នៅ​ក្នុង​​ឱកាស​​ទិវា​ជាតិ​​នៃ​​ការ​ចងចាំ ​២០​ឧសភា ​លោក​នាយក​រដ្ឋមន្ត្រី ​ហ៊ុន សែន ​បាន​​អំពាវ​នាវ​​ឲ្យ​​ប្រជាពលរដ្ឋ​​ទាំង​អស់​​ចូល​រួម​​ថែ​រក្សា​​ការពារ​​សន្តិភាព​​ឲ្យ​​បាន​​គង់វង្ស​។ ​សូម​បញ្ជាក់​ថា ​នៅ​​ថ្ងៃ​អាទិត្យ​​នេះ ​កម្ពុជា​​ប្រារព្ធ​​ទិវា​​ជាតិ​​នៃ​​ការ​ចងចាំ ​២០ ​ឧសភា ​ដើម្បី​​រំលឹក​​ដល់​​វិញ្ញាណក្ខន្ធ ​ដល់​​ជន​រង​គ្រោះ​​ជាង​៣​លាន​​នាក់ ​ដែល​​បាន​​ស្លាប់​បាត់​បង់​ជីវិត​​នៅ​ក្នុង​​របប​​ប្រល័យ​ពូជសាសន៍​​ប៉ុលពត​។

ដូច​រាងរាល់ឆ្នាំ​ដែរ ទិវា​ជាតិ​នៃ​ការចងចាំ ឬ ទិវា​ចងកំហឹង ២០ ឧសភា ត្រូវបាន​រដ្ឋាភិបាល​​ក​ម្ពុ​ជា ប្រារព្ធ​ឡើង​នៅឯ​សារមន្ទីរ​ប្រល័យពូជសាសន៍​បឹង​ជើងឯក ស្ថិត​នៅ​ក្នុង​​ខណ្ឌដង្កោ ជាយ​ទីក្រុង​ភ្នំពេញ ដោយមាន​ការចូលរួម​ពី​មហាជន​ទូទៅ​ជាង៧ពាន់​នាក់។ ពិធី​នេះ បាន​ប្រារព្ធ​ធ្វើឡើង ក្រោម​អធិបតីភាព​អភិបាល​រាជធានី​ភ្នំពេញ លោក ឃួ​ង ស្រេង និង​អតីត​អភិបាល​រាជធានី​ភ្នំពេញ លោក ប៉ា សុជាតិ​វង្ស និង​អ្នកមុខអ្នកការ​ជាច្រើនរូប​ទៀត។ ពិធី​បានចាប់ផ្តើម​ដោយ​ការសំដែង​រឿង​ខ្លី ស្តីពី ការឡើង​កាន់អំណាច​នៃ​របប​ប្រល័យពូជសាសន៍ ប៉ុល ពត និង​ការ​ឈានទៅ​រំដោះប្រទេស​ចេញពី​របប​ខ្មែរ​ក្រហម ​នៅ​ថ្ងៃទី ៧ មករា ឆ្នាំ១៩៧៩ ។

