ភ្នំពេញ —ជីវិត​មាន​ភាព​ប្រសើរ​នៅ​ឯ​ស្ថានីយ​ទូរទស្សន៍ NICE TV។

បុគ្គលិក​ដែល​ធ្វើ​ការ​នៅ​ស្ថានីយ​ទូរទស្សន៍​ថ្មី​របស់​ចិន​នេះ​ទទួល​បាន​ផល​ប្រយោជន៍​ជា​ច្រើន។ អាគារ​ស្ថានីយ​ទូរទស្សន៍​ចិន​ថ្មី​ដ៏​លេច​ត្រដែត​ដែល​មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​ក្រសួង​មហាផ្ទៃ​នេះ មាន​ភោជនីយដ្ឋាន​ដ៏​ប្រណិត​មួយ​កន្លែង​នៅ​ជាន់​ទី​៥ ដែល​ភ្ញៀវ​អាច​មើល​ឃើញ​ទិដ្ឋភាព​ទីក្រុង​ភ្នំពេញ​នៅ​គ្រប់​ទិស​ជុំ​វិញ​ទាំង​អស់។

Loading...

អ្នកស្រី សៀង សោភ័ណ ប្រធាន​គ្រប់គ្រង​ផ្នែក​ព័ត៌មាន​នៃ​ស្ថានីយ​ទូរទស្សន៍​ថ្មី​នេះ កំពុង​ជាប់​រវល់​បញ្ជា​ចេញ​ពី​បន្ទប់​គ្រប់​គ្រង នៅ​ពេល​ដែល​កញ្ញា ​ឃួន លក្ខិណា អតីត​អ្នក​យក​ព័ត៌មាន​ឲ្យ​សារព័ត៌មាន​ The Phnom Penh Post ​បង្ហាញ​ខ្លួន​នៅ​លើ​អេក្រង់​ទូរទស្សន៍​ផ្សាយ​ផ្ទាល់​ចេញ​ពី​ទិដ្ឋភាព​នៃ​រោងចក្រ​កែ​ច្នៃ​ក្បាល​មាន់​មួយ​កន្លែង ដែល​មាន​ក្លិន​អាសោធ​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្បែរ​នោះ​មាន​ការ​ខឹង​សម្បា។

អ្នកស្រី សៀង សោភ័ណ ទទួល​បាន​បទ​ពិសោធន៍​ដំបូង​ជា​អ្នក​យក​ព័ត៌មាន​ឲ្យ​វិទ្យុ​អាស៊ី​សេរី មុន​ពេល​អ្នកស្រី​ធ្វើ​ការ​ឲ្យ​ស្ថានីយ​ទូរទស្សន៍​ PNN ​របស់​លោក លី យ៉ុងផាត់ ដែល​ជា​សមាជិក​ព្រឹទ្ធសភា​ខាង​គណបក្ស​កាន់​អំណាច។

អ្នកស្រី​បាន​ថ្លែង​យ៉ាង​ដូច្នេះ​ថា៖ «យើង​ជា​អ្នក​សារព័ត៌មាន ដូច្នេះ​យើង​ប្រៀប​ដូចជា​ស្ពាន​ដែល​ធ្វើ​ឲ្យ​រដ្ឋាភិបាល​ដឹង​ពី​តម្រូវការ​របស់​ប្រជាពលរដ្ឋ ឬ​ក៏​ពាំនាំ​នូវ​អ្វី​ដែល​រដ្ឋាភិបាល​ត្រូវការ​ពី​ប្រជាពលរដ្ឋ»។

មាតិកា​ព័ត៌មាន​នៃ​ស្ថានីយ​ទូរទស្សន៍ NICE TV នេះ មាន​ដូចជា រឿង​នានា​អំពី​ការ​រៀបចំ​សម្រាប់​ពិធី​បុណ្យ​អុំ​ទូក​ដែល​នឹង​ចូល​មក​ដល់​នៅ​ពេល​ខាង​មុខ និង​ប្រភេទ​រឿង​មួយ​ចំនួន​ទៀត​ដែល​ផលិតករ​ទូរទស្សន៍ NICE TV និយាយ​ថា​ជា​រឿង​ដែល​តែងតែ​ចាក់​ផ្សាយ​នោះ​មាន​ដូចជា ការ​ត្អូញត្អែរ​របស់​ប្រជាពលរដ្ឋ​ចំពោះ​ទឹក​ជំនន់ និង​ចំពោះ​ចរាចរណ៍​ជា​ដើម។

