ជាង​ហាង តាំងពី​អំឡុង​ឆ្នាំ​២០១៤​មកម្ល៉េះ ប៉ុន្តែ​ម្ចាស់​ហាង​អាណិត និង​ហៅ​ធ្វើ​កិច្ចសន្យា​ជា​ច្រើនលើក​ច្រើនសារ ឱ្យ​ពួកគេ​ឈប់​ធ្វើ​បែប​នោះ​តទៅទៀត តែ​ក្រុម​ជនសង្ស័យ នៅតែ​បន្ត​ធ្វើ​ដដែល ទើប​ម្ចាស់​ហាង ដាច់ចិត្ត​ប្តឹង​សមត្ថកិច្ច​ឱ្យ​ឃាត់ខ្លួន​តែម្តង​ទៅ​។ ក្រុម​ជនសង្ស័យ ត្រូវបាន​បញ្ជូន​ទៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​សែន​សុខ ដើម្បី​សាកសួរ និង​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​តាម​នីតិវិធី​៕​