ភ្នំពេញ —ក្រសួង​យុត្តិធម៌​ ​បាន​ស្នើ​ទៅ​ប្រមុខ​រាជ​រដ្ឋាភិបាល​ដើម្បី​បន្ធូរបន្ថយ​ និង​លើក​លែង​ទោសដល់​ទណ្ឌិត​ចំនួន៥០​នាក់​ ​សម្រាប់​ឱកាស​បុណ្យ​ចូលឆ្នាំថ្មី​ប្រពៃណី​ជាតិ​ខ្មែរ​ខាង​មុខ។​ ​នេះ​បើ​តាម​ការ​បញ្ជាក់​របស់​អ្នក​នាំពាក្យ​ក្រសួង​យុត្តិធម៌។​

លោក​ ​ជិន ម៉ាលីន​ ​អ្នក​នាំពាក្យ​ក្រសួង​យុត្តិធម៌​ ​ប្រាប់​ ​VOA​ ​នា​រសៀល​ថ្ងៃ​ពុធ​នេះ​ថា​ ​ក្រសួង​យុត្តិធម៌​ បាន​ស្នើ​សុំ​ទៅ​ប្រមុខ​រដ្ឋាភិបាល​ ​ដើម្បីស្នើ​បន្តទៅព្រះ​មហាក្សត្រ​ព្រះរាជ​ទានការ​លើកលែង​ទោស​ដល់​ទណ្ឌិត​ចំនួន​៨​នាក់​ ​និង​បន្ធូរបន្ថយ​ទោស​ដល់​ទណ្ឌិត​ចំនួន​៤២​នាក់។​ ​លោក​បន្ថែម​ថា​ ​ការ​ស្នើ​នេះ​ ​ធ្វើឡើងបន្ទាប់​ពី​គណៈកម្មការ​ជំនាញបានសិក្សា​ ​និងវាយតម្លៃ​លើ​ទណ្ឌិត​ចំនួន​ជាង​៣០០​នាក់​ដែល​ត្រូវ​បាន​ក្រសួង​មហាផ្ទៃ​បញ្ជូន​ឈ្មោះ​មក​ក្រសួង​យុត្តិធម៌។​

លោក​បញ្ជាក់​ថា៖​

«ក្រោយ​គណៈកម្មការ​ថ្នាក់ជាតិ​ពិនិត្យ​មើល​ទៅ​ ​គឺ​មាន​តែ​៥០​រូប​ប៉ុណ្ណោះ​ដែល​មាន​កាយ​សម្បទាន និងបំពេញ​បាន​នូវលក្ខខណ្ឌ​គ្រប់គ្រាន់។​ ​លក្ខខណ្ឌ​ទី១​គឺ​លក្ខខណ្ឌ​នៃ​ពេល​ដែល​ជាប់​ឃុំ​ក្នុងពន្ធនាគារ​ ​១ភាគបី​ហ្នឹង​ ​គឺ​ទទួល​បាននូវការ​បន្ធូរ​បន្ថយ​ទោស​ ​ចំណែក​២ភាគ​បី​គឺទទួល​បាន​ការ​លើក​លែង​ទោស។​ ​ក៏​ប៉ុន្តែ​មិនមែន​មាន​តែ​លក្ខខណ្ឌ​ហ្នឹង​មួយ​អាចទទួល​បាន​ការ​លើក​លែង​ទោស​នោះ​ទេ គួប​ផ្សំ​នឹង​លក្ខខណ្ឌ​មួយ​ទៀត​ ​គឺ​ការកែប្រែ​ខ្លួន​ ​និង​អត្តចរិក​ ក្នុង​ពន្ធនាគារ។​ ​ហើយ​ការ​កែប្រែ​ខ្លួន​ ​និង​អត្តចរិក​នេះ​ ​គឺ​មាន​ការ​វាយ​តម្លៃ​យ៉ាង​ហ្មត់ចត់​ តាំងពី​ថ្នាក់​ពន្ធនាគារ​ ​ថ្នាក់​ខេត្ត​ ​រហូត​ដល់​ថ្នាក់​ជាតិ»។​

រដ្ឋាភិបាល​កម្ពុជា​តែង​ស្នើឲ្យ​មាន​ការ​លើកលែង​ ​និង​បន្ធូរបន្ថយ​ទោស​ដល់​ទណ្ឌិត​ចំនួន​៣លើក​ ​ជារៀង​រាល់​ឆ្នាំ​ ​រួមមាន​ក្នុង​ឱកាស​បុណ្យ​ចូលឆ្នាំ​ខ្មែរ​ បុណ្យ​អុំទូក​ ​និង​បុណ្យ​ពិសាខ​បូជា។​