កម្មវិធី «ស្ពាន​ទៅ​កាន់​ប្រជាពលរដ្ឋ» ដែល​ជា​កម្មវិធី​សំខាន់​របស់​ទូរទស្សន៍ NICE TV គឺ​ជា​កម្មវិធី​តាម​ទូរស័ព្ទ​មួយ​ដែល​ក្រុមហ៊ុន NICE TV បាន​ផលិត​ឡើង ដែល​ហៅ​ថា Tutu Live។ កម្មវិធី​នេះ​អនុញ្ញាត​ឲ្យ​អ្នក​ទស្សនា​អាច​ចូលរួម​ក្នុង​កម្មវិធី​នេះ​បាន ដែល​នេះ​ជា​កម្មវិធី​ទូរទស្សន៍​ស្រដៀង​ទៅ​នឹង​កម្មវិធី​ពិភាក្សា​តាម​វិទ្យុ​ដែល​មាន​ការ​ចូលរួម​ពី​អ្នក​ស្ដាប់​ដូច្នេះ​ដែរ។

រូបឯកសារ៖ ​លោក ស ខេង រដ្ឋ​មន្ត្រី​ក្រសួង​មហា​ផ្ទៃ។

តាម​រយៈ​កម្មវិធី​នេះ ពួកគេ​ជំរុញ​ឲ្យ​មាន​ព័ត៌មាន​ដែល​បង្កើត​ដោយ​អ្នក​ប្រើប្រាស់​ចេញ​ពី​ទស្សនិកជន​ដែល​មាន​ចំនួន​តិច​នា​ពេល​បច្ចុប្បន្ន​នេះ​របស់​ពួកគេ ដែល​ក្នុង​នោះ​មាន​ទាំង​ដៃគូ​នានា​របស់​ទូរទស្សន៍ NICE TV នៅ​ឯ​ក្រសួង​មហា​ផ្ទៃ​ផង​ដែរ។

លោក Jason Lui នាយក​ផ្នែក​ប្រតិបត្តិការ​នៃ​ទូរទស្សន៍ NICE TV នេះ បាន​ប្រាប់ VOA តាម​រយៈ​អ្នក​បកប្រែ​យ៉ាង​ដូច្នេះ​ថា៖ «ក្រសួង​មហាផ្ទៃ​មាន​បណ្ដាញ​នគរបាល​នៅ​ទូទាំង​ប្រទេស​កម្ពុជា ដូច្នេះ​យើង​ចង់​ផលិត​ព័ត៌មាន​សង្គម ហើយ​យើង​អាច​ប្រើប្រាស់​ធនធាន​នេះ​ដើម្បី​ផលិត​ព័ត៌មាន​សង្គម​ឲ្យ​បាន​ល្អ​បំផុត​នៅ​ក្នុង​ប្រទេស​កម្ពុជា»។

អ្នក​ខ្លះ​ទៀត​មិន​សូវ​មាន​សុទិដ្ឋិនិយម​ចំពោះ​កិច្ច​សហប្រតិបត្តិការ​នេះ​ទេ។

ភាព​ជា​ដៃគូ​រវាង​ក្រុមហ៊ុន​បរទេស និង​ក្រសួង​មហាផ្ទៃ​ដែល​ជា​ក្រសួង​ទទួល​ខុស​ត្រូវ​ចំពោះ​សន្តិសុខ​សង្គម​ដូច​នេះ​ទំនង​ជា «មិន​ល្អ» នោះ​ទេ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក ណុប វី ប្រធាន​ស្ដី​ទី​នៃ​មជ្ឈមណ្ឌល​កម្ពុជា​ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ។

