​មានរឿងរ៉ាវក្តៅក្រហាយ​មួយ​បានធ្វើ​ឲ្យ​អ្នកលេង​ហ្វេ​ស​ប៊ុ​ក​ភ្ញាក់ផ្អើល​ជាថ្មី​ទៀតហើយ បន្ទាប់ពី​បុរស​អតិថិជន​ចិត្តសឿង​ម្នាក់ ដែល​ចង់​បំបាក់មុខ​អ្នកលក់ដូរ​ចូលចិត្ត​លក់​កេងចំណេញ​ដ៏​ជ្រុល​ហួស កើតទុក្ខ​មិន​សុខចិត្ត ជិះ​ម៉ូតូ​មក​តវ៉ា បន្ទាប់ពី​គាត់​ទិញ​ធូ​រ៉េ​ន​អស់ ៣,៤ គីឡូក្រាម ប៉ុន្តែ ពេល​ដល់ផ្ទះ​ថ្លឹង​មើល​ស្រាប់តែ​ពិនិត្យឃើញ​ខ្វះ​ភ្នែកជញ្ជីង​ដ៏​ច្រើន​ពុំ​អាច​ទទួលយកបាន ។​

Loading...

​តាម​វីដេអូ​ថត​ដោយ​ខ្លួនឯង​ផ្ទាល់ បុរស​ចិត្ត​ម៉ា​បាវ​យើង បាន​ជិះ​ម៉ូតូ​ថត​បង្ហាញ​ពី​កន្លែង​លក់​ធូ​រ៉េ​ន​កេង​ភ្នែកជញ្ជីង​ជាច្រើន ស្ថិតនៅតាម​បណ្តោយ​ផ្លូវ​សហព័ន្ធរុស្ស៊ី ពោលគឺ​ទល់មុខ​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ (​ពោធិ៍ចិនតុង​) ។ នៅ​កន្លែង​លក់​ធូ​រ៉េ​នកោរ​ភ្នែកជញ្ជីង​មួយ បុរស​រូបនោះ បាន​ចូលទៅ​តវ៉ា​បង្ក​ឲ្យ​កើតជា​ជម្លោះ​ជជែក​គ្នា​ឡើង​តឹងសរសៃក​តែម្តង ។​

​នៅក្នុង​វីដេអូ ត្រូវ​បានឃើញ​បន្ទាប់​បុរស​នោះ​ប្រគល់​ធូ​រ៉េ​ន​ឲ្យ​វិញ និង​រួមទាំង​និយាយ​ទាក់ទង​នឹង​ធូ​រ៉េ​ន​ស៊ី​គីឡូ​… ហើយ​នៅពេលនោះ ស្ត្រី​អ្នកលក់​ជា​ប្រពន្ធ ក៏បាន​ដក​លុយ​ហុច​ឲ្យ​គាត់​វិញ និង​ដេញ​ឲ្យ​ទៅ​ថត​ឲ្យ​ឆ្ងាយ ប៉ុន្តែ បុរស​នោះ​ពុំ​ព្រម​ទាន់​ថយ​ចេញ​ឡើយ ដោយ​នៅតែ​ព្យាយាម​ថត និង​និយាយ​ដដែលៗ ដើម្បី​ឲ្យ​ប្តី​ប្រពន្ធ​អ្នកលក់​នោះ​បាក់មុខ​នៅលើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​តែម្តង ។​

​អ្វីដែល​ធ្វើ​ឲ្យ​មហាជន​កាន់តែ​ហួសចិត្ត​នោះ គឺ​នៅ​ចំណុច​ចុងក្រោយ​នៃ​វីដេអូ ស្ត្រី​ជា​ប្រពន្ធ​នោះ​ត្រូវបាន​លឺ​និយាយ​យ៉ាងច្បាស់ៗ​ទៅកាន់​បុរស​នោះ​ថា «​យើង​រក​អារ​បស់​ថោក អត់​គ្រប់​គីឡូ​ចឹ​ងហើយ​… លក់បាន​តាស ១៥០០០ អត់​គ្រប់​គីឡូ​! ឥឡូវ​ឲ្យ ២០០០០ ទៅ លក់​អា​គ្រប់​គីឡូ​ឲ្យ​… ចប់!!» ៕ ចន្ទី​