ភ្នំពេញ —ការ​លុបបំបាត់​យ៉ាង​ឆាប់​រហ័ស​នៃមេរោគ​គ្រុនចាញ់​ឈ្មោះ​ Plasmodium falciparum ដែល​ពិបាក​ព្យាបាល​នៅ​តំបន់​អាស៊ីអាគ្នេយ៍ អាច​នឹង​ធ្វើ​ទៅ​បាន​ប្រសិន​បើ​មានការ​តាំងចិត្ត​ផ្នែក​នយោបាយ និង​ហិរញ្ញវត្ថុ​។ នេះ​បើ​យោង​តាម​ការសិក្សា​ស្រាវជ្រាវ​ថ្មី​មួយ​ ដែល​បាន​ចេញផ្សាយ​នៅ​ក្នុង​គេ​ទំព័រ​ សុខាភិបាល​ឈ្មោះ​ The Lancet និង​តាម​សេចក្ដី​ប្រកាស​របស់​អង្គភាព​ស្រាវជ្រាវ​ឱសថ​ក្នុង​តំបន់​ត្រូពិក​នៃ​សាកល​វិទ្យាល័យ​ Mahidol ​និង​ Oxfordនៅ​ថ្ងៃ​ពុធ​នេះ​។

Loading...

អ្នកនិពន្ធ​ជាច្រើន​ដែល​ចូលរួម​ការ​សិក្សាស្រាវជ្រាវ​ថ្មី​នោះ​ បាន​និយាយ​ថា​ ការ​បង្កើតឲ្យ​មា​ន​គ្លីនិក​នៅ​តាម​សហគមន៍​ ដើម្បី​វិភាគ​រោគវិនិច្ឆ័យ​ ការ​ព្យាបាល​ និង​ការ​តាមដាន​បឋម​ បូករួម​នឹង​ការ​គ្រប់​គ្រង​ឱសថ​ប្រឆាំង​ជំងឺគ្រុនចាញ់​ក្នុង​ទ្រង់ទ្រាយ​ធំ​មួយ​ដល់​អ្នក​ទាំងឡាយ​ ដែល​រស់​នៅ​ក្នុង​តំបន់​ដែល​មាន​កម្រិត​ចម្លង​ខ្ពស់។

បើ​ទោះបី​ពួកគេ​មិន​បង្ហាញ​សញ្ញា​មាន​ជំងឺគ្រុនចាញ់​នោះ​ ការ​បង្កើត​គ្លីនិក​តាម​សហគមន៍​នេះ អាច​កាត់បន្ថយ​បាន​យ៉ាង​ច្រើន​ ឬ​ដល់កម្រិត​សូន្យ​តែ​ម្ដង នៅ​ករណី​មានការ​ឆ្លង​ជំងឺ​គ្រុនចាញ់​នៅ​ភូមិ​ដាច់​ស្រយាល​ជាច្រើន​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា។

​លោក​សាស្ត្រាចារ្យ​ Nicholas White ប្រធានអង្គភាព​ស្រាវជ្រាវ​ឱសថ​ក្នុង​តំបន់​ត្រូពិក​នៃ​សាកល​វិទ្យាល័យ​ Mahidol ​និង​ Oxford (Mahidol Oxford Tropical Medicine Research Unit) ​ហៅ​កាត់​ថា​ MORU ត្រូវ​បាន​ស្រង់ប្រសាសន៍​ក្រោយ​ការ​សិក្សា​នោះ​តាម​ន័យ​ដើម​ថា៖

