គូឡាឡាំពួ —ពួក​អ្នកគាំទ្រ​ដែល​មាន​ការឈឺចាប់​ជា​យូរយា​រណាស់​មក​ហើយ​របស់​គណបក្ស​ប្រ​ឆាំង​ម៉ាឡេស៊ី​នៅ​ទី​បញ្ចប់បាន​ដឹង​ពី​អ្វីដែល​គេហាក់​ដូចជា​មិន​ដែល​នឹក​ស្រម័យ​ដល់​គឺ ​បាន​ផ្តួល​របប​មួយ​ដែល​បាន​គ្រប់​គ្រង​ប្រទេស​អស់​រយៈ​ពេល​ជាង៦​ទសវត្សរ៍។

ពួកគេ​បាន​ស្រែក​ឈ្មោះ​របស់​ចលនា​មួយ​ដែល​បាន​ចាប់​ផ្តើម​កាល​ពី​២០​ឆ្នាំ​មុន​នៅ​ពេល​ដែល​មេដឹកនាំ​របស់​ពួកគេគឺ​លោក Anwar Ibrahim បាន​ជាប់​ពន្ធនាគារ មកពី​បញ្ជា​របស់​បុរស​ម្នាក់​ដែលឥឡូវនេះ​បាន​ដឹកនាំ​ពួកគេ​ឆ្ពោះ​ទៅ​កាន់​ជ័យជម្នះ។ លោក Zainul Azizan ​នៃ​គណបក្ស​ចម្រុះ Pakatan Harapan បាន​ថ្លែង​ថា៖

«ខ្ញុំ​មិនដែល​គិត​ថា ក្នុង​មួយ​ជី​វិត​របស់​ខ្ញុំ ​យើង​នឹង​ឈ្នះការ​បោះឆ្នោត​នេះ​ទេ។ ពី​ព្រោះ ប្រសិនបើ ​យើង​ចាញ់​ការ​បោះឆ្នោត​នេះ ​យើងខាត​បង់​រយៈ​ពេល​២០​ឆ្នាំ‍»។ វីរជន​នៃ​ពេល​រសៀល​នោះ​ក៏មាន​លោក Mahathir Mohamad អតីត​នាយករដ្ឋ​មន្ត្រីអាយុ​៩២​ឆ្នាំ​ដែល​បាន​ដឹកនាំ​ប្រទេស​អស់​រយៈ​ពេល​២០​ឆ្នាំ​ក៏ជា​អតីត​សត្រូវ​របស់​ពួកគេ​ដែរ។

លោក Mahathir បាន​បញ្ជា​ឲ្យ​ចាប់​ខ្លួន​លោក Anwar លើ​បទ​ចោទ​ប្រកាន់​ការរួម​សង្វាស​មនុស្ស​ភេទ​ដូច​គ្នា​នៅ​ឆ្នាំ​១៩៩៨ ​ក៏ប៉ុន្តែ ឥឡូវ​នេះ​ឈរឈ្មោះ​ជា​មេដឹកនាំ​គណបក្ស​ចម្រុះ Harapan Pakatan ឬ​សម្ព័ន្ធ​ភាព​នៃ​ក្តី​សង្ឃឹម (Alliance of Hope) ដែល​ជា​គណបក្ស​ប្រឆាំង​បាន​ទទួល​ជ័យ​ជម្នះ។

​មាន​មនុស្ស​ទុច្ចរិត​ម្នាក់​ទៀត​គឺ​នាយករដ្ឋ​មន្ត្រី Najib Razak មេដឹកនាំរបស់គណបក្ស​អង្គការ​សហភាពជាតិ​ម៉ាឡេ ឬ United Malays National Organization។

​លោក Razak ​ជាអតីត​អ្នក​បាន​ទទួល​ការ​បណ្តុះ​បណ្តាលរបស់​លោក Mahathir លោក​បាន​ធ្វើឲ្យ​ប្រទេស​លោក​ល្បីល្បាញ​ដោយ​ការ​ប្រព្រឹត្ត​អំពើ​អាក្រក់គឺ​ការ​ចោទ​ប្រកាន់​ពីការ​ទទួល​បាន​ប្រាក់​រាប់រយលាន​ដុល្លារ​ក្នុង​រឿង​អាស្រូវ​ពុករលួយ​ដែល​មាន​ប្រាក់​រាប់​រយ​លាន​ដុល្លារ​ជាមួយ​មូលនិធិវិនិយោគ​ទុន​រដ្ឋ 1MDB។

ចំពោះ​គណបក្សអង្គការ​សហភាព​ជាតិ​ម៉ាឡេ ឬ United Malays National Organization របស់លោក Najib គឺ​ការបរាជ័យ​ដ៏​ល្វីង​ជូរចត់​នៅ​ក្នុង​ការបោះ​ឆ្នោត​ដែល​មនុស្ស​ភាគច្រើនរំពឹង​ថា ​ពួកគេ​នឹង​ឈ្នះ។ លោក Sani អ្នក​ស្ម័គ្រចិត្ត​នៃ​គណបក្ស UMNO និយាយ​ថា៖ «យើង​យល់​ស្របហើយ​យើងគាំទ្រ​រដ្ឋាភិបាល​នេះ ​ហើយ​យើង​ប្រាកដ​ថា ​រដ្ឋាភិបាល​នឹង​ឈ្នះ​ការបោះឆ្នោត​នេះ‍»។

Saiful Ismail អ្នក​ស្ម័គ្រចិត្ត​ម្នាក់​ទៀត​នៃ​គណបក្ស UMNO បាន​និយាយ​ថា៖ «នេះ​ជា​ភស្តុតាង​របស់​ខ្ញុំ​សម្រាប់​រដ្ឋាភិបាល‍»។

នេះ​ជាភស្តុតាង​មួយពិតមែន ក៏ប៉ុន្តែ ​មិនមែន​សម្រាប់​រដ្ឋាភិបាល​ដែល​លោក​បាន​រំពឹង​ទុក​នោះ​ទេ៕ ប្រភព៖ VOA