ភ្នំពេញ —លោក​នាយក​រដ្ឋ​មន្រ្តី​ ​ហ៊ុន សែន​ ​នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ​ ​បាន​ហៅ​ការ​ឃោសនា​នយោបាយ​របស់​គណ​បក្សហ៊្វុនស៊ិនប៉ិច​របស់​សម្តេច​ក្រុម​ព្រះ​ ​នរោត្តម រណឫទ្ធិ​ ​ថា​ជា​«ការ​សន្យា​បោក​ប្រាស់»​ពល​រដ្ឋ​ ​ក្រោយ​ពេល​ដែល​ប្រធាន​គណបក្ស​នេះ​ សន្យា​សង​បំណុល​ជំនួសពលរដ្ឋនៅ​ពេល​ដែល​គណ​បក្សនេះ​ឈ្នះ​ឆ្នោត។​

Loading...

ការ​ថ្លែង​របស់​លោក​នាយក​រដ្ឋមន្រ្តីធ្វើ​ឡើង​ខណៈ​ការ​បោះឆ្នោត​ជ្រើសតាំង​តំណាង​រាស្រ្ត​អាណត្តិ​ទី​៦នឹង​ត្រូវ​ធ្វើ​ឡើង​ក្នុង​រយៈ​ពេល​ពីរខែខាងមុខ​ ​ដោយ​មាន​គណបក្ស​ចំនួន​២០​នឹង​ចូលរួម​ប្រកួត​ប្រជែង។​

ថ្លែង​ដោយ​មិន​ចំ​ឈ្មោះ​គណ​បក្សដែល​សន្យា​សង​បំណុល​ជំនួស​ពលរដ្ឋ​ ​តែ​សំដៅ​លើ​គណ​បក្ស​ហ៊្វុន​ស៊ិនប៉ិច​របស់​សម្តេច​ក្រុម​ព្រះ​ ​នរោត្តម រណឫទ្ធិ​ ​លោក​នាយក​រដ្ឋ​មន្រ្តី​លើក​ឡើង​ថា​ ​ការ​សន្យា​សង​បំណុល​ជំនួស​ប្រជា​ពលរដ្ឋ​ ​គឺ​ជាការ​ឃោសនាបោក​ប្រាស់​ប្រជា​ពលរដ្ឋ​ ​ដែល​មិន​គួរ​ឲ្យ​កើត​មាន។​ លោក​បន្ថែម​ថា​ ​ការ​សន្យាសង​បំណុល​ជំនួស​បែប​នេះ​ ​ក៏​នឹង​ធ្វើ​ឲ្យ​ប្រជា​ពលរដ្ឋ​បង្កើន​ការ​ខ្ចី​បំណុល​បន្ថែម​ទៀត​ផង​ដែរ។​

ដោយ​មិន​បញ្ចេញ​ឈ្មោះ​គណបក្ស​ហ៊្វុនស៊ិនប៉ិច​ ឬ​ ​ព្រះ​អង្គ​ម្ចាស់​ ​នរោត្តម រណ​ឫទ្ធិ​ ​ ​លោក​ ​ហ៊ុន សែន​ ​ចំអក​យ៉ាង​ដូច្នេះ៖​

«ថ្មីៗ​នេះ​ខ្ញុំ​មាន​ការ​ភ្ញាក់​ផ្អើល​ណាស់​ ​នៅ​មាន​អ្នក​ខ្លះ​ថា​ ​បើគេ​ឈ្នះ​ ​គេ​នឹង​សង​បំណុល​ឲ្យ​ប្រជាជន ​ជួស​ប្រជាជន​ទាំង​អស់។​ ​នេះ​ជា​អំពើ​បោក​ប្រាស់​មួយ​ដែល​គួរ​ឲ្យ​ខ្មាស់អៀន​ខ្លាំង​ណាស់។​ ​ប៉ុន្មាន​អាទិត្យ​មុន​ សរសេរ​សំបុត្រ​មក​សុំ​ខ្ចី​លុយ​ខ្ញុំ​សោះ​ ​ស្រាប់តែ​ឥឡូវ​បែរជា​សន្យា​សង​លុយ​ជំនួស​ប្រជាជន​ទាំង​អស់​ទូទាំងប្រទេស​ចំពោះ​ធនាគារ។​ ​តើ​ប្រទេស​ណា​ដែល​គេអាច​ធ្វើ​អីចឹង​ទៅ​រួច?»​

