លោក​នាយក​រដ្ឋ​មន្ត្រី ​ហ៊ុន សែន ​នៅ​​ថ្ងៃទី ​២១ ​ឧសភា​​នេះ ​បាន​​បន្ត​​ស្តី​បន្ទោស​​ដល់​​អាជ្ញាធរ​​អ៊ុន​តាក់​​ថា ​មិន​បាន​​ដោះ​ស្រាយ​​បញ្ចប់​​ភ្លើង​សង្គ្រាម ​ពី​​ប្រទេស​​កម្ពុជា​​ទាំង​ស្រុង​​នោះ​ទេ​។​ ប៉ុន្តែ​​តាម​រយៈ​គោល​នយោបាយ ​ឈ្នះ​-​ឈ្នះ ​របស់​លោក​​​ទៅ​វិញ​​ទេ ​ដែល​​បាន​បញ្ចប់​​ភ្លើង​សង្គ្រាម​​នៅ​​កម្ពុជា​​ទាំ​ង​ស្រុង ​នា​ឆ្នាំ​១៩៩៨ ​។ ​តាម​រយៈ​​នេះ ​កម្ពុជា​​គ្រោង​​នឹង​​រៀប​ចំ​​ពិធី​​អបអរ​សាទរ​​ដ៏​​ធំ​​មួយ​​នៅ​​ចុង​ឆ្នាំ​នេះ ​ដើម្បី​​ជា​ការ​​រំលឹក​​ឡើង​វិញ ​នូវ​​ការ​ដាក់​ចេញ​​គោល​នយោបាយ ​ឈ្នះ​-​ឈ្នះ ​របស់​លោក​​នាយករដ្ឋ​មន្ត្រី ​ហ៊ុន សែន​។​

ពិធី​អបអរសាទរ​ដ៏​ធំ​នេះ គ្រោង​នឹង​រៀបចំ​ធ្វើឡើង​នៅមុខ​វិមាន​ឈ្នះ​ឈ្នះ ដែល​កំពុង​សាង​សង់ឡើង នៅលើ​ផ្ទៃដី​ជាង១៥ហិច​តា ស្ថិតនៅក្នុង​តំបន់​អភិវឌ្ឍន៍​របស់លោក​ឧក​ញ៉ា លី យ៉ុង​ផាត់ សមាជិក​ព្រឹទ្ធសភា​គណបក្ស​ប្រជាជន​កម្ពុជា ស្ថិតក្នុង​ខណ្ឌ​ព្រែក​ព្នៅ ជាយ​ទីក្រុង​ភ្នំពេញ។ ពិធី​នេះ អាច​នឹង​ប្រារព្ធ​ធ្វើឡើង​នៅ​ថ្ងៃទី ២៩ ខែធ្នូ​ ចុង​ឆ្នាំ​ ២០១៨​នេះ ​ជា​​ថ្ងៃ​​ដែល​​អតីត​មេដឹកនាំ​ខ្មែរក្រហម រួមមាន លោក នួន ជា និង​លោក ខៀវ សំផន បាន​​ចូល​​តុ​ចរចារ ដើម្បី​ឈានទៅ​បញ្ចប់​ភ្លើងសង្គ្រាម​ដ៏​រ៉ៃ​រ៉ាំ​នៅ​កម្ពុជា តាមរយៈ​ការ​ធ្វើ​សមាហរណកម្ម​​នៃ​កងទ័ព​ខ្មែរក្រហម​នៅ​ឆ្នាំ១៩៩៨ ។

