ភ្នំពេញ —ស្ថានភាពសេដ្ឋ​កិច្ច​របស់​កម្ពុជា​នៅ​តែ​ស្ថិត​ក្នុង​ស្ថានភាព​រឹងមាំ​រង្វង់៦​ទៅ​៧​ភាគរយ​នៅ​ឆ្នាំ​នេះ​ និង​ឆ្នាំ​ខាង​មុខ​ ​ក៏ប៉ុន្តែ​ប្រទេស ​ដែល​កំពុង​មាន​កំណើន​ប្រជាជន​វ័យ​ក្មេង​នេះ ត្រូវតែ​ខិតខំ​បន្ថែម​ទៀត​ក្នុង​ការ​វិនិយោគ​លើ​ការ​បណ្តុះ​បណ្តាល​ធនធាន​មនុស្ស​ឲ្យ​មាន​ជំនាញ​ខ្ពស់​ ដើម្បី​បង្កើត​ឱកាស​ការងារ​នា​ពេល​អនាគត។​ ​នេះ​បើ​យោង​តាម​របាយ​ការណ៍​របស់​ធនាគារ​ពិភព​លោក​ស្តីពី​បច្ចុប្បន្ន​ភាព​សេដ្ឋ​កិច្ច​កម្ពុជា​ដែល​ VOA​ ​ទទួល​បាន​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ។​

ធនាគារ​ពិភពលោក​បាន​រក​ឃើញ​ថា​ ​កំណើន​សេដ្ឋកិច្ច​កម្ពុជានៅ​តែ​មាន​ភាព​ខ្លាំងក្លា​ ​ទោះ​បី​ជា​មាន​ល្បឿន​យឺត​ជាង​មុន​បន្តិច​ក្តី។​ ​កំណើន​សេដ្ឋ​កិច្ច​កម្ពុជា​មាន​ត្រឹម​៦,៨​ភាគរយក្នុង​ឆ្នាំ​២០១៧គឺ​ទាប​ជាង​កំណើន​ក្នុង​ឆ្នាំ​២០១៦ដែល​សម្រេច​បាន​ដល់ទៅ​៧,០​ភាគរយ។ ​យ៉ាងណា​ក៏​ដោយ​ ក្នុង​របាយ​ការណ៍​របស់​ខ្លួនស្តីពី​បច្ចុប្បន្ន​ភាព​សេដ្ឋកិច្ច​កម្ពុជា​សម្រាប់​ខែ​មេសា​ឆ្នាំ​២០១៨​ ​ធនាគារ​ពិភព​លោក​បាន​បញ្ជាក់ថា​ ​ ​កំណើន​សេដ្ឋកិច្ច​នៅ​ឆ្នាំ​២០១៨​នេះ​ ​នៅ​តែ​ខ្លាំងក្លា​ដដែល។

Loading...

របាយ​ការណ៍​ដដែល​ត្រូវ​បាន​សរសេរ​តាម​ន័យ​ដើម​ថា៖​

«កំណើន​សេដ្ឋកិច្ច​ត្រូវបាន​រំពឹង​ទុកថា​ ​នឹង​មាន​ភាព​រឹង​មាំ​ កើន​ដល់​ទៅ​៦,៩​ភាគរយ​ក្នុង​ឆ្នាំ​២០១៨​ ដែល​ទ្រទ្រង់​មួយ​ផ្នែក​ដោយសារ​ចំណាយ​កាន់​តែ​ច្រើន​របស់​រដ្ឋាភិបាល​ និង​លក្ខខណ្ឌ​សេដ្ឋកិច្ច​ពិភព​លោក​មាន​អំណាយ​ផល​ ក្នុង​នោះរួមមាន​តម្រូវ​ការ​យ៉ាង​ស្វាហាប់​នៅ​ក្នុង​បណ្តា​ប្រទេស​សេដ្ឋកិច្ច​ជឿន​លឿន​ផង»។​

យ៉ាង​ណា​ក៏​ដោយ​ ​ធនាគារ​ពិភពលោក​បាន​ប្រមើ​មើល​ជា​មុន​ថា​ អត្រា​កំណើន​សេដ្ឋកិច្ច​កម្ពុជា​នឹង​ត្រូវ​ចុះ​ថម​ថយ​ដោយ​សន្សឹមៗ ប្រសិន​បើ​បញ្ហា​រចនា​សម្ព័ន្ធ​ ​ជា​ឧទាហរណ៍​ ​ការ​បាត់​បង់​សមត្ថ​ភាព​ប្រកួត​ប្រជែង ត្រូវ​បាន​ទុក​ចោល​មិន​ដោះស្រាយ​នោះ។

