លោក Javad Zarif រដ្ឋមន្ត្រី​ការបរទេស​អ៊ីរ៉ង់​បាន​និយាយ​កាល​ពី​ថ្ងៃ​អាទិត្យ​ថា ការ​គាំទ្រ​ខាង​នយោបាយ​របស់​អឺរ៉ុប​ដើម្បី​ការពារ​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អន្តរជាតិ​ឆ្នាំ​២០១៥ បន្ទាប់​ពី​អាមេរិក​ដក​ខ្លួន​ចេញ​ គឺ​មិន​គ្រប់គ្រាន់​នោះ​ទេ ប្រសិន​បើ​ក្រុមហ៊ុន​អឺរ៉ុប​ជាច្រើន​បញ្ឈប់​ការ​វិនិយោគ​របស់​ខ្លួន​នៅ​ក្នុង​ប្រទេស​អ៊ីរ៉ង់​នោះ។

លោក Zarif បាន​ថ្លែង​បន្ទាប់​ពី​កិច្ចប្រជុំ​ជាមួយ​នឹង​ឧត្តម​ស្នងការ​របស់​សហភាព​អឺរ៉ុប​លោក Miguel Arias Canete និយាយ​ថា «ការ​សម្រេច​ចិត្ត​របស់​ក្រុមហ៊ុន​សហភាព​អឺរ៉ុប​ក្នុង​ការ​បញ្ចប់​សកម្មភាព​របស់​ខ្លួន​ក្នុង​ប្រទេស​អ៊ីរ៉ង់​ធ្វើ​ឲ្យ​រឿង​នេះ​កាន់​តែ​ស្មុគស្មាញ»។ បណ្តាញ​ផ្សព្វផ្សាយ​សារព័ត៌មាន IRIB របស់​រដ្ឋ​ក្នុង​ប្រទេស​អ៊ីរ៉ង់​បាន​ស្រង់​សម្តី​របស់​លោក Zarif ដោយ​និយាយ​ថា «ការ​ដកខ្លួន​របស់​សហរដ្ឋអាមេរិក​ចេញ​ពី​កិច្ចព្រមព្រៀង​នេះ ធ្វើ​ឲ្យ​ការ​រំពឹង​របស់​សាធារណជន​អ៊ីរ៉ង់​ទៅ​លើ​សហភាព​អឺរ៉ុប​បាន​កើនឡើង ហើយ​ការ​គាំទ្រ​ខាង​នយោបាយ​របស់​អឺរ៉ុប​ចំពោះ​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​នេះ​គឺ​មិន​គ្រប់គ្រាន់​នោះ​ទេ‍»។

ជាមួយនឹង​ការ​គំរាមកំហែង​ឡើង​វិញ​របស់​អាមេរិក​ក្នុង​ការ​ដាក់​ទណ្ឌកម្ម​ទៅ​លើ​ក្រុមហ៊ុន​សហភាព​អឺរ៉ុប​ដែល​ធ្វើ​វិនិយោគ​ក្នុង​ប្រទេស​អ៊ីរ៉ង់ ក្រុមហ៊ុន​បរទេស​មួយ​ចំនួន​បាន​ដក​ខ្លួន​ចេញ​ពី​ប្រទេស​អ៊ីរ៉ង់​បាត់​ទៅ​ហើយ។

ក្រុមហ៊ុន​ Total ដែល​ជា​ក្រុមហ៊ុន​ប្រេង​ដ៏​ធំ​របស់​បារាំង​បានឲ្យ​ដឹង​ថា ខ្លួន​កំពុង​តែ​លុបចោល​ការ​វិនិយោគ​ក្នុង​ទឹកប្រាក់​៤,៨​ពាន់​លាន​ដុល្លារ​ក្នុង​ប្រទេស​អ៊ីរ៉ង់ ប្រសិន​បើ​មិន​ទទួល​បាន​ការ​លើកលែង​ទណ្ឌកម្ម​ពី​សហរដ្ឋអាមេរិក​ទេ​នោះ។ ចំណែក​ឯ​ក្រុមហ៊ុន Engie ដែល​ជា​ក្រុមហ៊ុន​ថាមពល​មួយ​ទៀត បាន​និយាយ​ថា ខ្លួន​មាន​ផែនការ​នឹង​បញ្ឈប់​ការងារ​វិស្វកម្ម​របស់​ខ្លួន​ក្នុង​ប្រទេស​អ៊ីរ៉ង់​មុន​ខែ​វិច្ឆិកា នៅ​ពេល​ដែល​អាមេរិក​និយាយ​ថា ខ្លួន​នឹង​ដាក់​ទណ្ឌកម្ម​ឡើងវិញ​លើ​ប្រទេស​អ៊ីរ៉ង់៕ ប្រភព៖ VOA