​ស្ត្រី​វ័យក្មេង​ម្នាក់​មកពី​ស្រុក Chiayi, តៃវ៉ាន់ បាន​រង​ការ​រលាក​កម្រិត​ទី​១ និង​ទី​២ បន្ទាប់ពី​បុរស​វ័យ​ចំណាស់​ម្នាក់ បាន​ជះ​ឆ្នាំង​ទឹក​ស៊ុប​ដ៏​ក្តៅ ទៅលើ​ផ្ទៃមុខ​របស់​នាង ដោយសារ​បុរស​នេះ​ខឹង​សក់ «​គ្មាន​អនាម័យ​» របស់​នាង​បាន​ធ្លាក់​បបោស​នឹង​ដៃ​របស់គាត់ ។​

​យោងតាម Taiwan News ស្ត្រី​ម្នាក់​ឈ្មោះ Chen អាយុ ៣៣ ឆ្នាំ បាន​កំពុង​ញ៉ាំ​ស៊ុប​ជាមួយ​ដៃគូ​ប្រុស​ចំណាស់​ម្នាក់ ដែលមាន​ឈ្មោះថា Huang អាយុ ៥៧ ឆ្នាំ ។ អ្នក​ទាំងពីរ​បាន​អង្គុយ​ជាប់​គ្នា ប៉ុន្តែ នៅពេល Chen បែរខ្នងពិនិត្យមើល​មុខ​អាហារ ស្រាប់តែ​សក់វែង​អន្លាយ​របស់​នាង ក៏បាន​ធ្លាក់​បបោស​នឹង​ដៃ​របស់ Huang ដោយ​ចៃដន្យ ។​

​ដោយសារ​ទំនាក់ទំនង «​គ្មាន​អនាម័យ​» មួយ​នេះ​កើតឡើង ជាហេតុ​នាំ​ឲ្យ​អ្នក​ទាំងពីរ​កើត​ទាស់​ពាក្យសម្តី​ដាក់គ្នា​យ៉ាងខ្លាំង ។ នៅពេលនោះ លោក Huang បាន​ស្រែក​ដាក់ Chen ចំពោះ​សក់​របស់​នាង​គាត់ ហើយ Chen តបត​ទៅនឹង​ឥរិយាបទ​គ្មាន​ការ​អធ្យាស្រ័យ​របស់គាត់​ខ្លាំងៗ​ផងដែរ ។ ដោយ​ទប់​កំហឹង​ពុំបាន Huang ក៏បាន​ទាញ​ឆ្នាំង​ស៊ុប​កំពុងពុះ ជះ​ទៅលើ​ផ្ទៃមុខ​របស់​នាង​តែម្តង ។​

​បុគ្គលិក​ភោជនីយដ្ឋាន និង​ភ្ញៀវ​ដទៃទៀត ក៏បាន​នាំគ្នា​មើល​ហេតុការណ៍​ដ៏​ស្លុតរន្ធត់​នេះ ។ ខណៈ​មនុស្ស​មួយចំនួន​ព្យាយាម​ធ្វើ​ឲ្យ Huang ស្ងប់​អារម្មណ៍ នោះ​បុគ្គលិក​ដទៃទៀត ក៏បាន​ទៅកាន់ Chen ដោយ​ចាក់ទឹក​ត្រជាក់​ទៅលើ​មុខ​របស់​នាង​, ផ្តល់​ដុំ​ទឹកកក​ឲ្យ​នាង និង​ហៅ​រថយន្ត​សង្គ្រោះបន្ទាន់ ។​

Chen បាន​ប្រាប់ Apple Daily ថា​៖ «​ឆ្នាំង​ទឹក​ស៊ុប​នោះ​គឺ​ក្តៅ​ណាស់ ។ ហើយ​ប៉ុន្មាន​នាទី​ក្រោយមក ផ្ទៃមុខ​របស់​ក៏បាន​ប្រែក្លាយ​ពងទឹក​លើ​ស្បែក​តែម្តង​» ។​

​ក្រុមគ្រូពេទ្យ​បាន​និយាយថា របួស​របស់​ស្ត្រី​រងគ្រោះ គឺ​រលាក​ស្ថិតក្នុង​កម្រិត​ទី​១ និង​ទី​២ នៅត្រង់​មុខ និង​ក​របស់​នាង ។​

​ទោះបី Huang បាន​សម្តែង​ការសោកស្តាយ និង​ធ្វើការ​សុំទោស​យ៉ាងណាក្តី តែ Chen ពុំ​អាច​ទទួលយក​បានឡើយ និង​ប្តឹង​ប្រឆាំងនឹង​អតីត​ដៃគូ​អាហារ​ពេល​ល្ងាច​រូបនេះ​តែម្តង ៕