លោក ណុប វី បាន​និយាយ​ថា៖ «ទិដ្ឋភាព​នៃ​ទីតាំង​នៅ​ក្នុង​ក្រសួង​មហាផ្ទៃ​ផ្ទាល់ និង​កិច្ចការ​របស់​ក្រុមហ៊ុន​ឯកជន​នេះ​គឺ​ជ្រៀតជ្រែក​ចូល​ក្នុង​កិច្ចការ​របស់​ក្រសួង​មហាផ្ទៃ ដោយ​ហេតុ​ថា​តួនាទី​របស់​ក្រសួង​មហាផ្ទៃ​គឺ​មាន​សារៈសំខាន់​ខ្លាំង​ណាស់»។

លោក​បាន​បន្ថែម​ទៀត​ថា៖ «យើង​គិត​អំពី​រឿង​នេះ។ ដូច្នេះ តាម​រយៈ​ការ​គាំទ្រ​នេះ វា​នឹង​ដាក់​កំហិត​ដល់​វិសាលភាព​នៃ​ក្រុម​ផ្សព្វផ្សាយ​ដែល​ធ្វើការ​នៅ​ឯ​ស្ថានីយ​ទូរទស្សន៍​នោះ ដោយ​ហេតុ​ថា អ្នក​ទាំង​នោះ​នឹង​ធ្វើ​ការ​ក្រោម​គោលការណ៍​ផ្ទៃ​ក្នុង​របស់​ស្ថានីយ​ទូរទស្សន៍​នោះ ហើយ​ខ្ញុំ​ដឹង​ថា គោលការណ៍​នោះ​ប្រហែល​ជា​បញ្ជាក់​អំពី​អ្វី​មួយ​ចំនួន ដែល​ឧទាហរណ៍​ដូចជា​កុំ​ធ្វើ​អ្វី​ប្រឆាំង​នឹង​ប្រទេស​ចិន​ជា​ដើម»។

ទោះ​បីជា​ស្ថានីយ​ទូរទស្សន៍​នេះ​មាន​ទំនាក់ទំនង​ជិតស្និទ្ធ​ជាមួយ​នឹង​ក្រសួង​មហាផ្ទៃ ដែល​ប្រហែលជា​មាន​ភាគហ៊ុន​មួយ​ចំនួន​តូច​ដែល​គ្មាន​ការ​បញ្ជាក់​ច្បាស់​លាស់​នៅ​ក្នុង​អាជីវកម្ម​នេះ​ក៏​ដោយ ក៏​អ្នកស្រី សៀង សោភ័ណ និង​លោក Jason Lui ទទូច​ថា ស្ថានីយ​ទូរទស្សន៍​នេះ​មាន​សេរីភាព​ក្នុង​ការ​រាយការណ៍​ពី​អ្វី​ដែល​ខ្លួន​ចង់​រាយការណ៍​ទាំង​អស់។

សម្រាប់​លោក Jason Lui ការណ៍​ដែល​ស្ថានីយ​ទូរទស្សន៍​នេះ​ព្យាយាម​មិន​ផ្សាយ​ពី​ព័ត៌មាន​រសើប​នានា​ផ្នែក​នយោបាយ ឬ​ក៏​ពី​ទស្សនៈ​ប្រឆាំង គឺ​ជា​ការ​បង្ហាញ​ឲ្យ​ឃើញ​ពី​អ្វី​ដែល​អ្នក​ទស្សនា​ចង់​បាន ជាជាង​ការ​ដាក់​កំហិត​ណា​មួយ​របស់​រដ្ឋ។

លោក Jason Lui បាន​និយាយ​ថា៖ «តួនាទី​របស់​ទូរទស្សន៍​គឺ​ធ្វើ​ឲ្យ​ជីវិត​រស់នៅ​របស់​ប្រជាពលរដ្ឋ​មាន​ភាព​ប្រសើរ​ឡើង មិន​មែន​បង្ក​ជម្លោះ​នោះ​ទេ»។

ប៉ុន្តែ តាម​រយៈ​ការ​និយាយ​លេង​ធម្មតា​ជាមួយ​នឹង​ផលិតករ​មួយ​ចំនួន​នៅ​ស្ថានីយ​ទូរទស្សន៍​នេះ គេ​អាច​ស្វែង​យល់​យ៉ាង​ច្បាស់​ថា អ្វី​ដែល​អាច​ប៉ះពាល់​ដល់​គណបក្ស​ប្រជាជន​កម្ពុជា ដែល​ជា​គណបក្ស​កាន់​អំណាច គឺ​មិន​ត្រូវ​ផ្សព្វផ្សាយ​នោះ​ទេ។

