ចាប់​ពី​ថ្ងៃ​ព្រហស្បតិ៍ ទី៣១ ឧសភា​ដល់​ថ្ងៃ​សៅរ៍ ទី២ មិថុនា រដ្ឋមន្រ្តី​ក្រសួង​ហិរញ្ញវត្ថុ​នៃ​ក្រុម​ប្រទេស​មហាអំណាច​ឧស្សាហកម្ម​ទាំង ៧ ក្នុង​លោក​ផ្តើម​កិច្ចប្រជុំ​ក្នុង​ទីក្រុង Vancouver ប្រទេស​កាណាដា។ ប្រទេស​មហាអំណាច​ឧស្សាហកម្ម​ទាំង ៧ នោះ​មាន អាល្លឺម៉ង់ កាណាដា អាមេរិក បារាំង អ៊ីតាលី ជប៉ុន និង​ប្រទេស​អង់គ្លេស។ អ្វី​ជា​ការ​កត់សម្គាល់ កិច្ចប្រជុំ​ថ្នាក់រដ្ឋមន្រ្តី​ហិរញ្ញវត្ថុ G៧ ពេល​នេះ​បាន​ធ្វើ​ឡើង​នៅ​ក្នុង​បរិបទ​នៃ​សង្រ្គាម​ពាណិជ្ជកម្ម​ដែល​ញុះញង់​ដោយ​រដ្ឋបាល​អាមេរិក​របស់​លោក​ដូណាល់ ត្រាំ។

គឺ​នៅ​ថ្ងៃ​សុក្រ ទី១ មិថុនា​នេះ​ដែល​លោក​ប្រធានាធិបតី​អាមេរិក​ដូណាល់ ត្រាំ​ដំឡើង​ពន្ធ​ចំនួន ២៥% លើ​ផលិតផល​ដែកថែប និង​១០% លើ​ផលិត​អាលុយមីញ៉ូម​អឺរ៉ុប​នាំ​ចូល​អាមេរិក។ តែ​ភាគី​អឺរ៉ុប​បាន​ព្រមាន​រួច​ហើយ​ថា ខ្លួន​នឹង​មិន​ឈរ​ក្រពាត់ដៃ​ដោយ​មិន​ចាត់​វិធានការ​បក​វិញ​នោះ​ទេ។ នៅ​ក្នុង​កិច្ចសន្ទនា​ជាមួយ​រដ្ឋមន្រ្តី​ក្រសួង​ពាណិជ្ជកម្ម​អាមេរិក​លោក Wilbur Ross ក្នុង​ទីក្រុង​ប៉ារីស លោក​រដ្ឋមន្រ្តី​ក្រសួង​សេដ្ឋកិច្ច​បារាំង Bruno Le Maire បាន​ព្រមាន​ត្រង់ៗ​ថា បារាំង​រួម​ជាមួយ​ដៃគូ​អាល្លឺម៉ង់ និង​ស្នងការ​អឺរ៉ុប​ទទួល​បន្ទុក​ពាណិជ្ជកម្ម​លោកស្រី Cécilia Malmström នឹង​ចាត់​វិធានការ​គ្រប់​យ៉ាង​ដើម្បី​ឆ្លើយ​តប​នឹង​ការ​សម្រេចចិត្ត​ជា​យថាហេតុ​របស់​អាមេរិក​ប្រឆាំង​អឺរ៉ុប។

