បន្ទាប់ពីធ្វើការស្រាវជ្រាវក្រោមសមុទ្រអស់រយៈពេលជិត១ទសវត្សរ៍រួចមក​ ប្រទេសជប៉ុនបានរកឃើញនូវរ៉ែលោហៈកម្រចំនួនជាង១៦លានតោន ដែលអាចផ្គត់ផ្គង់តម្រូវការពិភពលោកដល់ទៅរាប់រយឆ្នាំ។ ការរុករកឃើញនេះ អាចនឹងធ្វើអោយជប៉ុនមានលទ្ធភាពប្រកួតប្រជែងជាមួយចិនដែលពេលបច្ចុប្បន្នជាអ្នកផ្គត់ផ្គង់ធំបំផុតនៅក្នុងទីផ្សាររ៉ែលោហៈកម្រនេះ។

Loading...

តាមរបាយការណ៍ស្រាវជ្រាវវិទ្យាសាស្រ្តដែលបានចុះផ្សាយកាលពីថ្ងៃទី១០ខែមេសាកន្លងមក ដែនទឹកសេដ្ឋកិច្ចរបស់ប្រទេសជប៉ុន ដែលចំងាយប្រមាណជាង១,៨ពាន់គីឡូម៉ែត្រពីទីក្រុងតូក្យូ អាចមានរ៉ែលោហៈកម្រប្រមាណដល់ទៅជាង១៦លានតោន។

រ៉ែលោហៈកម្រនេះ ផ្សំឡើងពីធាតុគីមីចំនួន១៧ ដែលក្នុងនោះមានធាតុគីមី dysprosium (ប្រើក្នុងការផលិតរថយន្ដ​ទំនើប​សន្សំ​សំចៃ​ថាមពល) ដែលអាចផ្គត់ផ្គង់តម្រូវការពិភពលោកបានប្រមាណ៧៣០ឆ្នាំ ធាតុគីមី terbium (ប្រើក្នុងការផលិតឡាស៊ែរនិងឧបករណ៍អេឡិចត្រូនិក) ប្រមាណ ៤២០ឆ្នាំ និងធាតុគីមី yytrium (ប្រើក្នុងការបង្កើតប្រព័ន្ធរ៉ាដា) ប្រមាណជិត៨០០ឆ្នាំ។

ជប៉ុនបានចាប់ផ្តើមប្រតិបត្តិការស្រាវជ្រាវរកលោហៈកម្រនៅក្រោមសមុទ្រនេះ បន្ទាប់ពីចិនបានកាត់បន្ថយការនាំចេញនៃប្រភេទលោហៈកម្រមួយចំនួន ព្រមទាំងបានតម្លើងថ្លៃរហូតដល់ទៅ១០ដងនៃតម្លៃពីមុននៅក្នុងឆ្នាំ២០១០។ សូមបញ្ជាក់ថា រហូតមកដល់ពេលបច្ចុន្បន្ន ចិនគ្រប់គ្រងនិងផ្គត់ផ្គង់លោហកម្រនេះលើទីផ្សារសកលប្រមាណជាង៩០ភាគរយ។ ហេតុដូចនេះ កន្លងមក ជប៉ុននិងប្រទេសដទៃៗទៀត ត្រូវពឹងផ្អែកទៅលើការផ្គត់ផ្គងនិងស្របតាមការដាក់តម្លៃរបស់ចិន។

តែរ៉ែលោហៈកម្រដែលទើបរកឃើញនេះអាចនឹងធ្វើអោយជប៉ុនប្រជែងជាមួយចិនដើម្បីក្លាយជាអ្នកផលិតវត្ថុធាតុដើមដ៏ធំបំផុតនៅលើពិភពលោកនាពេលអនាគត នេះបើយោងតាមការចុះផ្សាយរបស់ការសែត Wall Street នាពេលថ្មីៗនេះ។