លោក​នាយក​រដ្ឋ​មន្រ្តី​ ​ហ៊ុន សែន​ ​ក៏​បានប្រតិកម្ម​ទៅ​នឹង​ការ​ឃោសនា​ដោយ​យក​របប​រាជា​និយម​ជា​កម្ម​សិទ្ធិ​ផ្តាច់​មុខ​ដើម្បី​ស្វែងរក​ការ​គាំទ្រ​ពីម្ចាស់​ឆ្នោតថា ​ជាការ​ឃោសនា​ដែល​មិន​ល្អ​ ​និង​ថា​ ​គណ​បក្សនយោបាយ​នោះ​គួរ​តែ​អំពាវនាវ​ឲ្យ​គ្រប់​គណ​បក្សនយោបាយ​ ​និង​ប្រជា​ពលរដ្ឋគាំទ្រ​របប​រាជា​និយម​ទាំង​អស់​គ្នា។​

នេះ​មិន​មែន​ជា​លើក​ទី១​ទេ​ដែល​លោក​នាយក​រដ្ឋ​មន្រ្តីថ្លែង​រិះគន់​គណ​បក្ស​ហ៊្វុនស៊ិនប៉ិច​ដែល​បាន​សន្យា​សង​បំណុល​ជំនួស​ប្រជា​ពលរដ្ឋ។​ ​លោក​នាយក​រដ្ឋ​មន្រ្តីក៏​បាន​បង្ហើប​ថា​ ​ប្រធាន​គណ​បក្សនោះ​បាន​សរសេរ​លិខិត​ខ្ចី​លុយ​ពី​លោក​ជាង​១លាន​ដុល្លារដើម្បីយក​ទៅ​ធ្វើ​សកម្មភាព​នយោបាយ​ផង​ដែរ។

កាលពី​ពាក់​កណ្តាល​ឆ្នាំ​២០១៥​ ​សម្តេច​ក្រុម​ព្រះ​ ​នរោត្តម រណឫទ្ធិ​ ​ប្រធាន​គណ​បក្ស​ហ៊្វុនស៊ិនប៉ិច ​មាន​ព្រះ​បន្ទូល​ថា​ ​នៅ​ពេល​ដែល​គណ​បក្សរបស់​ព្រះ​អង្គ​ឈ្នះ​ឆ្នោត​ដឹក​នាំ​ប្រទេស​ ​នោះ​ព្រះ​អង្គ​នឹង​សង​បំណុល​ជំនួស​ប្រជា​ពលរដ្ឋ​ ​ដោយ​ប្រើ​ប្រាស់​ថវិកា​ជាតិ។​ ​ក្រោយ​ការ​ប្រកាស​ព្រះ​បន្ទូល​របស់​សម្តេច​ក្រុម​ព្រះ​ ​លោក​នាយក​រដ្ឋ​មន្រ្តី ​ហ៊ុន សែន​ក៏​បានបញ្ជា​ឲ្យ​សមត្ថកិច្ច​ចាប់​វាយ​ខ្នោះ​អ្នក​ដែល​សន្យា​បែប​នោះ។​ ​យ៉ាង​ណា​ក៏​ដោយ ​រហូត​មក​ដល់​ពេល​នេះ​ ​គេ​មិន​ទាន់​ឃើញ​មាន​ការ​ចាប់​ខ្លួន​អ្នក​ដែល​បាន​សន្យា​សង​បំណុល​ជំនួស​ប្រជា​ពលរដ្ឋ​នៅ​ពេល​ដែល​គណបក្សរបស់​ពួក​គេ​ឈ្នះ​ឆ្នោត​នៅ​ឡើយ​ទេ។