ហេតុ​ដូច្នេះ​ហើយស្ថិតក្នុង​រយៈពេល​មធ្យម​ ​លំហូរ​ច្រើន​នៃ​ការ​វិនិយោគ​ដោយ​ផ្ទាល់​ពី​បរទេស​ និង​ការ​កើន​ឡើង​នៃ​ការ​វិនិយោគ​សាធារណៈ​ ​នៅ​ក្នុង​ហេដ្ឋារចនា​សម្ព័ន្ធ​ ត្រូវ​បាន​រំពឹង​ទុក​ជាមុន​ថា​ បាន​ជួយ​ពង្រីក​សមត្ថភាព​ផលិត​របស់​សេដ្ឋ​កិច្ច។​

ជាមួយ​គ្នា​នេះ​ ​ការ​ដាក់​ឲ្យមាន​កំណែ​ទម្រង់​រចនា​សម្ព័ន្ធ​ជា​ច្រើន​រួមគ្នា​ ​ដែល​បាន​បង្កើត​ឡើង​ពី​ដំបូង​ដើម្បី​ជំរុញការ​ប្រកួត​ប្រជែង​នៅ​ខាង​ក្រៅ​របស់​កម្ពុជា​ ​អាច​ជួយ​បង្កើន​ល្បឿន​នៃ​សន្ទុះ​កំណើន​ក្នុង​រយៈ​ពេល​វែង។

ស្លាកសញ្ញាធនាគារពិភពលោក។

ធនាគារ​ពិភព​លោក​ក៏បាន​ព្រមាន​អំពី​ហានិភ័យ​នានា​ ដែល​អាច​នឹង​ធ្វើ​ឲ្យ​សន្ទុះ​សេដ្ឋកិច្ច​កម្ពុជា​ចុះ​ថមថយ។ ​ហានិភ័យ​ដែល​អាច​កើត​មាន​ចំពោះ​ទស្សនទាន​សេដ្ឋកិច្ច​របស់​កម្ពុជា​ រួមមាន​ ការ​បាត់​បង់​បន្តិច​ម្តងៗ​នូវភាព​ប្រកួត​ប្រជែង​ដោយសារ​តែ​ការកើន​ឡើង​យ៉ាង​ឆាប់​រហ័ស​នូវ​បៀវត្សរ៍​ជាក់​ស្តែង​របស់កម្មករ​ ពំនូន​គរ​នៃ​ភាពងាយ​រងគ្រោះ​ដែល​មាន​ជា​យូរ​មក​ហើយនៅក្នុង​កំណើន​នៃ​វិស័យ​អចលន​ទ្រព្យ​ និង​សំណង់​ ភាព​មិន​ច្បាស់លាស់​ដែល​អាច​កើត​មាន​ជុំវិញ​ការ​បោះឆ្នោត​ ភាព​រញ្ជួយ​ម្តង​ម្កាល​បណ្តាល​មកពីការ​គាំពារ​និយម​ ​និង​ភាព​តាន​តឹង​ខ្លាំង​ឡើង​នៅ​ក្នុង​វិវាទ​រវាង​បណ្តា​ប្រជាជាតិដែល​ធើ្វ​ពាណិជ្ជកម្ម​ធំៗ​ជាង​គេ​លើ​ពិភព​លោក។​

ធនាគារ​ពិភពលោក​បាន​ផ្តល់​សារ​សំខាន់ៗ​ដើម្បី​ឆ្លើយ​តប​លទ្ធភាព​ដែលនាំ​ឲ្យ​មាន​ភាព​យឺតយ៉ាវ​នៃ​សេដ្ឋ​កិច្ច​របស់​កម្ពុជា​ ពោល​គឺប្រទេស​កម្ពុជា​អាច​ពង្រឹង​កំណើន​ថែម​ទៀត​បាន​តាម​រយៈការ​បង្កើត​ការងារ​ឲ្យកាន់​តែ​ច្រើន​ ដោយ​ធ្វើ​ការ​វិនិយោគ​ទៅ​លើ​មូលធន​មនុស្ស​ ​កាត់​បន្ថយ​ថ្លៃ​ចំណាយ​លើការ​បង្កើត​ ​ការ​ធ្វើ​ហិរញ្ញប្បទាន​ ​និង​ការ​ប្រតិបត្តិ​ធុរកិច្ច។​

