YANGON —ជន​ស៊ីវិល​រាប់​ពាន់​នាក់​នៅ​តែ​បន្ត​រត់ភៀសខ្លួន​នៅ​ភាគ​ខាង​ជើង​ប្រទេស​មីយ៉ាន់ម៉ា ស្រប​ពេល​មាន​ការ​កើត​ឡើង​ការ​វាយ​ប្រយុទ្ធ​គ្នា​ថ្មីៗ​ក្នុង​ប៉ុន្មាន​សប្តាហ៍​នេះ ហើយ​តំបន់​ភាគ​ច្រើន ជំនួយ​មនុស្សធម៌​អាច​ចូល​ទៅដល់​បាន​បន្តិចបន្តួច​ប៉ុណ្ណោះ​។ ​ការណ៍​នេះ​នាំ​ឲ្យ​មាន​ក្តីបារម្ភ​ពី​ដំណើរ​ការ​សន្តិភាព​សម្រាប់​ប្រទេស​នេះ​ ដែល​ស្ថិត​ក្រោម​ការ​ផ្ចុងផ្ដើម​ឡើង​ដោយ​រដ្ឋាភិបាល​បច្ចុប្បន្ន​នេះ។

ការ​ប្រយុទ្ធ​គ្នា​រវាង​កងទ័ព​មីយ៉ាន់ម៉ា​ ដែល​ត្រូវ​បាន​ស្គាល់​ថា Tatmadaw និង​ទាហាន​ទាមទារ​ឯករាជ្យ​តំបន់​ Kachin បាន​បង្ក​ឲ្យប្រជាជន​រស់​នៅ​តំបន់​ទីប្រជុំជន​យ៉ាង​ហោច​ណាស់​ចំនួន៣​ រត់​ភៀស​ខ្លួន​ក្នុង​រយៈ​ប៉ុន្មាន​សប្តាហ៍​ថ្មីៗ​នេះ នេះ​បើ​តាម​ប្រភព​ព័ត៌មាន​ក្នុង​ស្រុក​ដែល​បាន​រាយការណ៍​ប្រាប់ VOA។ ប្រជាជន​ផ្សេង​ទៀត​កំពុង​ជាប់​ក្នុង​តំបន់​ប្រយុទ្ធ​គ្នា​នៅ​ឡើយ។

ប្រជាជន​ជាង​១៥០​នាក់​មិន​អាច​ភៀស​ខ្លួន​ចេញ​ពី​តំបន់​ដែល​មាន​ការ​ប្រយុទ្ធ​គ្នា​ខ្លាំង​នៅ​ក្បែរ​តំបន់ Hpakant ដែល​ជា​តំបន់​ដាច់ស្រយាល​និង​សម្បូរ​ទៅ​ដោយ​ត្បូង​ទទឹម​ល្អៗ​ទេ នេះ​បើ​តាម​លោក Oo Choo ​អ្នក​តំណាងរាស្រ្ត​សភា​ថ្នាក់​តំបន់ ដែល​បាន​ប្រាប់​VOA ​តាមរយៈ​ទូរស័ព្ទ។

លោក​បាន​និយាយ​ថា៖ «​ប្រជាជន​នៅ​តំបន់​នោះ​មិន​អាច​ចេញ​ទៅ​ណា​អស់​រយៈ​ពេល​មួយ​សប្តាហ៍​ហើយ​‍»។

ជំនួយ​មនុស្ស​ធម៌

លោក​ David Baulk អ្នក​ជំនាញ​សិទ្ធិ​មនុស្ស​នៃ​ Fortify Rights បាន​និយាយ​ថា ប្រជាជន​រាប់​ពាន់​នាក់​បាន​ភៀស​ខ្លួន​រប៉ាត់រប៉ាយ​ដោយ​សារការ​ប្រយុទ្ធ​គ្នា​កាល​ពី​ពេល​ថ្មីៗ​នេះ។

លោក​ Baulk បាន​ប្រាប់​វីអូអេថា៖ «តំបន់​ភាគ​ច្រើន​នៃ​រដ្ឋKachin ជា​តំបន់​ដែល​មាន​ការ​ប្រយុទ្ធ​គ្នា​នៅ​ពេល​នេះ ហើយ​ស្ថានការណ៍​បែប​នេះ​បាន​ធ្វើ​ឲ្យ​ប្រជាជន​រត់​គេច​ពី​ការ​ស្លាប់។ បញ្ហា​ពិត​ប្រាកដ​ដែល​នាំ​ឲ្យ​មាន​ការ​រត់​ភៀស​ខ្លួន​រប៉ាត់រប៉ាយ​ក្នុង​តំបន់ Tanai និង​តំបន់​ផ្សេងៗ​ទៀត​នៃ​រដ្ឋ Kachin គឺ​រដ្ឋាភិបាល​មីយ៉ាន់ម៉ា​នៅ​តែ​បន្ត​ការ​ទប់ស្កាត់​ជា​លក្ខណៈ​ប្រព័ន្ធ​ហាមឃាត់​ក្រុម​ការងារ​ផ្តល់​ជំនួយ​មិន​ឲ្យ​ចូល​ទៅ​កាន់​តំបន់​ទាំង​នោះដើម្បី​ផ្តល់​ជំនួយ​បឋម​ដល់​ប្រជាជន​‍​នោះ​ទេ»។

