លោក​អតីត​ប្រធានាធិបតី​ស.រ.អា. George H.W. Bush មាន​សុខ​ភាពល្អ​ប្រសើរ​ជាង​មុន​ក្រោយ​ពី​លោកបាន​ទទួល​ការព្យាបាល​បន្ទាប់​ពី​លោក​មាន​ជំងឺ​មាន​មេរោគ​ចូល​ដល់​ឈាមដែល​អាចយាយី​ជីវិត​បាន​ នេះ​បើ​តាម​ការ​ប្រាប់ឱ្យ​ដឹង​ដោយ​អ្នកនាំ​ពាក្យ​ម្នាក់​របស់​គ្រួសារ​លោក។​

Loading...

លោក George H.W. Bush ដែល​មាន​អាយុ​៩៣ឆ្នាំ​បាន​ចូល​សម្រាន្ត​ក្នុង​មន្ទីរ​ពេទ្យ Houston Methodist Hospital កាលពី​ព្រឹក​ថ្ងៃ​អាទិត្យហើយ​លោក​បាន​ស្ថិត​នៅ​ក្នុង​ផ្នែក​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ​នេះ។​

សេចក្តី​ថ្លែងការណ៍​មួយ​ក្នុង​នាម​គ្រួសារ​លោក​បាន​និយាយ​ថា​លោក Bush «មាន​សុខភាព​ល្អ​ប្រសើរ​ជាងមុន​នៅ​ពេល​លោក​ទទួល​ការ​ព្យាបាល​ហើយ​លោកហាក់​ដូច​ជា​កំពុង​ងើប​ឡើង​វិញ»។

នៅមុន​ពេលលោក​ចូល​សម្រាន្ត​ក្នុង​មន្ទីរ​ពេទ្យ​នោះ កាល​ពីថ្ងៃ​សៅរ៍​លោក Bush បាន​ចូល​រួម​ក្នុង​ពិធី​បុណ្យសព​លោកស្រី Babara ជា​ភរិយា​លោក​ដែល​បាន​ទទួល​អនិច្ចកម្ម​កាលពី​សប្តាហ៍​មុនក្នុង​ជន្មាយុ៩២ឆ្នាំ។ ​លោកនិង​លោកស្រី​ Bushបានរៀប​ការ​ជាមួយ​គ្នា​៧៣ឆ្នាំមក​ហើយ។​

លោក​អតីត​ប្រធានាធិបតី​អាមេរិកាំង​រូប​នេះ​បាន​បម្រើការ​មួយ​អាណត្តិ​ពី​ឆ្នាំ១៩៨៩ដល់ឆ្នាំ​១៩៩៣។ ​លោក​ប្រើប្រាស់​កៅអី​រុញ​ និង​ម៉ូតូ​ scooter ប្រើអគ្គិសនីដើម្បី​ធ្វើ​ចលនា​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ​ទៀត​នៅ​ក្រោយ​លោក​មាន​ជំងឺ Parkinson ហើយ​លោក​បាន​ចូល​សម្រាន្ត​ក្នុងមន្ទីរពេទ្យ​បី​បួន​ដង​កាល​ពី​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ​ដើម្បី​ទទួល​ការ​ព្យាបាល​ជំងឺ​គ្រឿង​ដក​ដង្ហើម​ដោយ​មាន​រួម​បញ្ចូល​ទាំង​ជំងឺ​រលាក​សួត​ផង​ដែរ៕ ប្រភព៖ VOA