នៅ​ក្នុង​ប្រទេស​បារាំង មាន​មនុស្ស​ស្លាប់​យ៉ាង​តិច ៣នាក់ និង​របួស ៥នាក់​ផ្សេង​ទៀត​នៅ​ក្នុង​ព្រឹត្តិការណ៍​វាយប្រហារ​ចំនួន ៣ដង​នា​ថ្ងៃ​សុក្រ ទី២៣ មីនា​នៅ​ប៉ែក​ខាងត្បូង​ប្រទេស។ ព្រឹត្តិការណ៍​វាយប្រហារ​ទាំង ៣ដង​នោះ​បាន​ធ្វើ​ឡើង​ដោយ​បុរស​ខ្មាន់កាំភ្លើង​ម្នាក់​ដែល​ប្រកាស​ខ្លួន​ជា​សមាជិក​របស់​អង្គការ​រដ្ឋអ៊ីស្លាម។ លោក​រដ្ឋមន្រ្តី​ក្រសួង​មហាផ្ទៃ​យេរ៉ា កូឡុំ​បាន​ប្រកាស​ថា បុរស​ខ្មាន់​កាំភ្លើង​ដែល​ត្រូវ​បាន​កម្លាំង​ប៉ូលិស​បាញ់​សម្លាប់​នៅ​ថ្ងៃ​រសៀល​មាន​ឈ្មោះ​រ៉េឌាន់ ឡាក់ឌីម (Redouane Lakdim) អាយុ ២៦ឆ្នាំ និង​មាន​ដើមកំណើត​ម៉ារ៉ុក។ ក្នុង​ថ្ងៃ​ដដែល អង្គការ​រដ្ឋអ៊ីស្លាម​បាន​ប្រកាស​សារភាព​ជា​ស្នាដៃ​របស់​ខ្លួន។

Loading...

នៅ​ក្នុង​ជំហាន​ដំបូង​នា​ពេល​ព្រឹក​ថ្ងៃ​សុក្រ ទី២៣ មីនា បុរស​ខ្មាន់​កាំភ្លើង​បាន​ប្លន់​យក​ឡាន​មួយ​របស់​អ្នកដំណើរ​ក្នុង​ស្រុក Carcassonne ដោយ​បាញ់​អ្នកបើកបរ​ឲ្យ​របួស និង​បាញ់​សម្លាប់​អ្នក​ជិះ​ក្បែរ​នោះ។ បន្ទាប់​មក​នៅ​ពេល​យក​ឡាន​បើក​តាម​ផ្លូវ បុរសខ្មាន់កាំភ្លើង​ក៏​បាន​បាញ់​ប៉ូលិស​ម្នាក់​ឲ្យ​របួស ហើយ​បន្ទាប់​មក​ទៀត រូប​គេ​​ក៏​បាន​ទុក​ឡាន​ចោល រួច​ចូល​ទៅ​ក្នុង​ហាង​លក់​ទំនិញ​មួយ​ឈ្មោះ Supper U ក្នុង​ស្រុក Trèbes ដែល​មាន​ចម្ងាយ​ប្រមាណ​ជា ១០គីឡូម៉ែត្រ​ពី​ស្រុក Carcasonne។

គឺ​នៅ​ក្នុង​ហាង​លក់​ទំនិញ Supper U នោះ​ហើយ​ដែល​បុរស​ខ្មាន់កាំភ្លើង​រូប​នោះ​បាន​ចាប់​មនុស្ស​ធ្វើ​ជា​ថ្នូរ​ដោយ​បាញ់​សម្លាប់​ចំនួន ២នាក់។ នៅ​ពេល​នោះ បុរស​ខ្មាន់កាំភ្លើង​បាន​ប្រកាស​ខ្លួន​ជា​សមាជិក​របស់​អង្គការ​រដ្ឋអ៊ីស្លាម។ ភ្លាមៗ​នោះ កម្លាំង​ប៉ូលិស និង PM ក៏​បាន​ចុះ​អន្តរាគមន៍​ដល់​ទីកន្លែង និង​បាន​រំដោះ​អតិថិជន​នៅ​ក្នុង​ហាង​លក់​ទំនិញ​នោះ។ បន្ទាប់​មក​ទៀត មាន​វរសេនីយ៍ឯក PM ម្នាក់​បាន​យល់​ព្រម​ប្រគល់​ខ្លួន​ធ្វើ​ជា​ចំណាប់ខ្មាំង​ដើម្បី​ឲ្យ​បុរស​ខ្មាន់កាំភ្លើង​ដោះលែង​ចំណាប់ខ្មាំង​ស៊ីវិល​ម្នាក់។

នៅ​ពេល​នោះ រូប​វរសេនីយ៍ឯក PM ក៏​បាន​ទុក​ទូរស័ព្ទ​ចោល​លើ​តុ និង​ដែល​ទូរស័ព្ទ​នោះ​កំពុង​ត ភ្ជាប់​ជាមួយ​ប្រធាន​ក្រុម​អន្តរាគមន៍​នៅ​ខាង​ក្រៅ​ដែល​បុរស​ខ្មាន់កាំភ្លើង​មិន​បាន​ដឹង​ទេ។ ជាមួយ​នឹង​ទូរស័ព្ទ​នេះ គេ​បាន​ស្តាប់​ឮ​ទាំង​អស់​នូវ​សម្លេង​ពី​ខាង​ក្នុង ពិសេស​សម្លេង​កាំភ្លើង​បាញ់​ដោយ​បុរស​ខ្មាន់កាំភ្លើង​លើ​រូប​វរសេនីយ៍ឯក PM ឲ្យ​របួស។ គឺ​នៅ​ពេល​នោះ​ឯង​ដែល​កម្លាំង PM បាន​ចូល​អន្តរាគមន៍ រួច​បាញ់​សម្លាប់​បុរស​ខ្មាន់កាំភ្លើង​តែ​ម្តង។ ឧប្បត្តិហេតុ​ចាប់​មនុស្ស​ធ្វើ​ជា​ថ្នូរ​បាន​បិទ​បញ្ចប់​នៅ​វេលា​ម៉ោង​ជាង ២រសៀល​ម៉ោង​ក្នុង​ប្រទេស​បារាំង។

តាម​លោក​រដ្ឋមន្រ្តី​ក្រសួង​មហាផ្ទៃ​យេរ៉ា កូឡុំ បុរស​ខ្មាន់កាំភ្លើង​មាន​ឈ្មោះ រ៉េឌាន់ ឡាក់ឌីម (Redouane Lakdim) អាយុ ២៦ឆ្នាំ និង​មាន​ដើមកំណើត​ម៉ារ៉ុក។ លោក​យេរ៉ា កូឡុំ​បាន​ឲ្យ​ដឹង​ទៀត​ថា ជន​ឡាក់ឌីម​បាន​រៀបចំ​សេណារីយ៉ូ​នេះ​តែ​ម្នាក់​ឯង តែ​ការ​ស៊ើបអង្កេត​បាន​បើក​ឡើង​ដើម្បី​ចង់​ដឹង​ថា តើ​អាច​មាន​អ្នក​ឃុបឃិត រួម​ដៃ​ឬ​ទេ។ ចំណែក​អង្គការ​រដ្ឋអ៊ីស្លាម​បាន​ប្រកាស​សារភាព​ថា​ជា​ស្នាដៃ​របស់​ខ្លួន៕ ប្រភព៖ RFI