ភ្នំពេញ —តំណាងរាស្ត្រ​មកពី​ទូទាំង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក ​បាន​បញ្ជាក់​ពី​ការ​ព្រួយ​បារម្ភ​របស់​ពួក​គេ​ឡើង​វិញ​នៅ​ថ្ងៃ​សុក្រ​នេះ​ ចំពោះ​ការ​បន្ត​ឃុំ​ខ្លួន​លោក​ កឹម សុខា​ ​ប្រធាន​គណ​បក្ស​សង្គ្រោះ​ជាតិ​ដែល​ត្រូវបាន​រំលាយ​ចោល​និងបាន​បញ្ជាក់​ឡើង​វិញ​អំពី​ការ​អំពាវនាវ​ឲ្យ​មាន​ការ​ដោះលែង​មេដឹកនាំ​គណបក្ស​ប្រឆាំង​រូបនេះ​ជាបន្ទាន់​ និង​គ្មានលក្ខខណ្ឌ។ នេះបើ​តាមសេចក្តីប្រកាស​របស់​ក្រុមសមាជិក​សភា​អាស៊ាន​ដើម្បី​សិទ្ធិមនុស្ស​ ហៅកាត់​ថា​ (APHR) ​ដែល VOA ​បានទទួលនៅថ្ងៃ​សុក្រនេះ។

សេចក្តី​អំពាវនាវ​ឡើង​វិញ​របស់​តំណាងរាស្ត្រ​ទាំងនេះ​ បាន​ធ្វើ​ឡើង​ បន្ទាប់​ពីក្រុម​មេធាវី​ការពារ​ក្តី​លោក​ កឹម សុខា​ បាន​ដាក់​ពាក្យបណ្តឹង​ទៅ​តុលាការ​កំពូល ​ដើម្បី​សុំ​ឲ្យ​មេដឹកនាំ​គណបក្ស​ប្រឆាំង​រូប​នេះ​ បាន​ស្ថិត​នៅក្រៅ​ឃុំ​ ដើម្បី​ទទួលបាន​ការ​ព្យាបាល​ជំងឺ។ តុលាការ​កំពូល​នឹង​បើក​សវនាការ​បណ្តឹង​សុំនៅ​ក្រៅ​ឃុំ​របស់​លោក កឹម សុខា​ នៅ​ថ្ងៃទី​៩ ខែ​មីនា ឆ្នាំ ២០១៨ ខាងមុខ។ លោក​ កឹម សុខា ​កំពុង​ជាប់​ឃុំ​ ក្រោម​បទ​ចោទថា​ លោក​បាន​ឃុបឃិត​ជាមួយ​សហរដ្ឋអាមេរិក​ដើម្បី​ផ្តួលរំលំ​រដ្ឋាភិបាល​ទីក្រុងភ្នំពេញ​ ដែល​លោក​ កឹម សុខា​ និង​សហរដ្ឋ​អាមេរិក​បាន​ច្រាន​ចោល។​

លោក​ Charles Santiago ​ប្រធាន​ក្រុម​សមាជិក​សភា​អាស៊ាន​ដើម្បី​សិទ្ធិមនុស្ស ត្រូវបាន​ដកស្រង់​សម្តី​ក្នុង​សេចក្តី​ប្រកាស​មួយ​ធ្វើឡើង​នៅថ្ងៃទី​ ២ ខែមីនា​នេះ​ ក្នុង​ន័យ​ដើម​ថា៖

«​ការ​បន្តឃុំខ្លួន​លោក​កឹម សុខា​ គឺ​ការ​រំលោភ​អំណាច​យ៉ាង​កំរោល​របស់​គណបក្ស​គ្រប់​គ្រង​ប្រទេស។ ការ​ចោទ​ប្រកាន់​ទាំង​ឡាយ​ គឺ​ជារឿង​នយោបាយ​យ៉ាង​ច្បាស់​ក្រឡែត​ ហើយ​ប្រព័ន្ធ​យុត្តិធម៌ច្បាស់​ណាស់​បាន​ធ្វើការ​តាម​ការ​បង្គាប់​របស់​នាយករដ្ឋមន្ត្រី​»។

