ភ្នំពេញ​ ៖ ធនាគារជាតិ​នៃ​កម្ពុជា បានប្រកាស​អនុញ្ញាត​ឲ្យ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ចំនួន​៧​ទទួល​ប្រាក់​បញ្ញើ​ពី​សាធារណជន ហើយ​ចំណែក​ឯក​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​និង​គ្រឹះស្ថាន​ឥណទាន​ជនបទ​ដែល​ស្ថិត​ក្រោម​ការត្រួតពិនិត្យ​របស់​ធនាគារជាតិ មិន​ត្រូវ​បាន​អនុញ្ញាឲ្យ​ទទួល​ប្រាក់​បញ្ញើ​ពី​សាធារណជន​ឡើយ ទោះជា​ក្រោមរូបភាព​ណាក៏ដោយ​។​

​បើ​តាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ធនាគារ​ជាតិ​នៃ​កម្ពុជា បានបញ្ជាក់​ថា កន្លង​មក​ធនាគារជាតិ​នៃ​កម្ពុជា បានទទួល​ព័ត៌មាន​ថា ជន​មួយចំនួន​និង​គ្រឹះស្ថាន​ឥណទាន​ជនបទ​មួយចំនួន​តូច​ដែល​បាន​កម្លា​យ​ខ្លួន​ពី​អង្គការ​មិនមែន​រដ្ឋាភិបាល បាននិងកំពុង​អូសទាញ​ប្រជាពលរដ្ឋ​តាមរយៈ​ការប្រមូលប្រាក់​បញ្ញើ​ពី​សាធារណជន​ក្រោមរូបភាព កិច្ចសន្យា​ខ្ចីប្រាក់ និង​ការផ្តល់​អត្រា​ការប្រាក់​ខ្ពស់ ព្រម ទាំង​ការផ្តល់​ប្រាក់កម្ចី​ល្មើសច្បាប់​។ ធនាគារជាតិ បានបញ្ជាក់​ថា គិត​មក​ត្រឹម​ខែ​មីនា ឆ្នាំ​២០១៨​នេះ ក្រៅ​ពី​គ្រឹះស្ថាន​ធានា​គារ​ពាណិជ្ជ មានតែ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ចំនួន​៧ ដែល​ត្រូវបាន​អនុញ្ញាឲ្យ​ទទួល​ប្រាក់​បញ្ញើ​ពី​សាធារណជន ក្នុងនោះ​គឺ​ ៖

Loading...
១៖ គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ប្រា​សាក់ (PRASAC)​។​
២៖ គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ វី​សិន​ហ្វាន់ (​ខេ​ម​បូឌា​) អិល​ធី​ឌី (VISIONFUND (CAMBODIA) LTD)
៣៖ គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ហត្ថា​កសិករ លីមីត​ធី​ត (HATTHA KAKSEKAR LIMITED)
៤៖ គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ភីអិលស៊ី (AMK PLC)
៥៖ គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ក្រេ​ឌី​ត ភីអិលស៊ី (KREDIT PLC)
៦៖ គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ អ​ម្រឹត ខូ​អិល​ធី​ឌី (AMRET Co.,Ltd)
៧៖ គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ អិល​អូ​អិល​ស៊ី (​ខេ​ម​បូឌា​) ភីអិលស៊ី (LOLC (CAMBODIA) PLC)៕​ ដោយ​ ៖​ បញ្ញា​ស័ក្តិ​