អ្នកស្រី​ ​អ៊ិនហ្គូណា ដូប្រាចា​ ​(Inguna Dobraja)​ ​នាយិកា​គ្រប់​គ្រង​ធនាគារ​ពិភពលោក​សម្រាប់​ប្រទេស​កម្ពុជា​ ថ្លែង​ក្នុង​ពិធីចេញ​ផ្សាយ​របាយ​ការណ៍​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា​ ​កម្ពុជា​ចាំបាច់​ត្រូវ​ធ្វើ​ទំនើប​កម្ម​នៃ​ការ​អប់រំ​ ​និង​ការ​បណ្តុះ​បណ្តាល​របស់​ខ្លួន​ ​ដើម្បីបង្កើត​បាន​ឱកាស​ការងារ​សម្រាប់​ចំនួន​ពល​រដ្ឋ​ដែល​បាន​បន្ត​កើន​ឡើង។​

អ្នកស្រី​មាន​ប្រសាសន៍​ថា៖​

«ដោយ​ការណ៍​មាន​កំណើន​កម្លាំង​ពលកម្ម​តែ​ឯង​នោះ​ វាមិនមាន​ប្រសិទ្ធ​ភាព​នោះ​ទេ​ ដើម្បី​ទាក់​ទាញ​ និង​បង្កើត​ការងារ។​ ជាពិសេស​នៅពេល​ដែល​និយោជក​ប្រឈម​នឹង​កង្វះ​ខាត​នៃជំនាញ​សំខាន់ៗ​ ​នោះ​ប្រព័ន្ធ​អប់រំ​ និង​ការ​បង្កើន​ការ​វិនិយោគ​ក្នុង​វិស័យ​អប់រំ​ ពិតជា​មាន​តួនាទី​ដើម្បី​បំពេញ​កង្វះ​ខាត​ទាំង​នោះ ​នៅទី​នេះ។ ​ប៉ុន្តែ​ប្រសិន​បើ​អ្នក​អាច​ដោះស្រាយ​បាន​តែ​មួយ​ផ្នែក​នៃ​ការ​ប្រឈម​ផ្សេងៗ ​ការសំឡឹង​ទៅមើល​ធនធាន​ដែល​អាច​ជំនួស​បាន​ ដូច​ជា​ការ​អភិវឌ្ឍ​ជំនាញ​ និង​ធ្វើ​ទំនើប​កម្ម​នៃ​ការ​អប់រំ​ និង​ការ​បណ្តុះ​បណ្តាល​ជំនាញ​វិជ្ជាជីវៈ​ ការ​ជំរុញ​ឲ្យ​ហក់​ចូល​ក្នុង​ការ​អភិវឌ្ឍ​ជំនាញ​ផ្តល់​ដោយ​ក្រុមហ៊ុន​ គឺ​ជា​ទិសដៅ​សំខាន់​មួយ​ ដើម្បី​បង្កើត​កម្លាំង​ពលកម្ម សម្រាប់​ការ​ងារ​ទៅ​ថ្ងៃ​ខាង​មុខ»។​

ក្រៅតែពី​បញ្ហា​ធនធាន​មនុស្ស​នេះ​ ប្រទេស​កម្ពុជា​ ដែល​កំពុង​មានកំណើន​ការ​សាងសង់​ ក៏​ត្រូវ​បង្កើន​ការ​ប្រយ័ត្ន​ប្រយែង​ចំពោះ​វិស័យ​អចលន​ទ្រព្យ​ផង​ដែរ។​ ធនាគារ​ពិភពលោក​បាន​ស្នើ​ឲ្យកម្ពុជា​ធ្វើការ​តាម​ឃ្លាំមើល​ឲ្យបាន​ដិតដល់​ទៅ​លើ​ដំណើរ​ស្ទុះ​ឡើង​នៅ​ក្នុង​វិស័យ​សំណង់​ និង​អចលន​ទ្រព្យ​ និង​ការ​រៀបចំ​ឲ្យមាន​គោល​នយោបាយ​ប្រុង​ប្រយ័ត្ន​ក្នុង​ទិដ្ឋភាព​ម៉ាក្រូ​ គឺ​ជា​ការ​ចាំចាច់​ដើម្បី​កាត់បន្ថយ​វិសាល​ភាព​របស់​សកម្មភាព​រក​ស៊ី​កេង​យក​ចំណេញ​នៅ​ក្នុង​វិស័យ​ទាំង​នេះ។​

