​បុរស​អាស៊ី​៣​នាក់ អាច​ប្រឈម​ជាប់ពន្ធនាគារ ៩ ឆ្នាំ ក្នុងករណី​ចោទប្រកាន់​លួច​ដក​រុក្ខជាតិ succulent (​ដែល​គេ​ហៅថា​ប្រទាល​លុយ​) នៅក្នុង​រដ្ឋ​កាលីហ្វ័រ​ញ៉ា ហើយ​ដឹក​យកទៅលក់​នៅ​បណ្តា​ប្រទេស​ក្នុង​អាស៊ី ។​

​បុរស​២​នាក់​ឈ្មោះថា Tae Hun Kim អាយុ ៥២ ឆ្នាំ និង​ឈ្មោះ Tae Hyun Kim អាយុ ៤៦ ឆ្នាំ មកពី​ប្រទេស​កូរ៉េខាងជើង និង​ម្នាក់ទៀត​ឈ្មោះ Liu Fengxia អាយុ ៣៧ ឆ្នាំ មកពី​ប្រទេស​ចិន ។​

​ព័ត៌មាន​នេះ​បាន​លេចចេញ បន្ទាប់ពី​មន្ត្រី​ប៉ូលីស​ម្នាក់​បាន​ជូនដំណឹង​ទៅ​ពួក​មន្ត្រី​សត្វព្រៃ ទាក់ទង​នឹង​ប្រអប់​កេស​រាប់សិប ដែល​កំពុង​ត្រូវបាន​គេ​ដឹកចេញទៅ​កាន់​ប្រទេស​ចិន ពី​ការិយាល័យ​ប្រៃ​ណី​យ៍ នៅ​រដ្ឋ​កាលីហ្វ័រ​ញ៉ា​ភាគ​ខាងជើង ។​

​អាជ្ញាធរ​បាន​ឆ្លើយតប​ចំពោះ​ករណីនេះ ហើយ​បានដឹងថា បុរស​ទាំងនេះ​កំពុង​ដក​រំលើង​រុក្ខជាតិ succulent យ៉ាងច្រើន នៅតាម​បណ្តោយ​ឆ្នេរសមុទ្រ Dudleya ។ ដែល​រុក្ខជាតិ​នេះ​មាន​ដើមកំណើត​លូតលាស់​នៅក្នុង​ទឹកដី​កាលីហ្វ័រ​ញ៉ា និង​ត្រូវបាន​ប្រើប្រាស់​ជា​គ្រឿង​តុបតែង​លម្អ​ក្នុងផ្ទះ​ផងដែរ ។​

​លោក Patrick Foy ប្រធាន​ក្រុម​នាយកដ្ឋាន​ជលផល និង​សត្វព្រៃ បាន​ឲ្យ​ដឹងថា បុរស​ទាំងនេះ​បាន​ចូល​សហរដ្ឋអាមេរិក ក្នុងនាម​ជា​ភ្ញៀវទេសចរ គ្រាន់តែ​ដើម្បី​លួច​ដឹក​រុក្ខជាតិ​នេះ​វិលត្រឡប់​ទៅ​ស្រុកកំណើត​របស់​ពួកគេ និង​ចែកចាយ​នៅក្នុង​កូរ៉េ​, ចិន និង​ជប៉ុន ប៉ុណ្ណោះ ។​

​លោក Foy បាន​ប្រាប់ AFP ថា «​បុរស​ទាំងនេះ កំពុង​គាស់​រំលើង​រុក្ខជាតិ​ដ៏​ផូ​ផង់​នេះ​ពី​ក្នុង​ទឹកដី​កាលីហ្វ័រ​ញ៉ា ដើម្បី​យកទៅលក់​ក្នុងតម្លៃ​ចន្លោះ​ពី ៤០ ដុល្លារ ទៅ ៥០ ដុល្លារ ក្នុង​១​ដុំ​» ។​

​លោក​បន្ថែមថា «​ជនសង្ស័យ​ទាំងនេះ​បាន​ចូល​អាមេរិក​នៅពេល​យប់ ឬ អំឡុងពេល​ថ្ងៃ​… ហើយ​ហាក់​ពេញចិត្ត​ទៅនឹង​ទីកន្លែង​ជាច្រើន​ដែល ពុំ​ល្អ​ក្នុង​ការធ្វើ​ទេសចរ ។ ទីកន្លែង​ទាំងនោះ​ពួកគេ​អាច​ចត​រថយន្ត និង​ចុះ​ដើរ​ប្រហែល​កន្លះ​ម៉ៃ​ល៍ និង​ពុំ​ត្រូវបាន​មនុស្ស​ជាច្រើន​ឃើញ​នោះទេ ។ ហេតុនេះ មនុស្ស​ទាំងនេះ​បាន​កំពុង​ដក​រុក្ខជាតិ​ដែល​ពួកគេ​អាច​ស្វែង​រកបាន ហើយ​ពួកគេ​នឹងដាក់​ពួកវា​ចូល​ប្រអប់​កេស​រាប់រយ​នៅពេលនោះ​» ។​

​សូមបញ្ជាក់ថា នេះ​មិនមែនជា​លើក​ទី​១​ទេ ដែល​ពួក​អ្នករត់​ស្រដៀង​គ្នា​នេះ ត្រូវបាន​ចាប់ខ្លួន​នៅ​រដ្ឋ​កាលីហ្វ័រ​ញ៉ា ។ នៅក្នុង​ខែមីនា បុរស​២​នាក់​ត្រូវបាន​ខ្លួន​ជាមួយ​រុក្ខជាតិ succulents ដាក់​ក្នុង​រថយន្ត ហើយ​កាលពី​ខែ​មុន មនុស្ស​៣​នាក់​ផ្សេងទៀត​ក៏ត្រូវ​បាន​ខ្លួន​ផងដែរ ៕