គួរ​រំលឹក​ជូន​ថា កាលពី២០ឆ្នាំមុន ដែលជា​ការបញ្ចប់​នូវ​ការ​វាយ​ប្រយុទ្ធ​គ្នា​រវាង​កងទ័ព​រាជ​រ​ដ្ឋា​ភិ​បាល​​គណបក្ស​ប្រជាជន​កម្ពុជា និង​កងទ័ព​ខ្មែរក្រហម ទៅតាម​អ្វីដែល​គេ​ដឹងថា ជា​ជោគ​ជ័យ​​របស់​គោលនយោបាយ ឈ្នះ-ឈ្នះ របស់លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន។ ថ្លែង​​នៅ​ក្នុង​ពិធីបើកការដ្ឋាន​សាងសង់​កំណាត់​ផ្លូវជាតិ​លេខ៥ ក្រោម​ហិរញ្ញប្បទាន​សម្បទាន​​ពី​រដ្ឋាភិបាល​ជប៉ុន នៅ​ថ្ងៃទី ២១ ឧសភា នេះ លោកនាយក​រដ្ឋមន្ត្រី​បាន​អះអាង​ថា តាមរយៈ​គោលនយោបាយ ឈ្នះ-ឈ្នះ នេះហើយ ដែល​បាន​បិទ​បញ្ចប់​ប្រទេស​កម្ពុ​ជា​មួយ​​មាន​តំបន់​ត្រួតត្រា​ពីរ នោះ​គឺ​របប​របស់​រដ្ឋាភិបាល​ក្រុងភ្នំពេញ និង​កងកម្លាំង​ចលនា​​តស៊ូ​របស់​ពួក​ខ្មែរក្រហម ហើយ​ជា​អ្វីដែល លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​អះ​អាង​ថា «សាម​កុក» មិនមែន​មានតែ​នៅ​ស្រុក​ចិន​នោះទេ «សាម​កុក» ក៏មានដែរ​នៅ​ក្នុង​​ប្រទេស​កម្ពុជា។

គួរ​ជំរាបជូន​ថា ដើម្បី​រំលឹក​ទៅដល់​ជ័យជំនះ​នេះ រដ្ឋាភិបាល​ក្រុងភ្នំពេញ តាមរយៈ​ក្រសួង​ការពារជាតិ បាននិងកំពុង​សាងសង់​វិមាន​អនុស្សាវរីយ៍​នយោបាយ​ឈ្នះ-ឈ្នះ ដែល​​ស្ថិតនៅលើ​ផ្ទៃដី​ជាង១៥ហិកតា ស្ថិតក្នុង​តំបន់​អភិវឌ្ឍន៍​របស់លោក​ឧក​ញ៉ា លី យ៉ុង​ផាត់ សមាជិក​ព្រឹទ្ធសភា​គណបក្ស​ប្រជាជន​កម្ពុជា ក្នុង​ខណ្ឌ​ព្រែក​ព្នៅ ជាយ​ទីក្រុង​ភ្នំពេញ។ ការសាងសង់​វិមាន​នេះ គឺ​ដើម្បី​រម្លឹក​ដល់​គុណូបការៈ​របស់​បុព្វបុរស​ខ្មែរ​គ្រប់​សម័យកាល ដែល​បាន​លះបង់​ជីវិត ក្នុង​បុព្វហេតុ​ជាតិ​មាតុភូមិ។ ម្យ៉ាងទៀត វិមាន​នេះ ក៏​ជា​និមិត្តរូប​នៃ​សុខសន្តិភាព ដែល​កម្ពុជា​ទទួលបាន ក្រោយពី​បញ្ចប់​សង្គ្រាមស៊ីវិល​ដ៏​រ៉ាំរ៉ៃ​ជាច្រើន​ទសវត្សរ៍​កន្លងមក។ បើតាម​អ្នកនាំពាក្យ​ក្រសួងការពារជាតិ លោកនាយ​ឧ​ត្ត​ម​សេនីយ៍ ឈុំ សុជាតិ វិមាន​ជ័យជំនះ​នេះ សម្រេចបាន​ការសាងសង់​ជាង៧៥ភាគរយ​ហើយ​ ហើយ​គ្រោង​នឹង​បញ្ចប់​ឲ្យ​បាន​មុន​ទិវា​បុណ្យ​ឯករាជ្យ​ជាតិ ថ្ងៃទី ៩ វិច្ឆិកា ខាង​មុខ​នេះ​៕ ប្រភព៖ RFI