ការ​រុករក​ខ្មោច​យន្តហោះ​MH៣៧០ របស់​ក្រុមហ៊ុនអាកាសចរណ៍​​ម៉ាឡេស៊ី​អ៊ែរឡាញ ដែល​បាន​បាត់​ខ្លួន​ យ៉ាង​ចម្លែក កាលពី​ថ្ងៃទី ៨​មីនា ឆ្នាំ​២០១៤ នឹង​ត្រូវ​បិទ​បញ្ចប់ទាំង​ស្រុង​​ នៅ​ថ្ងៃទី​២៩​ឧសភា ២០១៨ ខាង​មុខ​នេះ​ហើយ។ នេះ​បើ​តាម​សេចក្តី​ប្រកាស​ជូន​ដំណឹង​របស់​ក្រសួង​ដឹកជញ្ជូនម៉ាឡេស៊ី នៅ​ថ្ងៃពុធ​ទី ២៣​ឧសភា ២០១៨។

ការងារ​រុក​រកខ្មោច​យន្តហោះ វគ្គ​ដំបូង​ ​​ដោយ​មាន​កិច្ច​​សហការ​ជាមួយ​អូស្ត្រាលី​ ត្រូវ​បាន​ផ្អាក​ម្តង​ហើយ​កាលពី​ខែ​មករា ២០១៧ ! ព្រោះ​គេ​គ្មាន​រក​ឃើញ​ដាន​អ្វី​បន្តិច​បន្តិច​សោះ​ នៅ​ក្នុង​តំបន់​ស្វែង​រក​ដែល​ទំហំ​ដល់​ទៅ ១២​ម៉ឺន​គីឡូម៉ែត្រ​ការ៉េ គិតតាំង​ពី ភាគ​ខាង​ត្បូង​មហាសមុទ្ទ​ឥណ្ឌា ទៅ​ទល់​នឹង​ឆ្នេរ​អូស្ត្រាលី។

ប៉ុន្តែ​ដោយ​សារ​សម្ពាធ​របស់​ក្រុមគ្រួសារ​រជនងគ្រោះ អតីត​រដ្ឋាភិបាល​ម៉ាឡេស៊ី បាន​ព្រមព្រៀង​ឱ្យ​ក្រុមហ៊ុន​ឯកជន Ocean Infinity ជំនាញ​ផ្នែក​រុក​ក្រោម​សមុទ្ទ បន្ត​ការ​រុករក និង​បង់​ប្រាក់​តែ​ក្នុង​ករណី​រក​ឃើញ​ប្រអប់​ខ្មី​ឬ​ខ្មោច​យន្តហោះ​តែ​ប៉ុណ្ណោះ។ Ocean Infinity ផ្តុំ​ការ​រុក​រក នៅ​តំបន់​ថ្មី ទំហំ​២៥០០០​គីឡូម៉ែត្រ​ការ៉េ ពី​លើ​តំបន់​រុក​រក​មុន ដោយ​ប្រើ​វានា​ន័រវែស Seabed constructor បំពាក់​ដោយ​ដ្រូន​ចាប់​សំឡេង​និង​កាមេរ៉ា ​ចំនួន​៨គ្រឿង អាចមុជ​ក្រោម​ទឹក​ជម្រៅ​៦ពាន់​ម៉ែត្រ។

នៅ​ថ្ងៃនេះ រដ្ឋមន្ត្រី​ក្រសួង​ដឹកជញ្ជូន​​ដែល​ជា​សមាជិក​របស់​រដ្ឋាភិបាល​ថ្មី​ម៉ាឡេស៊ី ឡើង​កាន់​អំណាច​កាលពី​ថ្ងៃទី ៩ ឧសភា បាន​ជូន​ដំណឹង​ថា ក្រុម​ហ៊ុន​Ocean Infinity ដែល​តាម​ធម្មតា​ត្រូវ​​បញ្ឈប់​ការ​ងារ​រុក​រក​របស់​ខ្លួន តាំង​ពី​ខែមេសា​មក នឹង​បន្ត​​ប្រតិបត្តិការ​ត្រឹម​​ថ្ងៃ​ទី ២៩​ឧសភា​ប៉ុណ្ណោះ។

តំណាង​ក្រុម​គ្រួសារ​ជនរងគ្រោះ​ មិន​ភ្ញាក់​ផ្អើល​នឹង​សេចក្តី​ជូន​ដំណឹង​នេះ​ទេ ប៉ុន្តែ​យល់​ថា​រដ្ឋាភិបាល​គួរ​តែ​បើក​លទ្ធភាព​ឱ្យ​ក្រុមហ៊ុន​ផ្សេង​ទៀត​ណា​ដែល​ចង់​ធ្វើ​ការ​រុក​មាន​ឱកាស​ធ្វើ​ដោយ​ឈរ​លើ​គោលការណ៍​ផ្តល់​ប្រាក់​បំណាច់​ទៅ​តាម​លទ្ធផល​ការងារ។ នៅ​ក្នុង​លិខិត​ផ្ញើ​ជូន​ទៅ​រដ្ឋាភិបាល ក្រុម​តំណាង​ជន​រងគ្រោះ​បាន​ស្នើ​ឱ្យ​មាន​ការ​ត្រួត​ពិនិត្យ​ពេញ​លេញ រាល់​គ្រប់​ចំណុច​ទាក់ទង​នឹងការ​បាត់​យន្តហោះ និង​បើក​អង្កេត​រាល់​គ្រប់​ការ​ប៉ុនប៉ង​ចម្លង​ឬ​បំផ្លាញ​ឯកសារ​ទាក់ទង​នឹង​យន្តហោះ​MH៣៧០។ ​

យន្តហោះ​ប៊ូអ៊ីង ជើង​ហោះហើរ​លេខ​MH៣៧០ របស់​ក្រុមហ៊ុន​អាកាសចរណ៍​ម៉ាឡេស៊ី​អ៊ែរឡាញ​ ផ្ទុក​អ្នក​ដំណើរ​២៣៩​នាក់ សំដៅ​ក្រុង​ប៉េកាំង បាន​បាត់​សញ្ញា​ឈឹង ក្រោយ​ពី​ហោះ​ចេញ​ពី​ក្រុង​កូឡាឡាំពួរ បាន​បន្តិច៕ ប្រភព៖ RFI