ក្រុង MOSUL —មនុស្ស​ជាង ៣ លាន​នាក់ ដែល​បាន​គេច​ចេញ​ពី​ផ្ទះ​សម្បែង​ដោយសារតែ​ការ​វាយ​ប្រយុទ្ធ​គ្នា​របស់​ក្រុម​ជ្រុល​និយម​រដ្ឋ​ឥស្លាម និង​សង្គ្រាម​ផ្សេង​ទៀត កំពុង​រស់នៅ​តាម​ជំរំ​នានា​នៅ​ទូទាំង​ប្រទេស​អ៊ីរ៉ាក់។ ជីវិត​រស់នៅ​ក្នុង​តំបន់​នោះ គឺ​រស់​មួយ​ថ្ងៃ​ដើម្បី​តែ​មួយ​ថ្ងៃ​ប៉ុណ្ណោះ។

ការ​បោះ​ឆ្នោត​នៅ​ក្នុង​ប្រទេស​អ៊ីរ៉ាក់​បាន​ប្រព្រឹត្តិ​ទៅ​កាល​ពី​ថ្ងៃ​សៅរ៍​កន្លង​ទៅ​នេះ ប៉ុន្តែ​នៅ​មុន​ការ​បោះ​ឆ្នោត​ចូល​មក​ដល់ ទោះបីជា​រដ្ឋាភិបាល​អ៊ីរ៉ាក់​ទទួល​បាន​ជ័យជម្នះ​លើ​ក្រុម​ជ្រុល​និយម​រដ្ឋ​ឥស្លាម​ក៏​ដោយ ក៏​អ្នក​មាន​សិទ្ធិ​បោះ​ឆ្នោត​ជា​ច្រើន​មាន​ការ​ខក​ចិត្ត ដោយសារតែ​ពួកគេ​មិន​ច្បាស់​ថា​ក្រុម​ណា​មួយ​អាច​ការពារ​ពួកគេ​បាន ឬក៏​ជួយ​ពួកគេ​ឲ្យ​វិល​មក​រក​សភាព​ដើម​វិញ​នោះ​ទេ។

អ្នកស្រី Umm Aysha ដែល​ជា​អ្នក​មាន​សិទ្ធិ​បោះ​ឆ្នោត​ម្នាក់ បាន​និយាយ​ថា៖ «យើង​អស់​សង្ឃឹម​ហើយ។ តើ​យើង​គួរ​បោះ​ឆ្នោត​ឲ្យ​នរណា?សាកសព​របស់​ក្រុម​គ្រួសារ​របស់​យើង​នៅតែ​ស្ថិត​នៅ​ក្រោម​កម្ទេច​ថ្ម​បាក់បែក​ដដែល ឬ​ក៏​យើង​មិន​ដឹង​ថា​ពួកគេ​នៅ​ទី​ណា​នោះ​ទេ។ ពួក​យើង​បាន​បែកបាក់​គ្នា​អស់​ហើយ»។

នៅ​ក្នុង​រដ្ឋធានី​បាកដាដ អ្នក​មាន​សិទ្ធិ​បោះ​ឆ្នោត​ខ្លះ​មាន​ទស្សនៈ​វិជ្ជមាន​ជាង​នេះ ដោយ​ពួកគេ​បាន​និយាយ​ថា សម្ព័ន្ធ​ភាព​ឆ្លង​និកាយ​ដែល​មាន​ការ​កើន​ឡើង​ប្រហែល​ជា​អាច​ជួយ​សមាជិក​រដ្ឋសភា​ថ្មី ដែល​ជ្រើសរើស​ចេញ​ពី​បេក្ខជន​ចំនួន ៧ ពាន់​នាក់ ឲ្យ​ជួយ​រៀបចំ​អនាគត​ប្រទេស​ជាតិ​បាន។