លោក​ ​ជិន ម៉ាលីន​ ​បញ្ជាក់​ថា​ ​ទណ្ឌិត​ដែលត្រូវ​បាន​ស្នើ​ឲ្យ​មាន​ការ​លើកលែង​ទោស​ ​និង​បន្ធូរបន្ថយ​ទោស​ទាំង​៥០​នាក់​នោះ​ ​ភាគច្រើនជា​អ្នកប្រព្រឹត្ត​បទល្មើស​លួច​ ​ឬ​ឆក់​ផ្សេងៗ​ ​ប៉ុន្តែ​លោក​ថា​ ​លោក​មិន​អាច​កំណត់​ថា​ ​ក្នុង​ចំណោម​ទណ្ឌិត​ទាំង​៥០​នាក់​នោះ​ ​មាន​សកម្មជន​ ​ឬ​មន្រ្តី​គណបក្ស​ប្រឆាំង ឬក៏​អត់​នោះ​ទេ។​ ​លោក​បន្ថែម​ថា​ ​រដ្ឋាភិបាល​អាចនឹង​អនុវត្ត​ការ​លើកលែង​ ​និង​បន្ធូរ​បន្ថយ​ទោស​ទណ្ឌិត​ទាំង​៥០​នាក់​នោះ​ ​នៅ​មុន​ ​ឬ​អំឡុង​ពិធី​បុណ្យ​ចូលឆ្នាំ​ខ្មែរ​ខាងមុខ។​

លោក​នាយក​រដ្ឋមន្រ្តី​ ​ហ៊ុន សែន​ ​កន្លងមក​បាន​ប្រកាស​ជា​ច្រើន​ដង​ជា​សាធារណៈ​ថា​ ​លោក​នឹង​មិន​ស្នើ​ឲ្យ​មាន​ការ​លើកលែង​ ​ឬ​បន្ធូរបន្ថយ​ទោស​ដល់​សកម្មជន​ ​និង​មន្រ្តី​គណបក្ស​ប្រឆាំង​ដែល​កំពុង​ជាប់​ពន្ធនាគារ​នោះ​ទេ​ ​ដោយ​លោកថា​ ​មេដឹក​នាំ​របស់​ពួក​គេ​ ​គឺ​លោក​ ​សម រង្ស៊ី​ ​បា​ន​ញុះញង់​ឲ្យមា​ន​ការ​ដុត​រូប​ថត​ ​និង​ទីងមោង​ ​ប្រឆាំង​នឹង​វត្តមាន​របស់​លោក​នៅ​ប្រទេស​អូស្រ្តាលី​ ​ក្នុង​កិច្ចប្រជុំ​អាស៊ាន-អូស្រ្តាលី​កាល​ពី​ពាក់​កណ្តាល​ខែមីនា​កន្លង​ទៅ។​

រហូត​មក​ដល់​ពេល​នេះ​ ​សកម្មជន​នយោបាយ​ ​មន្ត្រី​ ​និង​អ្នក​តំណាង​រាស្ត្រ​គណ​បក្សសង្គ្រោះជាតិ​ដែលត្រូវ​បាន​តុលាការ​រំលាយ ​យ៉ាង​ហោច​ណាស់​ជាង​២០រូប​ ​កំពុង​ជាប់​ឃុំ​ក្នុង​ពន្ធនាគារ​ទូទាំង​ប្រទេស។​ ​ពួក​គេ​ត្រូវ​បាន​ចាប់​ឃុំ​ខ្លួន​ ​និង​កាត់​ទោស​ជា​បន្ត​បន្ទាប់​ចាប់​ពី​ឆ្នាំ​២០១៥​មក​ ទាក់ទង​នឹង​សំណុំ​រឿង​ផ្សេងៗ​គ្នា​ ​រាប់​ចាប់​តាំង​ពី​ការ​បង្ក​អំពើ​ហិង្សា​ ​និង​ការ​កកូរ​កកាយ​រឿង​ផែនទី​ ​និង​ព្រំដែន​កម្ពុជា-វៀតណាម​ជាដើម។​

ក្នុង​ចំណោម​អ្នក​ជាប់​ឃុំ​ទាំងនោះ​ ​មាន​ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​ចំនួន​ពីរ​នាក់​គឺ​លោក​ ​មាជ សុវណ្ណារ៉ា​ មន្រ្តី​បក្ស​ប្រឆាំង​និង​លោក​ អ៊ុំ សំអាន​អ្នកតំណាង​រាស្រ្ត​មណ្ឌល​សៀមរាប៕ ប្រភព៖ VOA