ស្រប​ពេល​នោះ​ដែរ ឱកាស​របស់​ស្ថានីយ​ទូរទស្សន៍​នេះ​ក្នុង​ការ​បំពេញ​តួនាទី​ផ្នែក​សារព័ត៌មាន​ដែល​គេ​ធ្វើ​ជា​ទូទៅ​តាំង​ពី​យូរយារ​ណាស់​មក​ហើយ កំពុងតែ​សាប​រលាប ស្រប​ពេល​ដែល​ស្ថាប័ន​សារព័ត៌មាន​ណា​ដែល​រិះគន់​រដ្ឋាភិបាល​បាន​ដួល​រលំម្ដង​មួយៗ​នៅ​ក្រោម​ការ​ដាក់​សម្ពាធ​ដែល​បង្កើន​ឡើង​របស់​រដ្ឋាភិបាល​លើ​សារព័ត៌មាន​សេរី។

កន្លង​មក រដ្ឋាភិបាល​បាន​បិទ​សារព័ត៌មាន ​The Cambodia Daily ​ដែល​ជា​សារព័ត៌មាន​ប្រកាន់​ជំហរ​រិះគន់​រដ្ឋាភិបាល​អស់​រយៈពេល​ជាង​ពីរ​ទសវត្សរ៍​មក​ហើយ ការ​ផ្សាយ​របស់​វិទ្យុ​អាស៊ី​សេរី និង​ហ្រ្វេកង់​វិទ្យុ​ជាង ៣០ ទៀត ដែល​ផ្សាយ​បន្ត​នូវ​កម្មវិធី​ផ្សាយ​របស់​វិទ្យុ​អាស៊ី​សេរី និង​កម្មវិធី​ផ្សាយ​ផ្សេង​ទៀត ដែល​ក្នុង​នោះ​មាន​ទាំង​កម្មវិធី​ផ្សាយ​របស់ VOA ផង​ដែរ។ គេ​ឃើញ​មាន​ពាក្យ​ចចាម​អារ៉ាម​ថា​សារព័ត៌មាន​ The Phnom Penh Post នឹង​ត្រូវ​បិទ​ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ​នេះ ប៉ុន្តែ​ពាក្យ​ចចាម​អារ៉ាម​នេះ​ត្រូវ​បាន​សារព័ត៌មាន​នេះ​ផ្ទាល់​បដិសេធ​ម្ដង​ហើយ​ម្ដង​ទៀត។

នៅ​ក្នុង​ស្ថានការណ៍​នេះ ក្រុមហ៊ុន​នានា​ដែល​មាន​គោល​បំណង​ស្រប​តាម​គំរូ​របស់​ចិន​នៃ​ទំនាក់ទំនង​រវាង​ប្រព័ន្ធ​ផ្សព្វផ្សាយ និង​រដ្ឋ​ដូច​នេះ កំពុងតែ​ងើប​ឡើង​គ្រប​ដណ្ដប់​លើ​វិស័យ​សារព័ត៌មាន​ទាំង​មូល​នៅ​ក្នុង​ប្រទេស​កម្ពុជា។

នៅ​ក្នុង​កិច្ច​សម្ភាសន៍​មួយ​ជាមួយ​នឹង VOA លោក ហ៊ុយ វណ្ណៈ អនុ​រដ្ឋលេខាធិការ​ក្រសួង​មហា​ផ្ទៃ បាន​បញ្ជាក់​ថា ទោះបីជា​ព័ត៌មាន​នៃ​ស្ថានីយ​ទូរទស្សន៍ NICE TV នឹង​ផ្ដោត​ភាគ​ច្រើន​លើ​ការ​កម្សាន្ត​ក៏​ដោយ ក៏​ស្ថានីយ​ទូរទស្សន៍​នេះ​នឹង​ធ្វើ​ការ «ដើម្បី​ផ្ដល់​ព័ត៌មាន​ដល់​ប្រជាពលរដ្ឋ​អំពី​វិធី​ក្នុង​ការ​ជំរុញ​ឲ្យ​មាន​សេវា​សាធារណៈ​ល្អ​ប្រសើរ​ជាង​មុន» ផង​ដែរ។