ចំណែក​ប្រមុខ​ការទូត​អាល្លឺម៉ង់​លោក Heiko Maas បាន​ថ្លែង​ថា គ្មាន​ប្រយោជន៍​អ្វី​ដែល​គេ​ត្រូវ​ត្រឡប់​ទៅ​លើក​យក​រឿង​នយោបាយ​ពាណិជ្ជកម្ម​មក​ជជែក​នោះ​ទេ។ គួរ​រម្លឹក​ជូន​ថា លោក​ដូណាល់ ត្រាំ​បាន​ស្តីបន្ទោស​ដាក់​សមាជិក​អឺរ៉ុប​ទាំង ២៨ប្រទេស​ពី​បទ​មិន​បាន​បើក​ចំហ​ទីផ្សារ​ខ្លួន​ឲ្យ​បាន​ទូលំទូលាយ​សម្រាប់​ផលិផល​អាមេរិក។ ផ្អែក​តាម​ទិន្ន័យ​របស់​ក្រសួង​ពាណិជ្ជកម្ម​អាមេរិក​ក្នុង​ឆ្នាំ ២០១៧ ទីផ្សារ​អាមេរិក​បាន​នាំ​ចូល​ផលិតផល​អាលុយមីញ៉ូម​ចំនួន ៥១,៣% និង​ផលិតផល​ដែកថែប​ចំនួន ៣៥,៨% ពី​ដៃគូ​ក្នុង​ក្រុម​ប្រទេស G៧។ អ្វី​ដែល​អឺរ៉ុប​កំពុង​រង់ចាំ និង​ចង់​បាន​ពី​អាមេរិក គឺ​លប់ចោល​ការ​ដំឡើង​ពន្ធ​បន្ថែម និង​កំណត់​កូតា​នាំ​ចូល។

ឃើញ​ថា​នៅ​ចំពោះ​មុខ​អាមេរិក អឺរ៉ុប​បាន​បន្ត​ព្យាយាម​រួម​សាមគ្គី​គ្នា​ដើម្បី​និយាយ​សម្លេង​តែ​មួយ។ តែ​ជំហរ​មួយ​នេះ​ត្រូវ​បាន​ភាគី​អាមេរិក​ជំទាស់​ដោយ​ចង់​បាន​ដំណោះស្រាយ​ជា​លក្ខណៈ​ទ្វេភាគី​វិញ។ រដ្ឋមន្រ្តី​ក្រសួង​ពាណិជ្ជកម្ម​អាមេរិក​លោក Wilbur Ross បាន​យល់​ឃើញ​ថា កិច្ចប្រជុំ​ច្រើន​ភាគី​ត្រូវ​ចំណាយ​ពេល​យូរ និង​ពិបាក​ក្នុង​ការ​សម្រេច។ ចំណែក​នៅ​ទីកន្លែង​កិច្ចប្រជុំ G៧​ក្នុង​ទីក្រុង Vancouver ប្រទេស​កាណាដា ភាគី​អាល្លឺម៉ង់​បាន​ព្យាយាម​លើក​ឡើង​ពី​ផល​ប៉ះពាល់​ដល់​ការ​ស្ទុះ​ឡើង​នៃ​សេដ្ឋកិច្ច​ពិភពលោក​ដែល​អាច​កើត​ចេញ​ពី​សង្រ្គាម​ពាណិជ្ជកម្ម។

ចំណាប់​អារម្មណ៍​ដូច​គ្នា​នេះ​ក៏​ទទួល​បាន​ការ​ចែក​រំលែក​ពី​លោកស្រី Christine Lagarde អគ្គនាយិកា​នៃ​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ​ដែល​កំពុង​មាន​វត្តមាន​នៅ​ក្នុង​កិច្ចប្រជុំ G៧។ អស់​ជា​ច្រើន​ខែ​មក​ហើយ​ដែល​លោកស្រី Lagarde បាន​ព្រមាន​ប្រឆាំង​នឹង​សង្រ្គាម​ពាណិជ្ជកម្ម​ជា​យថាហេតុ​ដែល​អាច​ធ្វើ​ឲ្យ​សេដ្ឋកិច្ច​ពិភពលោក​ធ្លាក់​ក្នុង​វិបត្តិ​ជា​ថ្មី​ដូច​វិបត្តិ​ហិរញ្ញវត្ថុ​ក្នុង​ឆ្នាំ ២០០៨។ ក្រៅ​ពី​បារម្ភ​ក្នុង​រឿង​សង្រ្គាម​ពាណិជ្ជកម្ម អឺរ៉ុប​ក៏​កំពុង​បារម្ភ​ពី​ស្ថានការណ៍​នយោបាយ​ជាប់គាំង​នៅ​អ៊ីតាលី​ដែរ៕ ប្រភព៖ RFI