វ៉ាស៊ីនតោន —ក្រុម​សមាជិក​សភា​អាមេរិកាំង នឹង​បើក​សវនាការ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ ដើម្បី​ពិភាក្សា អំពី​សេចក្តី​ស្នើ​ច្បាប់​ដាក់​ទណ្ឌកម្ម​លើ​រដ្ឋាភិបាល និង​មន្ត្រី​កម្ពុជា​ទាក់ទង​នឹង​ការ​ធ្វើ​ឲ្យ ធ្លាក់​ចុះ​ដំណើរការ​ប្រជាធិបតេយ្យ។

ក្រុម​សមាជិក​សភា​អាមេរិកាំង​ក្នុងគណៈ​កម្មការការ​បរទេស នឹង​បើក​សវនាការ​មួយ ដើម្បី​ពិភាក្សា​លើ​សេចក្តី​ស្នើ​ច្បាប់​លទ្ធិ​ប្រជាធិបតេយ្យ​កម្ពុជា ឬ ហៅ​ថា H.R. 5754, Cambodia ​Democracy Act រួម​នឹង​វិសោធនកម្ម​ផងដែរ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ ​ដោយ ផ្តោត​ទៅ​លើ​ការ​ដាក់ទណ្ឌកម្ម​នានា​ប្រឆាំងនឹង​រដ្ឋាភិបាល​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន ​និង​ក្រុម​មន្ត្រី ​ដែល​មាន​ជាប់ពាក់ព័ន្ធ​នឹង​ការ​ចោទប្រកាន់​ថា បាន​បំផ្លាញ​លទ្ធិ ប្រជាធិបតេយ្យ​នៅ​កម្ពុជា។

សវនាការ​លើសេចក្តី​ស្នើច្បាប់​ចម្រុះ​គណបក្ស​នេះ​ធ្វើឡើង​ ក្នុងអគារ​រដ្ឋសភា ​ក្នុងរដ្ឋ ធានីវ៉ាស៊ីនតោន​ ក្រោយ​រយៈពេល​៣ថ្ងៃ ​ដែល​គណបក្ស​សង្គ្រោះជាតិ​ដែលត្រូវ​រំលាយ មិនមាន​ឈ្មោះ​ចូលរួម​ប្រកួត​ប្រជែង​ក្នុងការ​បោះឆ្នោត​នៅថ្ងៃទី​២៩ ខែ កក្កដា​ ឆ្នាំ ២០១៨ ​ខាង​មុខ។

ក្រុម​មេដឹកនាំ​មិនត្រូវ​គេអនុញ្ញាត​ឲ្យមាន​សិទ្ធិ​ចូលរួម​ក្នុងការ​បោះឆ្នោត​ តែបន្ត​និរទេស ខ្លួននៅ​ក្រៅប្រទេស​ ហើយ​មេដឹកនាំ​ដែល​រងការ​ចោទប្រកាន់​ពីបទក្បត់​ជាតិគឺ​ លោក កឹម សុខា ​មិនត្រូវ​គេដោះលែង​ ខណៈ​ក្រុមអង្គការ​សង្គមស៊ីវិល​ និង​ អ្នក​សារព័ត៌មាន មិនត្រូវ​គេផ្តល់​សិទ្ធិសេរីភាព​ឡើងវិញ​ មុនការបោះ​ឆ្នោតទេ ​ក្រោយពី​ការ​បង្ក្រាប ដោយ​រដ្ឋាភិបាល។

សេចក្តី​ស្នើច្បាប់​ Cambodia ​Democracy ​Act លេខ​ H.R. 5754 ​និង​វិសោធនកម្ម បន្ថែម​មួយទៀត​កាលពី​ថ្ងៃទី១៤ ​ខែឧសភា​ ដែល ​VOA ​ទទួលបាន​នោះ ​បានរៀប រាប់លម្អិត​ពីការ​ដាក់ទណ្ឌកម្ម​លើបុគ្គល​ជាយោធា ​មន្ត្រីសន្តិសុខ​ មន្ត្រីរដ្ឋាភិបាល ដែលមាន​ការ​ពាក់ព័ន្ធ​នឹងការ​រំលោភ​សិទ្ធិមនុស្ស​និងបំផ្លាញ​លទ្ធិ​ប្រជាធិបតេយ្យ។ ទណ្ឌកម្ម​ទាំងនោះ​មានដូចជា​ការបង្កក​ទ្រព្យសម្បតិ​ ការមិន​ផ្តល់ទិដ្ឋាការ ​ការដាក់ ពិន័យ​តាមច្បាប់​ស្តីពី​អំណាច​សេដ្ឋកិច្ចគ្រា​មានអាសន្ន ​អន្តរជាតិ​ឬ ហៅថា International ​Emergency​ Economic ​Powers ​Act ។