«ការ​សិក្សា​ស្រាវជ្រាវ​នេះ ​បាន​បង្ហាញ​ថា​ មេរោគ​គ្រុនចាញ់​ឈ្មោះ​ P. falciparum អាច​ត្រូវ​បាន​លុប​បំបាត់​យ៉ាង​ឆាប់រហ័ស​នៅ​ក្នុង​មហា​អនុ​តំបន់​ទន្លេ​មេគង្គ ប្រសិនបើ​មាន​ការ​គាំទ្រ​ខាង​នយោបាយ​ និង​ហិរញ្ញវត្ថុ តាមរយៈ​ការ​ផ្ដល់​នូវ​ការ​រក​រោគសញ្ញា​ និង​ការ​ផ្ដល់​ការ​ព្យាបាល​ជំងឺគ្រុនចាញ់​នៅ​ក្នុង​ភូមិ​តូចៗ​ដែល​បាន​ឆ្លង និង​ក្នុង​តំបន់​មានកម្រិត​ឆ្លង​ខ្ពស់ ហើយនិង​ប្រើប្រាស់​ការ​គ្រប់​គ្រង​ថ្នាំ​ប្រឆាំង​ជំងឺគ្រុនចាញ់​ក្នុង​ទម្រង់​ធំ​មួយ»។

លោក​សាស្ត្រាចារ្យ​ Nicholas White បាន​បន្ថែម​ថា​ ពេល​វេលា​ហាក់​ដូចជា​មិន​មាន​ច្រើន​ទៀត​ទេ​ ដើម្បី​កម្ចាត់​ជំងឺគ្រុនចាញ់​ ដោយ​សារ​មាន​ភាព​ស៊ាំ​ថ្នាំ​នៃ​មេរោគ​ដែល​បង្ក​ជំងឺ​គ្រុនចាញ់​ដដែល​នេះ។

សេចក្ដី​ប្រកាសរបស់​អង្គភាព​ស្រាវជ្រាវ​ឱសថ​ក្នុង​តំបន់​ត្រូពិក​នៃ​សាកល​វិទ្យាល័យ​ Mahidol ​និង​ Oxford ​ចេញផ្សាយ​ក្នុង​ទិវា​ពិភព​លោក​ប្រយុទ្ធ​នឹង​ជំងឺគ្រុនចាញ់​ថ្ងៃ​ទី​២៥​ ខែ​មេសា​នេះ​ បាន​ឲ្យ​ដឹង​ថា​ មេរោគ​គ្រុនចាញ់​ឈ្មោះ​ P. falciparum​ ជា​ប្រភេទ​មេរោគ​ទូទៅ​ក្នុង​ចំណោម​មេរោគ​ចំនួន​ប្រាំ​ប្រភេទ​របស់​ជំងឺគ្រុនចាញ់​ ដែល​អាច​ឆ្លង​ទៅ​មនុស្ស​ ហើយ​ភាគច្រើន​បាន​បង្ក​ការ​ឆ្លង​ធ្ងន់ធ្ងរ​ ដែល​នាំ​ដល់​ការ​ស្លាប់។ ក្នុង​មួយ​ឆ្នាំៗ​ ជំងឺ​គ្រុនចាញ់​ បាន​បង្ក​ការ​ស្លាប់​មនុស្ស​ជិត​កន្លះ​លាន​នាក់​នៅ​ទូទាំង​ពិភពលោក។

យ៉ាង​ណា​ក៏​ដោយ​ កាល​ពីដើម​ខែ​មេសា​នេះ​ ក្រុម​អ្នកស្រាវជ្រាវ​ខាង​សុខាភិបាល​ បាន​ឲ្យដឹង​ពី​ការ​រក​ឃើញ​ដ៏​ភ្ញាក់​ផ្អើល​មួយ​គឺ​ ការ​ផ្ដល់​ថ្នាំ​ប៉ារ៉ាសេតាម៉ុល​ធម្មតា​ដល់​អ្នក​មាន​ជំងឺ​គ្រុនចាញ់​ធ្ងន់ធ្ងរ​ អាច​ជួយ​ដល់​អ្នកជំងឺ​នោះ​ឲ្យ​រួចផុត​ពី​ការ​ខូចខាត​តម្រង់​នោម​ ដែល​បាន​បង្ក​ការ​ស្លាប់​ដល់​មនុស្ស​ពេញវ័យ​ ដែល​មាន​ជំងឺ​គ្រុនចាញ់​ធ្ងន់ធ្ងរ​ជាច្រើន​នាក់៕ ប្រភព៖ VOA