​នេះ​ជា​ខណៈពេល​ដ៏​ស្លុតរន្ធត់​មួយ ដែល​ខ្មាន់កាំភ្លើង​ម្នាក់​បាន​ប៉ុនប៉ង​ប្លន់​កូនក្មេង​សិស្សសាលា និង​គ្រួសារ​ជាច្រើន​ដែល​កំពុង​រង់ចាំ​ខាងក្រៅ​សាលារៀន​មួយ ក្នុង​ទីក្រុង Sao Paulo ប្រទេស​ប្រេ​ស៊ី​ល ប៉ុន្តែ សំណាងអាក្រក់ ខ្មាន់កាំភ្លើង​រូបនេះ ត្រូវបាន​ស្ត្រី​ជា​ម្តាយម្នាក់ និង​ជាម​ន្ត្រី​ប៉ូលីស​ក្រៅ​ភារៈកិច្ចដែលមាន​​ភាពក្លាហាន​ ដក​កាំភ្លើង​របស់​នាង​បាញ់​ទៅកាន់​បុរស​នោះ​ឲ្យ​ដេក​ដួល​នឹង​ដី​ពុំ​អាច​តដៃ​រួច ។​

​កាមេរ៉ា​សន្តិសុខ​បំពាក់​ខាងក្រៅ​សាលា​ឯកជន​មួយ​ក្នុង​ទីក្រុង Sao Paulo បាន​ចាប់បាន​ខណៈពេល​ដ៏​រន្ធត់​នេះ នៅវេលា​ម៉ោង​ប្រហែល ៨ ព្រឹក​ថ្ងៃ​សៅរ៍ ។​

​អ្នកស្រី Katia da Silva Sastre អាយុ ៤២ ឆ្នាំ ត្រូវបាន​ដឹងថា​ជាម​ន្ត្រី​ប៉ូលីស​ម្នាក់ ដែល​បាន​បាញ់ប្រហារ​ទៅលើ​ខ្មាន់កាំភ្លើង​ឈ្មោះ Elivelton Neves Moreira អាយុ ២១ ឆ្នាំ ដើម្បី​ការពារ​កូន​របស់​នាង ក៏ដូចជា​ក្រុមគ្រួសារ​ដទៃ ។ អ្នកស្រី​បាន​ដក​កាំភ្លើងខ្លី​របស់​នាង និង​បាញ់​ទៅលើ​ជនល្មើស​រូបនេះ​ចំនួន​៣​គ្រាប់​យ៉ាង​រហ័ស ។​

​អ្នកស្រី Sastre ត្រូវបាន​គេ​សរសើរ​ថា ជា​វីរនារី​សម្រាប់​ទង្វើ​នៃ​ភាពក្លាហាន​របស់​អ្នកស្រី និង​ត្រូវបាន​គេ​ផ្តល់​កិត្តិយស​នៅក្នុង​ពិធី​មួយ ដោយ​អភិបាលក្រុង Sao Paulo លោក MárcioFrança កាលពី​ថ្ងៃអាទិត្យ ។​

​ចំណែក​ជនសង្ស័យ ត្រូវបាន​ប្រកាសថា​បាន​ស្លាប់​នៅ​ថ្ងៃ​ដដែល​នោះ នៅក្នុង​មន្ទីរពេទ្យ ពី​ការរង​របួស​របស់គាត់ ៕