រដ្ឋមន្រ្តី​ក្រសួង​រ៉ែ និង​ថាមពល នៅ​ថ្ងៃ​ទី ២៣ ឧសភា​នេះ បាន​ព្រមាន​ថា នឹង​ដក​ហូត​អាជ្ញាបណ្ណ​ក្រុមហ៊ុន​រុក​រក​រ៉ែ​ណា ដែល​មិន​បាន​អនុវត្ត​ត្រឹម​ត្រូវ​តាម​លក្ខខណ្ឌ និង​បទ​បញ្ញត្តិ​នានា ពិសេស​ទាក់​ទង​នឹង​បរិស្ថាន និង​សង្គម។ ការ​ព្រមាន​នេះ បាន​ធ្វើ​ឡើង​នៅ​ក្នុង​កិច្ច​ប្រជុំ​មួយ ជាមួយ​ក្រុម​ហ៊ុន​រុករក​រ៉ែ​លោហៈ​នៅ​កម្ពុជា ចំនួន ២៥​ក្រុមហ៊ុន នៅ​ព្រឹក​ថ្ងៃ​ទី​២៣​ឧសភា​នេះ។ អ្វី​ជា​ការ​កត់​សំគាល់ ការ​ព្រមាន​នេះ ធ្វើ​ឡើង​ក្រោយ​ពី​មាន​ការ​ចោទ​ប្រកាន់​ថា ក្រុមហ៊ុន​រុក​រក​រ៉ែ​មួយ​ចំនួន បាន​បំពុល​ទឹក​នៅ​ខេត្ត​ក្រចេះ ប៉ុន្តែ​ការ​ចោទ​ប្រកាន់​នេះ​ត្រូវ​បាន​ច្រាន​ចោល។

«ចាប់​ពី​ពេល​នេះ​ទៅ បើ​មាន​ក្រុមហ៊ុន​រុក​រក​រ៉ែ​ណា​អនុវត្ត​មិន​បាន​ត្រឹម​ត្រូវ​តាម​លក្ខខណ្ឌ នោះ​ក្រសួង​នឹង​មិន​អត់​ឱន​ឱ្យ​ឡើយ ពោល​គឺ​ត្រូវ​អនុវត្ត​ទៅ​តាម​ច្បាប់ ឬ ដក​ហូត​អាជ្ញាបណ្ណ​តែ​ម្តង»។ នេះ​គឺ​ជា​ការ​ព្រមាន​របស់​លោក ស៊ុយ សែម រដ្ឋមន្រ្តី​ក្រសួង​រ៉ែ និង ថាមពល នៅ​ក្នុង​កិច្ច​ប្រជុំ​ជាមួយ​ក្រុមហ៊ុន​រុក​រក​រ៉ែ​លោហៈ​ចំនួន ២៥ ដែល​ទទួល​បាន​អាជ្ញាបណ្ណ​ពី​រដ្ឋាភិបាល​កម្ពុជា។

សូម​បញ្ជាក់​ថា នៅ​ថ្ងៃ​ទី ២៣ ឧសភា​នេះ រដ្ឋមន្រ្តី​ក្រសួង​រ៉ែ និង​ថាមពល បាន​កោះ​ប្រជុំ​ជាមួយ​ក្រុមហ៊ុន​រុក​រក​រ៉ែ​លោហៈ​ចំនួន ២៥​នៅ​កម្ពុជា ដើម្បី​ក្រើន​រំលឹក​ឲ្យ​ក្រុមហ៊ុន​ទាំង​នោះ​គោរព​ទៅ​តាម​ច្បាប់ និង​លក្ខន្តិកៈ​នានា ដើម្បី​ធានា​ថា ប្រតិបត្តិ​ការ​របស់​ពួក​គេ មិន​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់ បរិស្ថាន និង​សង្គម​កម្ពុជា​ឡើយ។