សេចក្តី​ស្នើច្បាប់​នេះ​តាក់តែង​ដោយ​ លោក​ Ted Yoho​ សមាជិក​សភា​ខាង​គណបក្ស សាធារណរដ្ឋ ​មកពីរដ្ឋ ​Florida​ ជាប្រធាន​អនុគណៈកម្មាធិការ ​អាស៊ី​ប៉ាស៊ីហ្វិក​នៃ​គណៈកម្មការ​ការបរទេស។

លោក​ Ted Yoho ​បានថ្លែង​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​មួយថ្មីៗនេះ​ថា​សេចក្តី​ស្នើ ច្បាប់​នេះនឹង​ជួយដល់​ពលរដ្ឋ​កម្ពុជា​ទទួលបាន​លទ្ធិ​ប្រជាធិបតេយ្យ ​ដោយទប់​ស្កាត់ មិន​អនុញ្ញាត​ឲ្យលោក ​ហ៊ុន សែន​ពង្រឹង​អំណាច​តទៅទៀត។ ​លោក ​មានប្រសាន៍​ថា៖

«ពលរដ្ឋ​កម្ពុជា​កំពុង​ស្រេកឃ្លាន​ខ្លាំងនូវ​លទ្ធិប្រជាធិបតេយ្យ។ ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ​ជាបុរស​ខ្លាំងកម្ពុជា ​បានក្តោបក្តាប់​អំណាច​ជាច្រើន​ទសវត្សរ៍ ​ហើយគ្មាន បំណង​បន្ថយការច្បាម​អំណាច​ដោយកណ្តាប់​ដៃដែក​របស់គាត់ក្នុង​ប្រទេស​កម្ពុជា​ទេ។ ដោយសារ​សំឡេងគាំទ្រ​ចំពោះ​គណបក្សប្រឆាំង​កាន់តែរឹងមាំ​ឡើង​ក្នុងរយៈពេល​ប៉ុន្មាន ឆ្នាំ​ចុងក្រោយនេះ ​លោក​ ហ៊ុន សែន ​បាន​សម្រេចថា​បើគាត់​មិនកាន់​អំណាច​តទៅ ទៀត​តាមរយៈ​ប្រព័ន្ធបោះឆ្នោត​ក្លែងបន្លំទេ ​គាត់នឹង​បន្តកាន់​អំណាច​តាមរយៈ​កម្លាំង‍»។

សេចក្តី​ប្រកាស​ព័ត៌មាន​ដដែល​ បានបន្ត​ចោទ​ប្រកាន់​លោក ហ៊ុន​ សែន​ថាបាន​ប្រើ ប្រាស់​អំពើហិង្សា​ ការគំរាម​កំហែង ​ការចោទ​ប្រកាន់​បែប​បំផ្លើស​ ដើម្បី​វាយ​ប្រហារ​លើ គណបក្ស​ប្រឆាំង​ដែល​ប្រកាន់​ជំហរ​អហិង្សានោះ​ ដោយ​លោក​តំណាង​រាស្ត្រ អាមេរិកាំង​ រូបនេះ ​បានលើក​យក​សភា​និង​តុលាការ​កំពូល​គ្រប់គ្រង​ដោយ​គណបក្ស កាន់​អំណាច ​មកបញ្ជាក់​ថា ​គឺជាតួអង្គ​នៃការ​រំលាយ​គណបក្ស​សង្គ្រោះជាតិ​ រារាំង តំណាងរាស្ត្រ​ជាប់ឆ្នោត​មិនឲ្យ​បំពេញ​កិច្ចការ ​កម្ទេច​គណបក្ស​ប្រឆាំង​ដ៏សកម្ម​តែ​មួយ​របស់​ប្រទេស។

នៅក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​មួយផ្សេង​ទៀត​របស់​សមាជិក​សភា ​Alan Lowenthal មកពី​គណបក្ស​ប្រជាធិបតេយ្យ​ប្រចាំរដ្ឋ​កាលីហ្វ័រញ៉ា ​ដែល​បាន​បង្កើត​គណៈកម្មាធិការ​សភា​ដើម្បី​ពិនិត្យ​តាមដាន​ស្ថានការណ៍​នៅ​កម្ពុជា ​(Congressional​ Cambodia Caucus)​ ក្នុង​គោល​បំណង​ប្រមូល​សមាជិក​សភា​អាមេរិកាំង​ដ៏ទៃទៀត​ឲ្យ​ចាប់ អារម្មណ៍​អំពី​នយោបាយ​កម្ពុជា ​លោក​បាន​គាំទ្រ​ដល់សេចក្តី​ច្បាប់នេះ​បន្ថែម​លើទណ្ឌកម្ម​នានា​ដល់​មេដឹកនាំ​រដ្ឋាភិបាល​ និងមន្ត្រី​រដ្ឋាភិបាល​កម្ពុជា។ ​លោក​ថ្លែងថា៖