ការ​ព្យាករណ៍​អត្រា​កំណើន​សេដ្ឋកិច្ច​កម្ពុជា ​ដែល​ថា​ កំណើន​កើន​បាន​៦,៨​ភាគរយ​ក្នុង​ឆ្នាំ​២០១៧​ គឺ​ខុសគ្នា​បន្តិច​នឹង​ការ​ប៉ាន់​ស្មាន​របស់​ធនាគារ​អភិវឌ្ឍន៍​អាស៊ី​ (ADB)​ ដែល​កាលពី​ខែ​កញ្ញា​ឆ្នាំ​ ២០១៧​ បាន​ឲ្យ​ដឹង​ថា​ កំណើន​សេដ្ឋកិច្ច​កម្ពុជា​សម្រាប់​ឆ្នាំ​២០១៧ ​និង​២០១៨ គឺ​ស្ថិត​ក្នុង​អត្រា​៧,១​ភាគ​រយ​ ដោយ​សារ​ភាព​ប្រសើរ​ឡើង​នៃ​សេដ្ឋកិច្ច​ប្រទេស​កំពុង​អភិវឌ្ឍន៍​នៅ​តំបន់​អាស៊ី​ និង​ការ​ងើប​មក​វិញ​នៃ​សេដ្ឋ​កិច្ច​ឧស្សាកម្ម​ធំៗ។​ ​ក៏ប៉ុន្តែ​ ធនាគារ​នេះ​ក៏​បាន​ណែនាំ​ឲ្យកម្ពុជា​បង្កើន​ប្រសិទ្ធ​ភាព​កម្លាំង​ពលកម្ម​ ដើម្បី​រក្សា​បាន​កំណើន​ និង​ការ​ប្រកួតប្រជែង​ ឈាន​ដល់​ការ​កាត់បន្ថយ​ភាព​ក្រីក្រ។​

ជា​ផ្នែក​មួយ​នៃការ​បង្កើន​គុណភាព​ធនធាន​មនុស្ស​របស់​កម្ពុជា​ ធនាគារ​ពិភពលោក​កាល​ពី​ខែ​មេសា​ បានយល់​ព្រម​ផ្តល់​ហិរញ្ញប្បទាន​ចំនួន​៩០​លាន​ដុល្លារ​ដើម្បី​កែ​លម្អ​ការ​ស្រាវជ្រាវ​និង​ការ​អប់រំ​ថ្នាក់​ឧត្តម​សិក្សា​នៅ​ប្រទេសនេះ។

ធនាគារ​ពិភព​លោក​បាន​និយាយ​ថា​ ថវិកា​នេះ​នឹង​ត្រូវ​ផ្តល់​ទៅ​ឱ្យ​គម្រោង​កែ​លម្អ​សមត្ថភាព​នៃ​គ្រឹះ​ស្ថាន​ឧត្តម​សិក្សា​សម្រាប់​រយៈ​ពេល​៦​ឆ្នាំ​ ហើយ​មាន​គោល​បំណង​លើក​កម្ពស់​គុណ​ភាព​នៃ​ការ​អប់រំ​ និង​ការ​ស្រាវជ្រាវ​នៅ​តាម​ស្ថាប័ន​គោល​ដៅ​ដើម្បី​ពង្រីក​លទ្ធភាព​ទទួល​បាន​ការ​អប់រំ​ថ្នាក់​ខ្ពស់​ និង​លើក​កម្ពស់​អភិបាល​កិច្ច។​

លោក​ ​សុខ ឥសាន​ ​អ្នកនាំពាក្យ​គណបក្ស​គ្រប់គ្រង​ប្រទេស​ មាន​ប្រសាសន៍​ប្រាប់​ ​VOA​ ​ថា​ ការ​បណ្តុះ​បណ្តាល​ធនធាន​មនុស្ស​ជា​ទស្សនទាន​នៃ​កម្ម​វិធី​នយោបាយ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ ដែល​បានខិត​ខំ​ ធានា​ឲ្យ​បាន​នូវ​កំណើន​សេដ្ឋកិច្ច​ក្នុង​កម្រិត​នឹង​ន​មួយ​ អស់​រយៈ​ពេល​ជាច្រើន​ឆ្នាំ​មក​ហើយ​នេះ។​