លោក Knut Ostby អ្នក​សម្របសម្រួល​កម្មវិធី​អង្គការ​សហប្រជាជាតិ​សម្រាប់​ការ​តាំង​ទីលំនៅ​និង​មនុស្សធម៌​ប្រចាំ​ប្រទេស​មីយ៉ាន់ម៉ា បាន​ចេញ​សេចក្តីថ្លែងការណ៍​មួយ​កាលពី​ពេល​ថ្មីៗ​នេះ ថ្កោលទោស​អំពើ​ហិង្សា​ដែល​កើត​ឡើង​ក្នុង​ពេល​ថ្មីៗ​នេះ​ក្នុង​រដ្ឋ Kachin។

លោក​បាន​បញ្ជាក់​ក្នុង​សេចក្តីថ្លែងការណ៍​នោះ​ថា៖ «ខ្ញុំ​សូម​អំពាវនាវ​ឲ្យ​រាល់​ភាគី​ជម្លោះ​ទាំង​អស់​អនុញ្ញាត​ឲ្យ​ប្រជាជន​ដែល​កំពុង​រត់​ភៀស​ខ្លួន​និង​ជន​ស៊ី​វិល​ផ្សេង​ទៀត​ដែល​កំពុង​ស្ថិត​នៅ​ក្នុង​តំបន់​ជម្លោះ​អាច​រត់ភៀសខ្លួន​ទៅ​តំបន់​ដែល​មាន​សុវត្ថិភាពតាម​បំណង​របស់ពួកគេ និង​អនុញ្ញាត​ឲ្យ​ជំនួយ​មនុស្សធម៌​អាច​ដឹក​ជញ្ជូន​ទៅ​ដល់​ប្រជាជន​ទាំង​នោះ​ជា​បន្ទាន់​»។‍

ក៏​ប៉ុន្តែ​អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល​ លោក​ Zaw Htay បាន​ច្រានចោល​ទៅ​លើ​ការណ៍​ដែល​ថា ​ក្រុម​យោធា​បាន​បដិសេធ​មិន​ឲ្យ​ចូល​ទៅ​ផ្តល់​ជំនួយ​ដល់​ជន​ស៊ី​វិល​ដែល​ជាប់​ក្នុង​តំបន់​ជម្លោះ​នោះ។

លោក Htayបាន​និយាយ​ប្រាប់ VOA ​តាមរយៈ​ទូរស័ព្ទ​ថា៖ «​រដ្ឋាភិបាល​កំពុង​គាំទ្រ​រាល់​ជំនួយ​មនុស្សធម៌​សម្រាប់​ប្រជាជន​កាន់​សាសនា​គ្រិស្ត​ក្នុង​តំបន់​ជម្លោះ​នោះ‍»។ ក្រោយ​មក​លោក​បាន​ប្រាប់​ថា ចំពោះ​សំណួរ​បន្ថែម​ទៀត ឲ្យ​សួរ​ទៅ​កាន់​ក្រសួង​សុខុមាលភាព​សង្គម ជំនួយ​មនុស្សធម៌ និង​ការ​តាំង​ទីលំនៅ​ឡើង​វិញ ប៉ុន្តែ​ VOA មិន​ទាន់​អាច​ទាក់ទង​បាន​នៅ​ឡើយ​ទេ។

ឧក្រិដ្ឋកម្ម​សង្គ្រាម​

កាល​ពី​ថ្ងៃ​ទី ២៣ ខែ​ មេសា ​កន្លង​ទៅ​នេះ ក្រុម​អង្គការ​សង្គម​ស៊ីវិល​ក្នុង​រដ្ឋ Kachin ជាង​៣០ បាន​ចេញ​ផ្សាយ​លិខិត​មួយច្បាប់​ដែល​ជំរុញ​ឲ្យ​ក្រុម​ប្រឹក្សា​អង្គការ​សហប្រជាជាតិ​ពិចារណា​នាំ​យក​កងទ័ព​មីយ៉ាន់ម៉ា​ឲ្យ​ឡើងតុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ​សម្រាប់​សកម្មភាព​របស់​ពួកគេ​ក្នុង​រដ្ឋ​មួយ​នេះ។

សេចក្តីថ្លែងការណ៍​នោះ​បាន​សរសេរ​ថា៖ «ថ្វីត្បិត​តែ​ស្ថិត​ក្នុង​កាតព្វកិច្ច​របស់​ខ្លួន​ក៏​មិន​ពិត​មែន ប៉ុន្តែ​សហគមន៍​អន្តរជាតិ រួម​ទាំង​សមាជិក​នៃ​ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​បាន​បរាជ័យ​ក្នុង​ការ​អនុវត្ត​ច្បាប់​អន្តរជាតិ​‍»។ សេចក្តីថ្លែង​ការណ៍​នេះ​បាន​អះអាង​ថា ប្រជាជន​ក្នុង​រដ្ឋ Kachin កំពុង​រង«ការ​រំលោភ​បំពាន​ជា​ច្រើន​‍» យោង​តាម​ច្បាប់​អន្តរជាតិ។

