DJ ស្រី​ជនជាតិ​ម៉ាឡេស៊ី នាង Leng Yein ថ្មីៗ​នេះ បានសម្រេច​ផ្សាយ​តាម​វីដេអូ Live នៅលើ​ហ្វេ​ស​ប៊ុ​ក ដើម្បី​ឲ្យ​អ្នកគាំទ្រ​បានដឹង​អំពី​រឿងរ៉ាវ​ផ្ទាល់ខ្លួន​របស់​នាង ដែល​កំពុង​ត្រូវបាន​គេ​យាយី និង​ព្យាយាម​ចូលក្នុង​បន្ទប់​របស់​នាង ។​

​នាង Leng Yein គឺជា​ឌី​ជេ​ដ៏​ល្បីល្បាញ​មួយរូប នៅក្នុង​ប្រទេស​ម៉ាឡេស៊ី ដែល​ត្រូវគេ​ស្គាល់​ថា​មាន​ជំនាញ​ខាង​ចាក់​ភ្លេង​។ កេរ្តិ៍ឈ្មោះ​របស់​នាង ក៏​ល្បីរ​ន្ធឺ​នៅតាម​ទីក្រុង​ផ្សេងៗ នៅ​ល​ក្នុង​តំបន់​អាស៊ី ដែល​ក្នុងនោះ​នាង​បាន​ចូលរួម​ក្នុង​កម្មវិធី​ជាច្រើន​នៅ​តៃប៉ិ និង​ម៉ា​កាវ ។​

​ទោះយ៉ាងណា ថ្មីៗ​នេះ នាង​បានចេញ​វីដេអូ និង​បង្ហោះ​រូបភាព​ជាច្រើន​សន្លឹក បង្ហាញ​ឲ្យ​ឃើញ​ពី​ទិដ្ឋភាព​នាង​ត្រូវ​ទទួលរង​នូវ​ទារុណកម្ម​យ៉ាង​ព្រៃផ្សៃ ពី​មិត្ត​ប្រុស​របស់​នាង ដែល​នាង​បាន​រួមរស់​ជាមួយ​អស់​រយៈពេល​២​ឆ្នាំ​មកនេះ ។​

Leng បាន​សរសេរ​នៅលើ​គណនី​ហ្វេ​ស​ប៊ុ​ក​របស់​នាង​ថា មិត្ត​ប្រុស​របស់​នាង​ដែលជា​មេធាវី​ម្នាក់ មាន​ខ្នងបង្អែក​អ្នកធំៗ និង​ជិតស្និទ្ធ​នឹង​ប្រព័ន្ធ​ច្បាប់​ក្នុង​តំបន់​ទៀតផង ។ គាត់​តែង​ប្រើ​អំពើហិង្សា និង​គំរាមកំហែង​សម្លាប់​មកលើ​រូបនាង​ជារឿយៗ ក្នុង​រយៈពេល​២​ឆ្នាំ​មកនេះ ។

​គួរ​បញ្ជាក់ថា ប្រហែល ៤ ម៉ោង មុនពេល​ផុស នាង​បាន Live វីដេអូ​ឈ្លោះប្រកែក​គ្នា​យ៉ាងខ្លាំង ជាមួយ​អតីត​មិត្ត​ប្រុស​របស់​នាង ដែល​អូសបន្លាយ​រយៈពេល​ប្រហែល ១០ នាទី ។​

Leng បាន​និយាយថា នាង​បាន​ចែកផ្លូវ​គ្នា​ជាមួយ​មិត្ត​ប្រុស​របស់​នាង មុនពេល​នាង​ទទួល​ការវះកាត់​ថ្មីៗ​នេះ បន្ទាប់ពី​នាងរង​ការ​វាយ​ដុំ​យ៉ាង​សាហាវ បណ្តាល​ឲ្យ​រងរបួស​បែក​ឈាម​ស្រោច​ខ្លួន​យ៉ាងដំណំ​នៅត្រង់​៖ ក្បាល​, មុខមាត់​, ខ្នង និង ដៃជើង ។​

​ទោះយ៉ាងណា នាង​ចង់​ចែករំលែក​រឿងរ៉ាវ​ដ៏​ខ្លោចផ្សា​របស់​នាង ដើម្បី​រារាំង​ស្ត្រី​ដទៃ កុំ​ឲ្យ​ក្លាយជា​ជនរងគ្រោះ​នៃ​អំពើហិង្សា​ក្នុង​គ្រួសារ​ដូចជា​រូបនាង ៕