​ប្រតិកម្ម​របស់​លោក​នាយក​រដ្ឋ​មន្រ្តី​នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះធ្វើ​ឡើង​បន្ទាប់​ពីសារ​ព័ត៌មានស្និទ្ធ​នឹង​រដ្ឋា​ភិបាល​មួយ​បាន​ផ្សាយ​កាលពី​ថ្ងៃ​អាទិត្យ​ថា​ ​សម្តេច​ក្រុម​ព្រះ​ ​នរោត្តម ​រណឫទ្ធិ​ ​ប្រធាន​គណ​បក្ស​ហ៊្វុនស៊ិនប៉ិច​ ​មាន​ព្រះបន្ទូល​ទៅ​កាន់​ប្រជា​ពលរដ្ឋក្នុង​ខេត្ត​តាកែវ​ថា​ ​នៅ​ពេល​ព្រះ​អង្គ​ឈ្នះ​ឆ្នោត​ ដឹក​នាំ​រាជ​រដ្ឋាភិបាល​ ​ព្រះ​អង្គ​នឹង​ដោះ​ស្រាយបំណុល​ជូន​ប្រជា​ពលរដ្ឋ​ ​ដូច​ដែល​មាន​ចែង​ក្នុង​គោល​នយោបាយ​អាទិភាព​របស់​គណ​បក្ស​ហ៊្វុនស៊ិនប៉ិច​សម្រាប់​ការ​បោះ​ឆ្នោត​អាណត្តិ​ទី៦​ ​ក្នុង​ចំណុច​ទី​៥​ ដែល​ចែង​ពីការ​ ​«ដោះ​ស្រាយបំណុល​ជូន​ប្រជានុ​រាស្រ្ត​ក្រីក្រ»។​

លោក​ ​ញ៉េប ប៊ុនជិន​ ​អ្នក​នាំ​ពាក្យ​គណ​បក្ស​ហ៊្វុនស៊ិនប៉ិច​ ​ប្រាប់​ ​VOA​ ​នារសៀល​ថ្ងៃ​ពុធ​នេះ​ថា សម្តេច​ក្រុម​ព្រះ​នរោត្តម​រណឫទ្ធិ​ ​បាន​សន្យា​ដោះ​ស្រាយបំណុល​របស់​ប្រជា​ពលរដ្ឋ​ ​មិន​មែន​សន្យា​ថា​ សង​បំណុល​ជំនួស​នោះ​ទេ។​ ​លោក​បន្ថែម​ថា​ ​គណ​បក្ស​ហ៊្វុនស៊ិនប៉ិច​មាន​គោល​នយោបាយ​ដោះ​ស្រាយបំណុល​ជូន​ប្រជា​ពលរដ្ឋ​ ​តាម​រយៈការ​បន្ថយអត្រាការប្រាក់​កម្ចី​ ​ការគ្រប់​គ្រង​ការ​កំណត់​ការ​ប្រាក់​របស់​គ្រឹះស្ថាន​មីក្រូហិញ្ញ​វត្ថុ​ជា​ដើម។​

លោក ​ញ៉េប ប៊ុនជិន​ ​បញ្ជា​ក់ថា៖​

«គាត់​ដូច​ថា​ ​គាត់​ ​Reaction​ ​(ប្រតិកម្ម)​ ​នឹង​បន្ទូល​របស់​សម្តេច​ក្រុម​ព្រះ​ហ្នឹង​ឲ្យ​ច្បាស់។​ ​យើង​មិន​មែន​មាន​ន័យ​ថា​ យើង​សង​ទេ​ ​ហើយ​យើង​ក៏​មិន​មែន​ធ្វើ​របៀប​ហ្នឹង​ដើម្បី​ឲ្យ​ប្រជា​ពលរដ្ឋទៅ​បន្ថែម​កម្ចី​ទេ​ ​ឬ​ចង់​ឲ្យ​ខ្ចី​ថែម​ទៀត​ទេ​ មិន​មែន​អីចឹង​ទេ។ ​មិន​មែន​វិទ្ធង្សនា​ ធ្វើ​ឲ្យ​ប្រជា​ភិថុត​អី​ដូច​ការ​ចោទ​ប្រកាន់​ទេ។​ ស្តាប់​ឲ្យ​ទាន់​ណា៎! ​ដូច្នេះ​ខ្ញុំ​សូម​ឲ្យ​ ​VOA​ ​បញ្ចូល​សំឡេង​ខ្ញុំ​ឲ្យ​អស់​ ​ឲ្យ​ប្រជា​ពលរដ្ឋបាន​ស្តាប់។​ ​ដោះ​ស្រាយ​ទី១ ​ធ្វើ​ម៉េច​ឲ្យ​អត្រា​ការ​ប្រាក់​ហ្នឹង​វា​ចុះ ​ដែល​ទទួល​យក​បាន​ទាំង​អ្នក​ខ្ចី​ ​និង​អ្នក​ឲ្យ​ខ្ចី»។