សេចក្តីថ្លែងការណ៍​នេះ​ក៏​បាន​បញ្ជាក់​ថា យ៉ាង​ហោច​ណាស់​មាន​ជនស៊ីវិល​៣​នាក់​ក្នុង​រដ្ឋ Kachin ព្រម​ទាំង​មេដឹកនាំសហគមន៍​ Karen ម្នាក់​ បាន​បាត់​បង់​ជីវិត​ក្នុង​រយៈ​ពេល​ប៉ុន្មាន​សប្តាហ៍​នេះ។

សេចក្តីថ្លែងការណ៍​នោះ​ក៏​បាន​បន្ថែម​ថា «ទង្វើ​ទាំង​អស់​នេះ​គឺជា​ឧក្រិដ្ឋកម្ម​សង្គ្រាម ប៉ុន្តែ​មិន​ទាន់​មាន​ប្រទេស​ណាមួយ​ថ្កោលទោស​ការ​សម្លាប់​រង្គាល​ទាំង​អស់​នេះ​នៅ​ឡើយ​ទេ ​ហើយ​ក៏​មិនមាន​ប្រទេស​ណា​សន្យាថា​នឹង​ចាត់​វិធានការ​ឆ្លើយតប​នោះ​ដែរ​‍»។

ដំណើរការ​សន្តិភាព​នៅ​ជាប់​គាំង

ចាប់​តាំង​ពី​គណបក្ស​សម្ព័ន្ធជាតិ​ដើម្បី​លទ្ធិប្រជាធិបតេយ្យ​ចូល​កាន់​អំណាច​ជាង​ពីរ​ឆ្នាំ​មក​នេះ ដំណើរការ​សន្តិភាព​វិវត្ត​ទៅ​មុខ​តិច​តួច​ណាស់ បើ​ទោះ​ជា​លោក​ស្រី អង់សាន ស៊ូជី ដែល​ជា​ទីប្រឹក្សា​រដ្ឋ​បាន​និយាយ​ថា អ្នកស្រី​នឹង​ចាត់ទុក​បញ្ហា​នេះ​ជា​អាទិភាព​ក៏​ដោយ។

ក្នុង​ខែ​កុម្ភៈ ក្រុម​ប្រដាប់​អាវុធ​ជន​ជាតិ​ដើម​ភាគ​តិច​តូចៗ​ចំនួន​២​បាន​យល់​ព្រម​ចុះ​កិច្ចសន្យា​លើ​បទឈប់​បាញ់​ទូ​ទាំង​ប្រទេស​របស់​រដ្ឋាភិបាល ប៉ុន្តែ​ដំណើរ​វិវត្ត​នេះ​ត្រូវ​បាន​រំខាន​ដោយ​ការ​ប្រយុទ្ធ​គ្នា​ដែល​កើត​ឡើង​ថ្មីៗ​នៅ​រដ្ឋ Kayin ដែល​ជា​ទី​តាំង​របស់​សម្ព័ន្ធជាតិ Karen ដែល​អាច​ជា​ក្រុម​មួយ​ដែល​មាន​ឥទ្ធិពល​ខ្លាំង​បំផុត​ក្នុង​ចំណោម​ក្រុម​ទាំងពីរ ​និង​ដែល​បាន​ចុះ​ហត្ថលេខា​លើ​បទ​ឈប់​បាញ់​ទូទាំង​ប្រទេស​កាលពី​ខែ​តុលា ឆ្នាំ​២០១៥។

អស់​រយៈពេល​ជិត​ពីរ​ឆ្នាំ​មក​ហើយ​ចាប់​តាំង​ពី​រដ្ឋាភិបាល​បាន​រៀបចំ​កម្មវិធី​ចរចា​សម្រាប់​ដំណើរការ​សន្តិភាព ដូចជា​សន្និសីទ​សន្តិភាព​សហភាព​ Panglong សតវត្សរ៍​ទី​២១ ដែល​ជា​កម្មវិធី​លើក​ទីពីរ ​ដែល​ត្រូវ​បាន​រៀបចំ​ឡើង​ដោយ​គណបក្ស​សម្ព័ន្ធជាតិ​ដើម្បី​លទ្ធិប្រជាធិបតេយ្យ។ ​ធ្លាប់​មាន​ពាក្យ​ចចាម​អារ៉ាម​លេច​ឮ​ថា​ កម្មវិធី​បន្ទាប់ទៀត​នឹង​ធ្វើ​ឡើង​នៅ​ខែ​ឧសភា​នេះ ប៉ុន្តែ​មិន​ទាន់​មាន​ការ​បញ្ជា​ក់​ឲ្យ​ច្បាស់​នៅ​ឡើយ​ទេ៕ ប្រភព៖ VOA