អ្នកស្រី Vox Pop ដែល​ជា​សកម្មជន​នយោបាយ​មួយ​រូប​នៅ​ក្នុង​ទីក្រុង​បាកដាដ បាន​និយាយ​ថា៖ «ស្ថានការណ៍​នយោបាយ​គឺ​គ្មាន​ស្ថិរភាព​ទេ។ យើង​ចង់​ដោះស្រាយ​បញ្ហា​នានា​ក្នុង​ចំណោម​ក្រុម​បែកបាក់ និង​ចម្រុះ​ផ្សេងៗ​គ្នា​ជា​ច្រើន​នៅ​ក្នុង​ប្រទេស​អ៊ីរ៉ាក់​នេះ»។

ចំណែក​ឯ​នៅ​តំបន់ Kurdistan នៃ​ប្រទេស​អ៊ីរ៉ាក់​វិញ អ្នក​មាន​សិទ្ធិ​បោះ​ឆ្នោត​បាន​បញ្ជាក់​ថា ការ​បោះ​ឆ្នោត​លើក​នេះ​គឺ​មាន​សារៈសំខាន់​ណាស់​សម្រាប់​អនាគត​របស់​ពួកគេ។

កាល​ពី​ឆ្នាំ​មុន តំបន់ Kurdistan នេះ បាន​បាត់បង់​ដែនដី​យ៉ាង​ច្រើន និង​ឯករាជ្យ​ភាព​របស់​ខ្លួន នៅ​ក្នុង​ភាព​ចលាចល​នយោបាយ​ដ៏​ធំ​មួយ ដែល​អ្នក​មាន​សិទ្ធិ​បោះ​ឆ្នោត​នៅ​ក្នុង​តំបន់​នេះ​បាន​និយាយ​ថា បញ្ហា​នេះ​អាច​ដោះស្រាយ​បាន​តែ​នៅ​ក្នុង​រដ្ឋសភា​នៅ​រដ្ឋធានី​បាកដាដ​តែ​ប៉ុណ្ណោះ។

រដ្ឋាភិបាល​អ៊ីរ៉ាក់​បង្កើត​ឡើង​ផ្អែក​លើ​ប្រព័ន្ធ​កូតា​មួយ ដែល​មាន​ការ​ជ្រើសរើស​តំណែង​ដឹកនាំ​នានា​ទៅ​តាម​ផ្នែក​ផ្សេងៗ​នៃ​ប្រជាពលរដ្ឋ​អ៊ីរ៉ាក់ ដែល​ក្នុង​នោះ​មាន​ដូចជា​អ្នក​កាន់​សាសនា​ឥស្លាម​និកាយ Shia អ្នក​កាន់​សាសនា​ឥស្លាម​និកាយ Sunni ពួក Kurd ស្ត្រី និង​ក្រុម​ជនជាតិ​ភាគ​តិច​ដទៃ​ទៀត​ជា​ដើម។

រដ្ឋសភា​ថ្មី​ដែល​មាន​អាសនៈ​ចំនួន ៣២៩ របស់​ប្រទេស​អ៊ីរ៉ាក់ នឹង​មាន​កាតព្វកិច្ច​ដោះស្រាយ​ដំណើរការ​ដ៏​ស្មុគស្មាញ​នៃ​ការ​ចរចា​បង្កើត​រដ្ឋាភិបាល​ថ្មី​មួយ ដែល​ក្នុង​នោះ​មាន​ទាំង​ការ​ជ្រើសរើស​នាយក​រដ្ឋមន្ត្រី និង​ប្រធានាធិបតី​ផង​ដែរ។

ប៉ុន្តែ អ្នក​វិភាគ​នានា​បាន​បញ្ជាក់​ថា វា​អាច​ត្រូវ​ការ​ពេល​ជា​ច្រើន​ខែ​មុន​ពេល​ដែល​តំណែង​កំពូលៗ​នៅ​ក្នុង​ប្រទេស​អ៊ីរ៉ាក់​ត្រូវ​បាន​ជ្រើសរើស ក្រោយ​ការ​ប្រកាស​លទ្ធផល​បោះ​ឆ្នោត៕ ប្រភព៖ VOA