រឿងតែមួយគត់ដែលធ្វើកំពុងរារាំងប្រទេសជប៉ុនក្នុងការប្រើប្រាស់ប្រភពរ៉ែដែលទើបឃើញថ្មីរបស់ខ្លួនដើម្បីគ្របដណ្តប់ទីផ្សារសកលសម្រាប់រ៉ែលោហៈកម្រ គឺបញ្ហាប្រឈមដែលពាក់ព័ន្ធនឹងការទាញយកលោហៈនោះពីក្រោមបាតុសមុទ្រយ៉ាងជ្រៅ​​ (ប្រមាណ៥,៧រយម៉ែត្រ)។

លោក Yutaro Takaya អ្នកដឹកនាំការស្រាវជ្រាវរបស់ជប៉ុន បានអោយដឹងថា ដំណើរការនេះមានតម្លៃថ្លៃ ដូច្នេះការស្រាវជ្រាវបន្ថែមចាំបាច់ត្រូវធ្វើដើម្បីកំណត់វិធីសាស្ត្រថោកបំផុត។ អ្នកដឹកនាំការស្រាវជ្រាវរូបនេះបានបន្ថែមទៀតថា ក្រុមស្រាវជ្រាវរបស់លោកនឹងខិតខំប្រឹងប្រែងដើម្បីអោយដំណើរការទាញយកលោហៈនេះអាចធ្វើទៅបាននៅក្នុងរយៈពេល៥ឆ្នាំខាងមុខ។

ចំណែកចិនវិញតែងព្យាយាមធ្វើអោយមានពាណិជ្ជកម្មផ្ដាច់មុខនៅលើទីផ្សារលោហៈកម្រនេះ។ ចិនបានជំរុញអោយក្រុមហ៊ុនដែលគាំទ្រដោយរដ្ឋាភិបាលនិងក្រុមហ៊ុនឯកជនមួយចំនួនរបស់ចិនចូលរួមយ៉ាងសកម្មក្នុងការស្វែងរកសិទ្ធរ៉ុករករ៉ែនៅទ្វីបអាហ្វ្រិកនិងអាមេរិកខាងត្បូង។ ចិនអាចមានលទ្ធភាពក្នុងការផ្តួលរំលំដៃគូប្រជែងបរទេសដែលមានថ្លៃដើមខ្ពស់។

អង្គភាពស្រាវជ្រាវដែកនិងរ៉ែឯករាជ្យ Adamas Intelligence បានគូសបញ្ជាក់អោយដឹងថា បច្ចុប្បន្ននេះក្រៅពីគម្រោងស្រាវជ្រាវរបស់ជប៉ុន នៅមានគម្រោងបែបនេះចំនួន៣៨របស់ប្រទេសផ្សេងៗទៀតដែលកំពុងអនុវត្តស្រាវជ្រាវរកលោហៈកម្រ ក្នុងគោលបំណងព្យាយាមចាកចេញពីការពឹងផ្អែកទៅលើការផ្គត់ផ្គងរបស់ចិន។

តាមរយៈរបាយការណ៍អង្កេតភូមិសាស្រ្តអាមេរិកកាលពីឆ្នាំមុខ លោហៈកម្រមានប្រមាណ១២០លានតោនជុំវិញពិភពលោក ហើយក្នុងនោះមានប្រមាណ ៤៤លានតោននៅចិន ២២លានតោននៅប្រេស៊ីល និង១៨លានតោននៅរ៉ុស្សី។

ដោយសារតែលោហៈធាតុកម្រទាំងនេះ ត្រូវបានគេប្រើប្រាស់ផងដែរក្នុងការផលិតគ្រឿងអេឡិចត្រូនិច ប្រព័ន្ធមីស៊ីល ឧបករណ៍រ៉ាដា និងឧបករណ៍ដទៃៗទៀត ដែលត្រូវបានប្រើប្រាស់ក្នុងវិស័យយោធា លោហៈកម្រទាំងនេះកាន់តែមានសារៈសំខាន់ឡើងសម្រាប់ពិភពលោកនាពេលបច្ចុប្បន្ន៕ ប្រភព៖ RFI