ភ្នំពេញ —ក្នុង​ពិធី​ប្រារព្ធ​ទិវា​ភព​ផែនដី​នា​ព្រឹក​ថ្ងៃ​អង្គារ​នេះ​ ​ឯក​អគ្គ​រដ្ឋ​ទូត​អាមេរិក​ប្រចាំ​កម្ពុជា​ ​និង​ក្រសួង​បរិស្ថាន​ ​បាន​ជំរុញ​ឲ្យ​ប្រជាពលរដ្ឋ​ ​និង​ស្ថាប័ន​ផ្សេង​ទៀត​នៅ​កម្ពុជា​ ​ងាក​មក​ប្រើ​ប្រាស់​ផ្ទាំង​សូឡា​ឬ​បន្ទះ​កញ្ចក់​ស្រូប​ពន្លឺ​ព្រះអាទិត្យ​ដើម្បី​ការពារ​បរិស្ថាន។​ ​ការ​ជំរុញ​នេះ​ធ្វើ​ឡើង​ខណៈ​ដែល​ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា​បាន​ដំឡើង​បន្ទះ​សូឡា​ជិត​១ពាន់​ផ្ទាំង​ ​ដើម្បី​ប្រើប្រាស់​ជំនួស​ថាមពល​អគ្គិសនី។​

Loading...

ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា​ ​និង​ក្រសួង​បរិស្ថាន​ ​ជំរុញ​ឲ្យ​ប្រជា​ពល​រដ្ឋ​ខ្មែរ​ ​និង​ស្ថាប័ន​ផ្សេង​ទៀត​នៅ​កម្ពុជា​ងាក​មក​ទាញ​ប្រយោជន៍​ពី​ថាមពល​ព្រះ​អាទិត្យ​ ​តាមរយៈ​ការ​ប្រើ​ប្រាស់​បន្ទះ​សូឡា ​ដើម្បី​ជួយ​ការពារ​បរិស្ថាន។​

ការដាក់​តាំង​បង្ហាញ​លក់​ផលិត​កែច្នៃ​យក​មក​ប្រើ​ឡើង​វិញ និង​ការលក់​ផលិតផល​របស់​កសិករ​ក្នុង​ស្រុក​ដែល​មិន​ប៉ះពាល់​ដល់​បរិស្ថាន ក្នុង​ទិវា​ភព​ផែនដី​ នៅ​ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា នៅ​ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៨។ (កាន់ វិច្ឆិកា/VOA)

ថ្លែង​ក្នុង​ការ​ប្រារព្ធ​ទិវា​ភព​ផែនដី​កាល​ពី​ព្រឹក​ថ្ងៃ​អង្គារ​ ​លោក​ វីលៀម ហៃថ៍ (William Heidt​) ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​កម្ពុជា​លើក​ឡើង​ថា​ ​ប្រទេស​កម្ពុជា​មាន​ពន្លឺ ថ្ងៃ ច្រើន​ដែលជាសក្ដានុពលក្នុង​ការ​ទាញ​យក​ថាមពល​ព្រះ​អាទិត្យ​មក​ប្រើប្រាស់។​

​លោក​បន្ថែម​ថា​ ​ស្ថានទូត​អាមេរិក​ទើបតែ​បំពាក់​គម្រោង​ថ្មី​នៃ​ការ​ប្រើ​ផ្ទាំង​សូឡា​ទ្រង់ទ្រាយ​ធំ​ដំបូង​គេ​បង្អស់​ ​ដើម្បី​ផ្គត់ផ្គង់​ដល់​ការ​ប្រើប្រាស់​ថាមពល​ក្នុង​ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា​ ​និង​លើក​ទឹក​ចិត្ត​ដល់​ស្ថាប័ន​ដទៃ​ទៀតឲ្យ​ងាក​មកដំឡើងផ្ទាំង​សូឡា​ដើម្បី​កាត់​បន្ថយ​ការ​ប៉ះ​ពាល់​បរិស្ថាន​ផង​ដែរ។​

លោក​ ​William Heidt​ ​អះអាង​ថា​ប្រព័ន្ធ​ផ្ទាំង​សូឡា​ដែល​ត្រូវ​បាន​ដំឡើង​ថ្មី​លើ​ដំបូល​ស្ថានទូត​ជាង​៩០០​ផ្ទាំង​នេះ​ ​នឹង​ជួយ​កាត់​បន្ថយ​ការ​ប្រើប្រាស់​ភ្លើង​អគ្គិសនី​របស់​ស្ថានទូត​ ​ដែល​ជា​ជំហាន​មួយ​ក្នុង​ការ​កាត់​បន្ថយ​ការ​បំពុល​បរិយាកាស​ ​ហើយការ​ដំឡើង​ផ្ទាំង​សូឡា​ការពារ​បរិស្ថាន​ដែល​ត្រូវ​បាន​ចំណាយ​ប្រាក់​អស់​ជាង​១លាន​ដុល្លារ​នេះ​ ​នឹង​ជួយ​ស្ថានទូត​ ឲ្យ​ទទួល​បាន​អគ្គិសនី​កម្លាំង​២៤០​គីឡូវ៉ាត់​ ​និងសន្សំ​ប្រាក់​ពី​ការ​ចំណាយ​លើ​អគ្គិសនី​ចំនួន​៦៥,០០០​ដុល្លារ​ក្នុង​មួយ​ឆ្នាំ។​