លោក​បាន​បន្ថែម​ទៀត​ថា៖ «នេះ​គឺ​ជា​គោល​បំណង​ដែល​បង្កើត​ឲ្យ​មាន​ស្ថានីយ​ទូរទស្សន៍​នេះ​ឡើង។ ជាង​នេះ​ទៅ​ទៀត គឺ​ដោយសារតែ​ក្រសួង​មហា​ផ្ទៃ​មាន​កាតព្វកិច្ច​ធំ​ចំពោះ​ប្រជា​ពលរដ្ឋ ដោយសារ​តែ​ក្រសួង​មហា​ផ្ទៃ​មាន​នាយកដ្ឋាន​នគរបាល​សម្រាប់​ផ្នែក​សន្តិសុខ និង​នាយកដ្ឋាន​សេវា​សាធារណៈ​សម្រាប់​ផ្នែក​រដ្ឋបាល»។

VOA បាន​ព្យាយាម​សុំ​ការ​បំភ្លឺ​ពី​ទំនាក់ទំនង​របស់​ក្រសួង​មហា​ផ្ទៃ​ជាមួយ​នឹង​ទូរទស្សន៍ NICE TV នេះ ប៉ុន្តែ មិន​ទទួល​បាន​លទ្ធផល​អ្វី​នោះ​ទេ។

លោក Jason Lui ទទួល​ស្គាល់​ថា វា​មិន​ងាយ​ស្រួល​នោះ​ទេ​សម្រាប់​ក្រុមហ៊ុន​បរទេស​មួយ​ធ្វើ​កិច្ច​សហប្រតិបត្តិការ​ជាមួយ​នឹង​ក្រសួង​របស់​រដ្ឋាភិបាល​នោះ។ ប៉ុន្តែ លោក​បាន​សង្កត់​ធ្ងន់​ថា ស្ថានីយ​ទូរទស្សន៍ NICE TV គឺ​ជា​ប្រតិបត្តិការ​ឯកជន​ទាំង​ស្រុង​មួយ​ដែល​ជា​អ្នក​ទទួល​បាន​ផល​ប្រយោជន៍​ពី​ទំនាក់ទំនង​រីក​ចម្រើន​រវាង​ប្រទេស​កម្ពុជា និង​ប្រទេស​ចិន។

លោក​បាន​និយាយ​យ៉ាង​ដូច្នេះ​ថា៖ «ដោយសារ​យើង​មក​ពី​សហគ្រាស​ឯកជន ដូច្នេះ​ហើយ​បាន​ជា​រដ្ឋាភិបាល​កម្ពុជា​អនុញ្ញាត​ឲ្យ​យើង​ចូល​មក​វិនិយោគ​លើ​ផ្នែក​ប្រព័ន្ធ​ផ្សព្វផ្សាយ។ ប៉ុន្តែ ប្រសិនបើ​យើង​មកពី​រដ្ឋាភិបាល​ចិន​វិញ ខ្ញុំ​គិត​ថា រដ្ឋាភិបាល​កម្ពុជា​នឹង​មិន​អនុញ្ញាត​ឲ្យ​យើង​ចូល​មក​វិនិយោគ​នៅ​ក្នុង​ផ្នែក​ប្រព័ន្ធ​ផ្សព្វផ្សាយ​នេះ​ទេ»។

លោក​បាន​បដិសេធ​មិន​ធ្វើ​ការ​អត្ថាធិប្បាយ​ផ្លូវការ​ណា​មួយ​នោះ​ទេ អំពី​ថា​តើ​រដ្ឋាភិបាល​ចិន​មាន​ឥទ្ធិពល​ណា​មួយ​លើ​ស្ថានីយ​ទូរទស្សន៍​នេះ ឬ​ក៏​យ៉ាង​ណា​នោះ៕ ប្រភព៖ VOA