ទិវា​ជាតិ​នៃ​ការចងចាំ ត្រូវបាន​រដ្ឋាភិបាល​ក​ម្ពុ​ជា ប្រារព្ធ​ឡើង ដើម្បី​ជាការ​រំលឹក​ដល់​វិញ្ញាណក្ខន្ធ​ដល់​ជនរងគ្រោះ​ជាង៣លាន​នាក់ ដែល​បាន​ស្លាប់បាត់​បង់ជីវិត នៅក្នុង​របប​ប្រល័យពូជសាសន៍​ប៉ុលពត។ សម្រាប់​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថ្ងៃទី ២០ ឧសភា​នេះ គឺជា​ការ​រំលឹក​ឡើងវិញ ដល់​ការឈឺ​ចាប់ពី​ឧក្រិដ្ឋកម្ម ដែល​បាន​កើតឡើង​ក្នុង​របប​ប្រល័យពូជសាសន៍​ប៉ុលពត (១៧ មេសា ១៩៧៥ – ៦ មករា ១៩៧៩)។ បើតាម​លោកនាយក​រដ្ឋមន្ត្រី ប្រជាពលរដ្ឋ​កម្ពុជា​ភាគច្រើន​លើសលុប បានដឹង និង​បាន​យល់ច្បាស់ អំពី​រឿងរ៉ាវ​សោកនាដកម្ម​ដ៏​ជូរចត់ ដែល​ប្រជាពលរដ្ឋ​ខ្មែរ​បាន​ឆ្លងកាត់​ជិត​៣​ទសវត្សរ៍ ក្នុង​ភ្នក់ភ្លើងសង្គ្រាម​និង​ទឹកភ្នែក ការកាប់សម្លាប់ ការបំផ្លិចបំផ្លាញ ការ​ជម្លៀស​​ចេញពី​ទីលំនៅ​របស់ខ្លួន​ដោយ​បង្ខំ និង​ការបង្ខំ​ឱ្យធ្វើ​ការ​ដូច​សត្វ​ធាតុ​ជាដើម។ មិន​តែ​ប៉ុណ្ណោះ ប្រជាពលរដ្ឋ​កម្ពុជា ត្រូវស្លាប់​ដោយ​គ្មាន​ថ្នាំសង្កូវ​ព្យាបាល គ្មាន​អាហារ​បរិភោគ​គ្រប់គ្រាន់ គ្មាន​សិទ្ធិសេរីភាព គ្មាន​លទ្ធិប្រជាធិបតេយ្យ ហើយ​សូម្បីតែ​សិទ្ធិ​រស់រាន​មាន​ជីវិត​ដែលជា​សិទ្ធិ​មូលដ្ឋាន​មាន​ពី​កំណើត​របស់​មនុស្ស​ក៏​គ្មាន​ដែរ។ ទន្ទឹមនឹង​ការ​លើក​ឡើង​​បែបនេះ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក៏បាន​ឆ្លៀត​យក​ថ្ងៃនេះ ដើម្បី​បន្ត​អំពាវ​នាវ​​ឲ្យ​ប្រជាពលរដ្ឋ​កម្ពុជា ចូលរួម​ថែរក្សា​ការពារ​សន្តិភាព ឱ្យបាន​គង់វង្ស​ជា​រៀងរហូត។ បើតាម​លោកនាយក​រដ្ឋមន្ត្រី សន្តិភាព​បាន​ផ្តល់ឱកាស​គ្រប់យ៉ាង ដល់​ប្រជាពលរដ្ឋ​ក្នុង​ការកសាង​សង្គម​គ្រួសារ សហគមន៍ និង​ប្រទេសជាតិ ឱ្យ​កាន់តែ​រីកចម្រើន​ឡើង។ សូមបញ្ជាក់ថា នេះ​គឺជា​ឆ្នាំ​ទី១ហើយ ដែល​ទិវា​ជាតិ​នៃ​ការចងចាំ ២០ឧសភា ត្រូវ​ប្រារព្ធ​ធ្វើ​ឡើង បន្ទាប់ពី​រដ្ឋាភិបាល​ក​ម្ពុ​ជា បានសម្រេច​ដាក់បញ្ចូល​ជា​ថ្ងៃ​ឈប់សម្រាក កាល​ពី​ដើម​ឆ្នាំ២០១៨ ខណៈ​ពីមុនមក​គេ​ស្គាល់​ត្រឹម​ថា ជា​ទិវា​នៃ​ការ​ចងកំហឹង។

គួរ​ជំរាបជូន​ដែរ​ថា ការ​ប្រារព្ធ​ទិវា​ជាតិ​នៃ​ការចងចាំ ២០ ឧសភា ឆ្នាំ២០១៨នេះ បាន​ធ្វើ​ឡើង​​ខណៈដែល​តុលាការ​ឧក្រិដ្ឋកម្ម​ប្រល័យពូជសាសន៍​ខ្មែរក្រហម (ECCC) កំពុង​បន្ត​ដំណើរ​​ការកាត់ទោស​លើ​អតីត​មេដឹកនាំ​ខ្មែរក្រហមកំពូលៗ រួមមាន លោក នួន ជា និង ខៀវ ​សំផន ពីបទ​ឧក្រិដ្ឋកម្ម​ប្រល័យពូជសាសន៍ ឧក្រិដ្ឋកម្ម​ប្រឆាំងនឹង​មនុស្សជាតិ និង​ឧក្រិដ្ឋកម្ម​សង្គ្រាម ខណៈ​លោក អៀង សារី អតីតរដ្ឋមន្ត្រី​ការបរទេស​និង​ភរិយា​បាន​ទទួល​​មរណភាព​ទៅហើយ កាលពី​ឆ្នាំ២០១៣ និង​ឆ្នាំ២០១។ បច្ចុប្បន្ន តុលាការ​នេះ ក៏​កំពុងបើក​ការស៊ើបអង្កេត​ទៅលើ​អតីត​អ្នកទទួលខុសត្រូវ​ខ្ពស់បំផុត​នៃ​របប​ខ្មែរ​ក្រហម​៤​រូប​​ទៀត នៅក្នុង​សំណុំរឿង០០៣ និង០០៤ ខណៈ​លោក​កាំ​ង ហ្គេ​ច​អ៊ា​វ ហៅ​ឌុ​ច អតីត​មេ​គុក​​ទួលស្លែង កំពុង​អនុវត្ត​ទោស​នៅក្នុង​ពន្ធនាគារ​អស់​មួយជីវិត៕ ប្រភព៖ RFI