លោក​មាន​ប្រសាសន៍​ថា៖​

«ស្ថានទូត​អាមេរិក​មាន​មោទនភាព​ក្នុង​ការ​ធ្វើ​វិនិយោគ​នេះ​ទៅ​លើ​អនាគត​នៃ​បរិ​ស្ថាន​កម្ពុជា ហើយ​យើង​សង្ឃឹម​ថា​គ្រប់គ្នា​នៅ​ស្ថានទូត​យើង​ ក៏​នឹង​ធ្វើ​តាម​មធ្យោបាយ​រៀងខ្លួន​ដើម្បី​ជួយ​ការពារ​កុំ​ឲ្យ​មាន​ការ​បំពុល​បរិយាកាស និង​រក្សា​ភាពស្អាត​របស់​ប្រទេស​កម្ពុជា»។​

​របាយការណ៍​របស់​ធនាគារ​ពិភព​លោក​ចេញ​នៅ​ដើមឆ្នាំ​២០១៨​នេះ​បង្ហាញ​ថា​ ​ក្នុង​ឆ្នាំ​២០១៧ គ្រួសារចំនួន​៧១.៥​ភាគ​រយ​នៃ​ចំនួន​ប្រជាពលរដ្ឋ​សរុប​ទូទាំង​ប្រទេស​កម្ពុជា​ ​មាន​លទ្ធភាព​ទទួល​បាន​អគ្គិសនី​ពី​បណ្ដាញ​ចែក​ចាយ​របស់​រដ្ឋ។​ ​ក្នុង​នោះ​ ​ជិត​ពាក់​កណ្ដាល​នៃ​គ្រួសារ​ទាំង​នេះ ដែល​មិន​មាន​លទ្ធភាពទទួល​បាន​ ​អគ្គិសនី​ពី​បណ្ដាញ​ចែកចាយ​របស់រដ្ឋសម្រាប់​ប្រើប្រាស់​ ​គឺ​សុទ្ធ​តែ​ប្រើ​ប្រព័ន្ធ​ស្រូប​ថាមពល​ពន្លឺ​ព្រះ​អាទិត្យ​ជា​ចម្បង។​

​ក្រៅពី​បង្ហាញ​ប្រព័ន្ធ​ផ្ទាំង​សូឡា​ដើរ​ដោយ​ថាមពល​ព្រះ​អាទិត្យ​ថ្មី​របស់​ស្ថាន​ទូត​ចំនួន​៩៤០​ផ្ទាំង​ ​ក្នុង​ការ​ប្រារព្ធ​ទិវា​ភព​ផែនដី​នៅ​ព្រឹក​ថ្ងៃ​អង្គារ​នេះ​ ​ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា​ ​ក៏​បាន​ការ​ដាក់​តាំង​បង្ហាញ​លក់​ផលិត​កែច្នៃ​ថាមពល​ប្រើ​ឡើង​វិញ​ ​និង​ការ​លក់​ផលិតផលរបស់​កសិករ​ក្នុង​ស្រុក​ដែល​មិន​ប៉ះពាល់​ដល់​បរិស្ថាន​ផង​ដែរ។​

ការដាក់​តាំង​បង្ហាញ​លក់​ផលិត​កែច្នៃ​យក​មក​ប្រើ​ឡើង​វិញ និង​ការលក់​ផលិតផល​របស់​កសិករ​ក្នុង​ស្រុក​ដែល​មិន​ប៉ះពាល់​ដល់​បរិស្ថាន ក្នុង​ទិវា​ភព​ផែនដី​ នៅ​ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា នៅ​ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៨។ (កាន់ វិច្ឆិកា/VOA)

លោក​ ​ឃុត ចាន់ដារ៉ា​ ​អនុ​រដ្ឋ​លេខាធិការ​ក្រសួង​បរិស្ថាន​ ​ដែល​បាន​ចូលរួម​ក្នុង​ពិធីនោះ​ដែរ​ ​ប្រាប់​អ្នក​សារ​ព័ត៌មាន​ថា​ ​លោក​គាំទ្រ​ចំពោះ​ការ​សម្រេច​ប្រើប្រាស់​ផ្ទាំង​សូឡា​ដែល​មានចំនួន​ដ៏​ច្រើន​របស់​ស្ថាន​ទូត​អាមេរិក​ប្រចាំ​កម្ពុជា​ក្នុង​ការ​ចូលរួម​ការពារ​បរិស្ថាន។​ ​

លោក​បន្ថែម​ថា​ ​បើ​ទោះ​បី​ជាផ្ទាំង​សូឡា​នៅ​កម្ពុជា​មានតម្លៃថ្លៃ​ ​ប៉ុន្តែ​ប្រជាពលរដ្ឋ​គួរ​ជ្រើស​យកការ​ប្រើប្រាស់​ថាមពល​ព្រះ​អាទិត្យ​ពី​ផ្ទាំង​សូឡា​យក​ទៅ​ប្រើប្រាស់​ដើម្បី​ការពារ​បរិស្ថាន​ទាំងអស់​គ្នា។