ប៉ុន្តែ​អ្វី​ជា​ការ​កត់​សំគាល់ កិច្ច​ប្រជុំ​រវាង​ក្រសួង​រ៉ែ និង​ថាមពល ជាមួយ​ក្រុមហ៊ុន​រុក​រក​រ៉ែ​លោហៈ​ទាំង​២៥​នៅ​កម្ពុជា​នេះ បាន​ធ្វើ​ឡើង​ក្រោយ​ពី​មាន​ការ​ចោទ​ប្រកាន់​ថា ក្រុមហ៊ុន​រុក​រក​រ៉ែ​មួយ​ចំនួន​បាន​ធ្វើ​ឲ្យ​ពុល​ទឹក​នៅ​ក្នុង​ស្រុក​ចិត្របុរី ខេត្ត​ក្រចេះ កាល​ពី​ដើម​ខែ​ឧសភា ដែល​ធ្វើ​ឲ្យ​មនុស្ស​១៣​នាក់​ស្លាប់ និង​ជាង​២០០​នាក់​ទៀត​ត្រូវ​បាន​បញ្ជួន​ទៅ​សង្រ្គោះ​បន្ទាន់​នៅ​ឯ​មន្ទីរពេទ្យ។ លោក​ទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ រដ្ឋមន្រ្តី​ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម កាល​ពី​ថ្ងៃ​ទី ១៧ ឧសភា បាន​ចេញ​មក​បញ្ជាក់​ថា មូលហេតុ​នៃ​ការ​ពុល​នោះ គឺ​​បណ្តាល​មក​ពី​សារធាតុ ស្យានីត (Cyanide) ដែល​ជា​សារធាតុ​គីមី​ប្រើ​សម្រាប់​លាង​សម្អាត​រ៉ែ​មាស នៅ​ក្នុង​ខេត្ត​មណ្ឌល​គីរី និង​ខេត្ត​ក្រចេះ។ បើ​តាម​លោក​រដ្ឋ​មន្ដ្រី សារធាតុ​ស្យានីត​នេះ បាន​ហូរ​ចូល​ទឹក​ព្រែក​ទេ ហើយ​ធ្វើ​ឲ្យ​ទឹក​ព្រែក​ពុល។

ប៉ុន្តែ​ការ​អះអាង​របស់​លោក​រដ្ឋមន្រ្តី​ចម ប្រសិទ្ធ ត្រូវ​បាន​ច្រាន​ចោល​ដោយ​លោក ស៊ុយ សែម រដ្ឋមន្រ្តី​ក្រសួង​រ៉ែ និង ថាមពល កាល​ពី​ថ្ងៃ​ទី​ ២១ ឧសភា។ បើ​តាម​លោក ស៊ុយ សែម ករណី​ពុល​នេះ មិន​មែន​បណ្តាល​មក​ពី​ជាតិ​ស្យានីត​នោះ​ទេ គឺ​បណ្តាល​មក​ពី​ថ្នាំ​ពុល​សម្លាប់​សត្វ​ល្អិត ថ្នាំ​សម្លាប់​ស្មៅ និង​ករណី​មួយ​ចំនួន​ទៀត គឺ​បណ្តាល​មក​ពី​ពុល​ស្រា ដូច​អ្វី​ដែល​ក្រសួង​សុខាភិបាល​បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ជា​ផ្លូវ​ការ​រួច​មក​ហើយ។ សម្រាប់​លោក ស៊ុយ សែម ក្រុមហ៊ុន​រុក​រក​រ៉ែ ដែល​មាន​អាជ្ញាបណ្ណ​ធ្វើ​អាជីវកម្ម​រ៉ែ​មាស​នៅ​ក្នុង​ខេត្ត​មណ្ឌលគីរី និង​ខេត្ត​ក្រចេះ នៅ​មិន​ទាន់​បាន​ធ្វើ​អាជីវកម្ម​នៅ​ឡើយ​ទេ។ ដូច្នេះ ក្រុមហ៊ុន​ទាំង​នោះ ក៏​មិន​ទាន់​បាន​ប្រើ​ប្រាស់​សារធាតុ​គីមី ស្យានីត ដែល​គេ​បាន​លើក​ឡើង​នោះ​ដែរ។

យ៉ាង​ណា​ក៏​ដោយ បើ​តាម​មន្រ្តី​ក្រសួង​រ៉ែ និង​ថាមពល កិច្ច​ប្រជុំ​រវាង​ក្រុមហ៊ុន​រុករក​រ៉ែ​លោហៈ​ទាំង​២៥ ជាមួយ​ក្រសួង​រ៉ែ និង​ថាមពល​នៅ​ថ្ងៃ​នេះ គឺ​ដើម្បី​រំលឹក​ថា ប្រតិបត្តិ​ការ​របស់​ពួក​គេ នឹង​មិន​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​បរិស្ថាន និង​សង្គម ពិសេស​ត្រូវ​គោរព​តាម​លក្ខខណ្ឌ​និង​បទ​បញ្ញត្តិ​នានា​ជា​ធរមាន បើ​មិន​ដូច្នេះ​ទេ ក្រុមហ៊ុន​ទាំង​នោះ នឹង​ត្រូវ​ប្រឈម​នឹង​ការ​ដក​ហូត​អាជ្ញាបណ្ណ​ភ្លាម៕ ប្រភព៖ RFI