​យ៉ាង​ណា​ក៏​ដោយ​ ​ការ​សន្យា​របស់ព្រះ​អង្គម្ចាស់​ ​នរោត្តម រណឫទ្ធិ​ ​កាល​ពី​ថ្ងៃ​អាទិត្យធ្វើឱ្យសមាគម​មីក្រូ​ហិរញ្ញ​វត្ថុ​កម្ពុជា​មាន​ការ​ប្រុង​ប្រយ័ត្ន។​ ​ក្នុង​សេច​ក្តី​ប្រកាស​របស់​ខ្លួន​ចុះ​ថ្ងៃទី​២៨​ ​ខែ​ឧសភា​ ​ឆ្នាំ២០១៨​ ​សមាគម​មីក្រូ​ហិរញ្ញវត្ថុ​ ​ដែល​តំណាង​ឲ្យ​គ្រឹះ​ស្ថាន​ជាង​១០០​ ​បាន​ប្រាប់​ឱ្យ​សមាជិក​ខ្លួន​មាន​ការ​ប្រុង​ប្រយ័ត្ន​ក្នុង​ការ​ផ្តល់​ឥណទាន​ដល់​ពល​រដ្ឋ​ ​ដោយ​ថា​ ការ​សន្យា​នយោ​បាយ​របស់​អ្នក​នយោបាយ​អាច​ជា​ការ​ជំរុញ​ឱ្យ​មាន​ការ​ខ្ចី​ប្រាក់​ទាំង​ប្រថុយ​ប្រថាន​កាន់តែ​ច្រើន​ទៀត។

របាយ​ការណ៍​ប្រចាំ​ឆ្នាំ​២០១៧របស់​ធនាគារ​ជាតិ​ដែល​ចេញ​នៅ​ដើម​ឆ្នាំ​២០១៨​នេះ​បង្ហាញ​ថា ​នៅ​ឆ្នាំ​២០១៧​ ​ពលរដ្ឋ​កម្ពុជាដែល​ជំពាក់​គ្រឹះស្ថាន​ធនាគារ​ ​និង​ហិរញ្ញ​វត្ថុមាន​ចំនួន​ជាង​២​លាន​នាក់ ​ហើយ​ទំហំ​ឥណទាន​ ​ឬ​កម្ចី​មាន​ចំនួន​៨១,៤​ ​ទ្រីលាន​រៀល​ ​ឬ​ប្រមាណ​ជា​ស្មើ​នឹង​២​ម៉ឺន​លាន​ដុល្លារ​សហ​រដ្ឋ​អាមេរិក។​

គណ​បក្ស​ហ៊្វុនស៊ិនប៉ិច​ ​ជា​គណ​បក្ស​តែ​មួយ​គត់​ដែល​ទើប​ទទួល​បាន​អាសនៈ​ចំនួន​ជាង​៤០​ក្នុង​រដ្ឋសភា​ ​បន្ទាប់​ពី​គណ​បក្សសង្គ្រោះជាតិ​ដែល​មាន​អ្នក​គាំទ្រ​ជាង​៤០​ភាគរយ​ ​ឬ​ស្មើ​នឹង​ជាង​៣លាន​នាក់​នៅ​ទូ​ទាំងប្រទេស​កាលពី​ការ​បោះ​ឆ្នោត​ឆ្នាំ​២០១៧​ ​ត្រូវ​បានតុលា​ការ​កំពូល​រំលាយ​នៅ​ពាក់​កណ្តាល​ខែ​វិច្ឆិកា​ ​ឆ្នាំ​កន្លង​ទៅ។​ ​ថ្នាក់​ដឹក​នាំ​គណ​បក្សប្រឆាំង​បាន​ចាត់​ទុក​គណ​បក្សដែល​ទទួល​យក​អាសនៈ​របស់​គណ​បក្សសង្គ្រោះជាតិ​ ​ដោយ​មិន​មាន​ការ​បោះ​ឆ្នោត​គាំទ្រ​ពី​ប្រជា​ពលរដ្ឋ​ថា​ ជា​គណ​បក្ស​ចោរ៕ ប្រភព៖ VOA