«សហសេវិក​ខ្ញុំនិងខ្ញុំ​ បានព្រមាន​រដ្ឋាភិបាល​លោក ​ហ៊ុន សែន​ម្តងហើយ​ម្តងទៀត​ថា ត្រូវតែ​ធ្វើតាម​កិច្ចព្រមព្រៀង​ដែលបាន​ចុះហត្ថលេខា​ដើម្បី​រៀបចំ​ការបោះឆ្នោត​តាម បែប​លទ្ធិប្រជាធិបតេយ្យ។​ តែមក​ទល់​ពេលនេះ​របបគ្រប់គ្រង​របស់​លោក​នាយក រដ្ឋមន្ត្រី​ហ៊ុន សែន​មិនទាន់​បានធ្វើអ្វី​សោះ ​ហើយ​ធ្វើពុត​ថាខ្លួន​នឹងរៀបចំ​ការបោះឆ្នោត ដោយ​សេរីនិង​យុត្តិធម៌​ត្រឹមត្រូវ។​ របបលោក​ហ៊ុន សែន ​បានគំរាម ​បាន​វាយប្រហារ បានចាប់​ដាក់គុក ​ហើយនឹង​រារាំង​សិទ្ធិនយោបាយ​ទាំងស្រុង​ចំពោះ​គណបក្ស​ប្រឆាំង ដ៏ធំជាងគេ​របស់​ប្រទេស​កម្ពុជា។​ របបនេះ ​បានបំផ្លាញ​សារព័ត៌មាន​សេរីនិង​ឯករាជ្យ និងកម្ចាត់​អង្គការជាតិ​និងអន្តរជាតិ​ ហើយ​បំផ្លាញ​ប្រព័ន្ធតុលាការ​ប្រទេស ​ដើម្បីធ្វើ កិច្ចការ​ស្មោកគ្រោក។​ វាជា​ពេលវេលា​ដែល​លោក ​ហ៊ុន សែន​ត្រូវបង់​តម្លៃ​ចំពោះ​កិច្ច ប្រឹងប្រែង​ របស់គាត់​ក្នុងការ​បំផ្លាញ​ពន្លក​ប្រជាធិបតេយ្យ​ដែលបាន​ចាប់ផ្តើម​រីកដុះ ដាល​ក្នុងប្រទេស​កម្ពុជា​នោះហើយ‍»។

លោក​ Alan Lowenthal ​បានឲ្យ​ដឹងថា​ទណ្ឌកម្ម​ទាំងនេះ​គឺអាស្រ័យ​ទៅលើ​លោក ប្រធានាធិបតី ​ដែលត្រូវ​ចុះហត្ថលេខា​លើសេចក្តី​ស្នើច្បាប់​នេះ​ នៅពេល​ដែល​មាន ការអនុម័ត​ចេញ​ពីសភា​រួច។

សេតវិមាន​ក្រោម​រដ្ឋបាល​លោក​ប្រធានាធិបតី ​ដូណាល់ ត្រាំ ​បានកាត់​ជំនួយ​បោះ ឆ្នោត​ចាប់តាំង​ពីចុងឆ្នាំ​ទៅម្ល៉េះ ​ដូចជា​សហភាព​អឺរ៉ុប​ដែរ។​តែប្រទេស​ទាំងពីរ​ ដែលជា​ម្ចាស់ជំនួយ​ដ៏ធំ ​និងផ្តល់​ការអនុគ្រោះ​សម្រាប់​ពាណិជ្ជកម្ម​ដ៏ធំជាង​គេ​បំផុត​សម្រាប់ កម្ពុជា​ក្នុង​ការទ្រទ្រង់​សេដ្ឋកិច្ច​កម្ពុជា​នោះ ​មិនទាន់​បានដក​ការអនុគ្រោះ​ពន្ធលើ​ទំនិញ នាំចូល​នៅឡើយទេ​ ទោះជា​មានការ​អំពាវនាវ​យ៉ាងខ្លាំង​ពីក្រុមអង្គការ​សិទ្ធិមនុស្ស យ៉ាងណាក្តី។

ទោះជា​យ៉ាងណាក្តី ​មន្ត្រីកម្ពុជា​រួមទាំង​លោក ​នាយករដ្ឋ​មន្ត្រី​ហ៊ុន​ សែន ​មិនបាន បង្ហាញ​ការញញើត​នឹងទណ្ឌកម្ម​សូម្បីតែ​បន្តិចនោះ​ទេ​ ប៉ុន្តែថែម​ទាំងពន្យុះ​បន្ថែម ទៀត។​ ការណ៍នេះ​ដោយសារ​តែអ្វីមួយ​ដែលគេ​ឃើញថា ​ចិនជា​មហាអំណាច​មួយ បាន​ក្លាយ​ជាខ្នង​បង្អែក​រឹងមាំ​សម្រាប់​កម្ពុជា​ ជាមួយនឹង​ការគាំទ្រ​ថវិកា ​និង ​បង្កើន វិនិយោគ​យ៉ាងខ្លាំង​នៅ​កម្ពុជា៕ ប្រភព៖ VOA