នៅ​ក្នុង​ប្រទេស​អ៊ីតាលី រដ្ឋាភិបាល​ថ្មី​ទើប​បាន​រក​ឃើញ​ជា​ផ្លូវការ​នា​ថ្ងៃ​ព្រហស្បតិ៍ ទី៣១ ឧសភា បន្ទាប់​ពី​មាន​ការ​ព្រមព្រៀង​គ្នា​រវាង​គណបក្ស​ឈ្នះឆ្នោត​ទាំង​ពីរ គឺ​គណបក្ស​ឈ្មោះ « សម្ព័ន្ធ » ដែល​ជា​គណបក្ស​ស្តាំនិយមជ្រុល និង​គណបក្ស « ផ្កាយប្រាំ » ដែល​ជា​ចលនា​ប្រឆាំងប្រព័ន្ធ។ រដ្ឋាភិបាល​បង្កើត​ដោយ​គណបក្ស​ឈ្នះ​ឆ្នោត​ទាំង​ពីរ​ត្រូវ​បាន​គេ​ហៅ​ជា​រដ្ឋាភិបាល​ប្រជាភិថុតិ​ដឹកនាំ​ដោយ​នាយករដ្ឋមន្រ្តី​ម្នាក់​ជា​អ្នក​ច្បាប់ តែ​គ្មាន​បទពិសោធន៍​នយោបាយ។

នៅ​ទីបំផុត និង​បន្ទាប់​ពី​គណបក្ស​ឈ្នះឆ្នោត​ទាំង​ពីរ​បាន​ជជែក​ត​ថ្លៃគ្នា​អស់​ជា​ច្រើន​ថ្ងៃ​មក សមាសភាព​នៃ​រដ្ឋាភិបាល​ថ្មី​មួយ​ត្រូវ​បាន​ទទួល​យល់ព្រម​ដោយ​លោក​ប្រធានាធិបតី Sergio Mattarella។ គឺ​ជា​រដ្ឋាភិបាល​ប្រជាភិថុតិ​ដែល​មាន​កម្មវិធី​សន្តិសុខ និង​ប្រឆាំង​ទល់​នឹង​នយោបាយ​សន្សំសំចៃ។ រដ្ឋាភិបាល​ថ្មី​ដែល​ដឹកនាំ​ដោយ​លោក Giuseppe Conte ដដែល​ស្បថ​ចូលកាន់​តំណែង​ជា​ផ្លូវការ​ចាប់​ពី​ថ្ងៃទី១ មិថុនា​នេះ។ មាន​អាយុ ៥៣ឆ្នាំ លោក Conte ត្រូវ​បាន​ជ្រើសរើស​ដោយ​ប្រធាន​គណបក្ស​សម្ព័ន្ធ​លោក Matteo Salvini និង​ប្រធាន​គណបក្ស​ផ្កាយប្រាំ​លោក Luigi Di Maio កាល​ពី ២សប្តាហ៍​មុន។

គួរ​រម្លឹក​ជូន​ថា​នៅ ៨ថ្ងៃ​មុន​នេះ ពោល​ក្រោយ​ការ​តែងតាំង​ជា​ផ្លូវការ លោក Conte បាន​ប្រកាស​ដក​ខ្លួន​លែង​បង្កើត​រដ្ឋាភិបាល​ថ្មី បន្ទាប់​ពី​លោក​ប្រធានាធិបតី Sergio Mattarella បដិសេធ​មិន​ទទួល​យក​បេក្ខជន​រដ្ឋមន្រ្តី​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​លោក Paolo Savona ដែល​ជា​អ្នក​សេដ្ឋកិច្ច​ម្នាក់។ តែ​បញ្ហា​នៅ​ត្រង់​ថា អ្នក​សេដ្ឋកិច្ច​វ័យ ៨១ឆ្នាំ​រូប​នេះ​បាន​ធ្វើ​ឲ្យ​អឺរ៉ុប​ភ័យ​ខ្លាច ព្រោះ​លោក​ជា​សកម្មជន​ប្រឆាំង​អឺរ៉ុប និង​ប្រាក់​អឺរ៉ូ។ ទីបំផុត លោក Paolo បាន​ទទួល​តំណែង​ជា​រដ្ឋមន្រ្តី​ទទួល​បន្ទុក​កិច្ចការ​អឺរ៉ុប ហើយ​តំណែង​រដ្ឋមន្រ្តី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​បាន​ប្រគល់​ឲ្យ​លោក Giovanni Tria សាស្រ្តាចារ្យ​នយោបាយ​សេដ្ឋកិច្ច។

ខុស​ពី​លោក Paolo Savona លោក Giovanni Tria ជា​សកម្មជន​គាំទ្រ​អ៊ីតាលី​នៅ​ក្នុង​តំបន់​អឺរ៉ូ និង​មាន​នយោបាយ​កាត់បន្ថយ​ពន្ធ​ដើម្បី​លើកស្ទួយ​ជីវភាព​រសើនៅ​ប្រចាំ​ថ្ងៃ​របស់​ពលរដ្ឋ​អ៊ីតាលី។ ទន្ទឹម​គ្នា​នេះ តំណែង​រដ្ឋមន្រ្តី​ការបរទេស​ក៏​ត្រូវ​បាន​ប្រគល់​ទៅ​ឲ្យ​លោក Enzo Maovero Milanesi ដែល​ជា​សកម្មជន​អឺរ៉ុបនិយម​ម្នាក់។ លោក Milanesi បាន​បម្រើ​ការងារ​រយៈពេល ២០ឆ្នាំ​នៅ​ទីក្រុង​ព្រុចសែល ប្រទេស​បែលហ្ស៊ិក និង​ធ្លាប់​ធ្វើ​ជា​រដ្ឋមន្រ្តី​ទទួល​បន្ទុក​កិច្ចការ​អឺរ៉ុប​ចំនួន ២ដង ទី១ ក្នុង​អាណត្តិ​លោក​នាយករដ្ឋមន្រ្តី Mario Monti ពី​ឆ្នាំ ២០១១ ដល់​ឆ្នាំ ២០១៣ និង​ទី២ ក្នុង​អាណត្តិ​លោក​នាយករដ្ឋមន្រ្តី Enrico Letta ពី​ឆ្នាំ ២០១៣ ដល់​ឆ្នាំ ២០១៤៕ ប្រភព៖ RFI