ការដាក់​តាំង​បង្ហាញ​លក់​ផលិត​កែច្នៃ​យក​មក​ប្រើ​ឡើង​វិញ និង​ការលក់​ផលិតផល​របស់​កសិករ​ក្នុង​ស្រុក​ដែល​មិន​ប៉ះពាល់​ដល់​បរិស្ថាន ក្នុង​ទិវា​ភព​ផែនដី​ នៅ​ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា នៅ​ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៨។ (កាន់ វិច្ឆិកា/VOA)

លោក​ ​ឃុត ចាន់ដារ៉ា​ ​បន្ថែម​ដោយ​រំពឹង​ថា​ ​បច្ចេកវិទ្យា​កាន់​តែ​រីកចម្រើន​ ​រួម​នឹង​តម្លៃ​ផ្ទាំង​សូឡា​ថយ​ចុះ​ ​នឹង​ធ្វើ​ឲ្យ​ប្រជា​ពល​រដ្ឋងាក​មក​ប្រើប្រាស់​ផ្ទាំង​សូឡា​ ស្រូប​ថាមពល​ពន្លឺ​ព្រះអាទិត្យ​នេះ​កាន់តែ​ច្រើន។​

លោក​មាន​ប្រសាសន៍​ថា៖​

«ផ្ទាំង​សូឡា​ដែល​ផលិត​ពី​ប្រទេស​អាមេរិក​ ​ឬក៏​ពី​ប្រទេស​មួយ​ចំនួន​ នៅ​មាន​តម្លៃថ្លៃ​គួរសម​ ​អញ្ចឹង​ប្រជា​ពលរដ្ឋ​ឥឡូវនេះ​គាត់​ប្រហែល​នៅ​ស្ទាក់ស្ទើរ​ក្នុង​ការ​ធ្វើវិនិយោគ​ជាមួយ​ផ្ទាំង​សូឡា​ ​ជាមួយ​នឹង​ការ​ទិញ​អគ្គិសនី​ដែល​ផ្ដល់​ដោយ​ ​EDC​ ​ឬក៏​ការ​ផ្ដល់​ដោយ​អ្នកផ្គត់ផ្គង់​អគ្គិសនី​ជាក់​ស្ដែង​ហ្នឹង។​ ​អញ្ចឹង​យើង​សង្ឃឹម​ថា​ ​បច្ចេកវិទ្យា​ ​ក៏​ដូចជា​ផលិតផល​ផ្ទាំង​សូឡា​មួយ​ចំនួន​ទៀត​ដែល​មាន​តម្លៃ​កាន់​តែ​ទាប​ទៅ​ ​វា​នឹង​ជំរុញ​ឲ្យ​ប្រជា​ពល​រដ្ឋ​យើង​ចាប់​យក​ផ្ទាំង​សូឡា​មក​ប្រើប្រាស់»។​

ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ ​(CDC)​ ​ដែល​ជា​ស្ថាប័នរដ្ឋ​ទទួល​បន្ទុក​កិច្ចការ​វិនិយោគ​នៅ​ប្រទេស​កម្ពុជា​ ​បាន​ប៉ាន់​ប្រមាណ​ថា​ ​កម្ពុជា​ត្រូវការ​ថាមពល​អគ្គិសនី​ ​២,២៨៣​មេហ្គាវ៉ាត់​ ​នៅ​ឆ្នាំ​២០១៨ ហើយ​តម្រូវ​ការ​ នឹង​កើន​ដល់ ២,៧៧០​មេហ្គាវ៉ាត់​ ​នៅ​ឆ្នាំ​២០២០។​

របាយការណ៍​របស់​ក្រសួង​រ៉ែ និង​ថាមពល​ ​ចេញ​កាលពី​ដើម​ខែ​មីនា​ ​ឆ្នាំ​២០១៨​នេះ​បញ្ជាក់​ថា​ គិត​ត្រឹម​ឆ្នាំ​២០១៧​ ​កម្ពុជា​បាន​ផ្គត់ផ្គង់​អគ្គិសនី​សរុប​ជាង​២ពាន់​មេហ្គាវ៉ាត់​ ​(២,២៨២.៣មេហ្គាវ៉ាត់)។​ ក្នុង​នោះប្រភព​ថាមពល​អគ្គិសនី​សំខាន់ៗ​បាន​មក​ពី​ប្រភព​វារីអគ្គិសនី​ជិត​៤៣​ភាគរយ​ ​ធ្យូងថ្ម​ជាង​២៣​ភាគរយ​ ​ប្រេង​ម៉ាស៊ូត​ជាង​១១​ភាគរយ​ ​ជីវម៉ាស​ជិត​៤ភាគរយ​ ​និង​ការនាំចូល​ពី​បរទេស​ជាង​១៨​ភាគរយ៕ ប្រភព៖ VOA