លោក​បាន​ថ្លែង​បន្ថែម​ថា៖ «​ការ​ចោទ​ប្រកាន់​ដែល​មិនពិត​ទាំងអស់​នេះ​ មិន​គួរណា​ត្រូវបាន​ធ្វើ​ឡើង​តាំងពី​ដើម​ទីនោះ​ទេ។ ការ​ចោទប្រកាន់​ទាំងអស់​នេះ​ គួរតែ​ត្រូវបាន​ទម្លាក់​ចោល​ជាបន្ទាន់​ ​ហើយ​លោក​ កឹម សុខា​ គួរតែ​ត្រូវបាន​ដោះលែង​ឲ្យ​មាន​សេរីភាព​ដោយ​គ្មាន​លក្ខខណ្ឌ»។

ការ​ទាម​ទារ​ឲ្យ​មាន​ការ​ដោះលែង​យ៉ាងដូច្នេះ​ ត្រូវបាន​ធ្វើ​ឡើង នៅ​ពេល​ដែល​ការ​ឃុំ​ខ្លួនលោក​ កឹម សុខា​ បាន​ឈានដល់​គម្រប់​ខួប​ ៦ខែ​ នៃការ​ជាប់​ក្នុង​មន្ទីរ​ឃុំឃំាងនៅ​ឯ​ខេត្តត្បូងឃ្មុំ​ ដែល​ស្ថិត​នៅ​ខាង​កើត​ទន្លេ​មេគង្គ​និង​មាន​ព្រំប្រទល់​ជាប់នឹង​ប្រទេស​វៀតណាម។

VOA ​មិនទាន់​អាច​ទាក់​ទង​សុំការ​អធិប្បាយ​ពី​ លោក​ ជិន ម៉ាលីន អ្នកនាំពាក្យ​ក្រសួង​យុត្តិធម៌​បាន​ទេ​ នៅថ្ងៃ​សុក្រនេះ។

សេចក្តី​ប្រកាស​របស់​ក្រុម​សមាជិក​សភាអាស៊ាន​ដើម្បីសិទ្ធិមនុស្ស បាន​បញ្ជាក់​ឲ្យដឹង​ថា​ ការ​ចាប់​ខ្លួន​លោក​ កឹម សុខា​ បាន​កើត​ឡើង​ នៅគ្រា​មានការ​បង្ក្រាប​យ៉ាងទូលំ​ទូលាយ​មួយ​ទៅលើ​សំឡេង​សង្គម​ស៊ីវិល​ និងក្រុមប្រឆាំង​ដែល​បាន​មើល​ឃើញ​ការ​បំបិទមាត់​សារព័ត៌មាន​ឯករាជ្យ​និង​អង្គការ​ក្រៅ​រដ្ឋាភិបាល​ ហើយ​ដែល​នៅ​នាទី​ចុង​ក្រោយ​បំផុត​នោះ​ គឺការ​រំលាយ​គណបក្ស​ប្រឆាំង​ និង​ការ​ហាម​ឃាត់​មិន​ឲ្យ​សមាជិក​របស់​គណបក្ស​នេះចំនួន​ ១១៨​នាក់​ធ្វើ​នយោបាយ ​នៅ​ថ្ងៃ​ទី​ ១៦ ខែ​ វិច្ឆិកា​ ឆ្នាំ​ ២០១៧។

ក្រុម​សមាជិកសភា​អាស៊ាន​ដើម្បី​សិទ្ធិមនុស្ស​បាន​ឲ្យ​ដឹង​ទៀតថា​ កាលពី​ពេល​មុន​ខ្លួន​ធ្លាប់បាន​និយាយ​ម្តង​ហើយ​ថា​ ការ​បោះឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ​នៅ​ពេល​ខាង​មុខ​នឹង​ «មិនស្រប​ច្បាប់» ប្រសិន​បើ​គ្មាន​វត្តមាន​របស់​គណបក្ស​ប្រឆាំង​ ហើយ​ក៏ធ្លាប់​បាន​រិះគន់​ថា​ ការ​បោះ​ឆ្នោត​ព្រឹទ្ធ​សភា​រៀបចំ​ឡើង​កាលពី​ពេលថ្មីៗ​នេះ​ គឺជា​ «ការ​បោក​បញ្ឆោត​មួយ»៕ ប្រភព៖ VOA