រដ្ឋាភិបាល​កូរ៉េ​ខាង​ត្បូង​កំពុង​ជំរុញ​ឲ្យ​មាន​ការ​បន្ត​ទៅ​មុខ​នូវ​ជំនួប​ដែល​គ្រោង​នឹង​ធ្វើ​ឡើង​រវាង​មេដឹកនាំ​កូរ៉េ​ខាង​ជើង​លោក Kim Jong Un និង​ប្រធានាធិបតី​អាមេរិក​លោក Donald Trump បន្ទាប់ពី​រដ្ឋាភិបាល​កូរ៉េ​ខាង​ជើង​បាន​ព្រមាន​ថា ខ្លួន​អាច​លុប​ចោល​នូវ​ជំនួប​នេះ​ដោយសារតែ​សហរដ្ឋ​អាមេរិក​ទាមទារ​ឲ្យ​ខ្លួន​បំផ្លាញ​ចោល​នូវ​កម្មវិធី​អាវុធ​នុយក្លេអ៊ែរ​របស់​ខ្លួន។

ក្រុម​ប្រឹក្សា​សន្តិសុខ​ជាតិ​របស់​ប្រទេស​កូរ៉េ​ខាង​ត្បូង​បាន​ចេញ​សេចក្ដី​ប្រកាស​មួយ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ ដោយ​សន្យា «សម្របសម្រួល​ឲ្យ​បាន​ហ្មត់ចត់​តាម​រយៈ​បណ្ដាញ​ផ្សេងៗ» រវាង​រដ្ឋាភិបាល​ក្រុង​សេអ៊ូល រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន និង​រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង ដើម្បី​ធានា​ថា ជំនួប​នេះ «នឹង​ត្រូវ​ធ្វើ​ឡើង​ដោយ​ជោគជ័យ​ក្រោម​ស្មារតី​នៃ​ការ​គោរព​គ្នា​ទៅ​វិញ​ទៅ​មក»។

កាល​ពី​ថ្ងៃ​ពុធ​ម្សិលមិញ អនុ​រដ្ឋមន្ត្រី​ការបរទេស​ទី​មួយ​នៃ​ប្រទេស​កូរ៉េ​ខាង​ជើង​លោក Kim Kye Gwan បាន​និយាយ​ថា រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង​នឹង​ត្រូវ «ពិចារណា​ឡើង​វិញ» ថា​តើ​គួរ​ចូលរួម​នៅ​ក្នុង​ជំនួប​នោះ​ឬ​ក៏​អត់ ប្រសិនបើ​សហរដ្ឋ​អាមេរិក​នៅតែ​បន្ត​ទាមទារ​ឲ្យ​ខ្លួន​លះបង់​ចោល​ដោយ​ឯកតោភាគី​នូវ​កម្មវិធី​អាវុធ​នុយក្លេអ៊ែរ​របស់​ខ្លួន​នោះ។

លោក Trump បាន​ប្រាប់​អ្នក​សារព័ត៌មាន​នៅ​ឯ​សេតវិមាន​កាល​ពី​ល្ងាច​ថ្ងៃ​ពុធ​ម្សិលមិញ​ថា សហរដ្ឋ​អាមេរិក​មិន​ទាន់​ទទួល​បាន​ដំណឹង​ណា​មួយ​អំពី​ថា​តើ​ជំនួប​នេះ​នឹង​ធ្វើ​ឡើង ឬ​ក៏​យ៉ាង​ណា​នោះ​ទេ។ លោក Trump បាន​និយាយ​ថា៖ «យើង​ចាំ​មើល​ថា​តើ​នឹង​មាន​អ្វី​កើត​ឡើង។ ពេល​វេលា​អាច​បញ្ជាក់​ប្រាប់​អំពី​រឿង​នេះ​បាន»។

អ្នក​នាំ​ពាក្យ​សេតវិមាន​លោកស្រី Sarah Huckabee Sanders បាន​ប្រាប់​ទូរទស្សន៍ Fox News ថា លោក Trump កំពុង​ត្រៀម​ខ្លួន​ដើម្បី «ការ​ចរចា​ដ៏​តឹងតែង» មួយ ប៉ុន្តែ ប្រសិនបើ​ជំនួប​នេះ​ត្រូវ​បាន​លុប​ចោល «យើង​នឹង​បន្ត​យុទ្ធនាការ​ដាក់​សម្ពាធ​ជា​អតិបរមា» ដើម្បី​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​លើ​ប្រទេស​កូរ៉េ​ខាង​ជើង៕ ប្រភព៖ VOA