«បញ្ហា​ដែល​ថា​ ពាក់​ព័ន្ធនឹង​ធនធាន​មនុស្ស​ហ្នឹង​ ខ្ញុំយល់​ថា​ នេះហើយ​ជា​ទស្សនៈ​វិស័យ​ របស់​រាជ​រដ្ឋា​ភិបាល​ ដែល​ថា​ មនុស្ស​ ទឹក​ ផ្លូវ​ ភ្លើង​ហ្នឹង​គឺ​ថា​ ស្ថិត​នៅ​ក្នុង​បួន​ចំណុច​ហ្នឹង​ឯង​ ហើយ​ក្នុង​បួន​ចំណុច​នេះ​ ​គឺ​ធនធាន​មនុស្ស​នេះ​ ជា​អាទិភាព​ទីមួយ​បាទ។ ​អីចឹងគឺ​ថា​ មិន​នេះ​ទេ​ គឺ​ថា​ យើង​យក​ចិត្ត​ទុកដាក់​ និយាយ​រួមគឺ​ថា​ ការ​ជំរុញឲ្យ​បណ្តា​ស្ថាប័ន​របស់​រដ្ឋ​ពាក់ព័ន្ធ​ហ្នឹង​ គឺ​ថា ​ខិតខំ​ដើម្បីធ្វើ​ម៉េច​ កសាង​ធនធាន​មនុស្ស​នោះឲ្យ​ស្រប​តាម​សភាព​ការណ៍​ថ្មី​ និង​ការ​រីក​ចម្រើន​ថែម​ទៀត​របស់​ប្រទេស​ជាតិ​របស់​យើង​ បាទ»។​

ទាក់​ទិនភាព​មិន​ប្រាកដ​ប្រជា​ដែល​អាច​កើត​ឡើង​នៅ​ក្នុង​អំឡុង​ពេល​នៃ​ការ​បោះឆ្នោត​ជាតិ​ខែ​កក្កដា​ឆ្នាំ​២០១៨​ខាង​មុខ​នេះ​ ​ លោក​ ​សុខ ឥសាន​មាន​ប្រសាសន៍​ថា​ ស្ថិរភាព​របស់​ប្រទេស​នៅ​បន្ត​មាន​ជា​ដរាប​ ហើយ​ដំណើរការ​ប្រជា​ធិបតេយ្យ​របស់​កម្ពុជា​ក៏នឹង​នៅតែ​បន្ត​ទៅមុខ​ជា​ធម្មតា​ ដែល​ផ្ទុយ​ពី​ការ​ប្រកាស​របស់​អតីត​មេ​ដឹកនាំ​គណបក្ស​ប្រឆាំង​ដែល​កំពុង​អំពាវនាវ​ឲ្យ​ប្រជា​ពលរដ្ឋ​ពហិការ​ការបោះ​ឆ្នោត​នោះ។​

សេដ្ឋ​វិទូ​របស់​ធនាគារ​ពិភព​លោក​ក៏​បាន​ថ្លែងពាក់​ព័ន្ធ​នឹង​ភាពតាន​តឹង​ខាង​នយោបាយ​ក្នុង​ការ​បោះ​ឆ្នោត​នេះ ដោយ​ក្រុម​អ្នក​ជំនាញ​នៃ​ធនាគារ​នេះនឹង​បន្តតាម​ដាន​យ៉ាង​ដិតដល់​ចំពោះ​ការ​វិវត្តន៍​នានា​របស់​នយោបាយ​កម្ពុជា។​ ​លោក​ ​Miguel Sanchez​ ​សេដ្ឋវិទូ​ជាន់​ខ្ពស់​របស់​ធនាគារ​ពិភព​លោក​ប្រចាំ​នៅកម្ពុជាលើក​ឡើង​ថា​ ធនាគារ​ពិភព​បាន​បន្ត​តាមដាន​ស្ថាន​ការណ៍​នយោបាយ​នៅ​មុន​ការ​បោះឆ្នោត​យ៉ាង​ចិត្តទុក​ដាក់​បំផុត​ តែ​លោក​ថា​ ភាពមិន​ប្រក្រតី​ខាង​ហិរញ្ញ​វត្ថុ​ទំនង​ជា​នឹង​មិន​កើត​ឡើង​ដូច​ការ​បោះឆ្នោតជាតិ​ចុងក្រោយ​ ដែល​ពេល​នោះ​មាន​ការ​ធ្លាក់​ចុះ​នូវ​ប្រាក់បញ្ញើ​បរទេស​នៅ​ធនាគារ​អស់​រយៈ​ពេល​ប្រមាណ​២ទៅ​៣​ខែ៕ ប្រភព៖ VOA