កូរ៉េខាង​ជើង និង​កូរ៉េខាង​ត្បូង បាន​ព្រមព្រៀង​គ្នា​នៅ​ថ្ងៃសុក្រ​ទីនេះ​បន្ត​ជួប​ពិភាក្សា​គ្នា​​ពីរ​ដង​ទៀត ដើម្បី​ជជែក​អំពី​បញ្ហា​យោធា និង​អំពី​ការ​ជួប​ជុំ​គ្រួសារ​ដែល​ព្រាត់​ប្រាស​ពី​គ្នា​ តាំង​ពី​សម័យ​សង្គ្រាម​មក។ សេចក្តី​សម្រេច​នេះ ត្រូវ​បាន​ប្រកាស​ឱ្យ​ដឹង​តាម​រយៈ​សេចក្តី​ថ្លែងការណ៍​រួម ក្រោយ​ជំនួប​ជាន់​ខ្ពស់​ថ្នាក់​រដ្ឋមន្ត្រី នៅ​ភូមិPanmunjom ក្នុង​តំបន់គ្មាន​កងទ័ព ជាប់​​ព្រំដែន។ ជា​ជំនួប​​ដែលគ្រោង​ធ្វើ​កាលពី​ខែ​មុន តែ​ត្រូវ​បាន​កូរ៉េខាង​ជើង​បាន​ប្រកាស​លុប​ចោល​ នៅ​នាទី​ចុង​ក្រោយ ដើម្បី​សម្តែង​ការ​ប្រឆាំង​សមយុទ្ធប្រចាំ​ឆ្នាំ​របស់​អាមេរិក​និងកូរ៉េខាង​ត្បូង។

Loading...

ក្រោយ​ជំនួប​ជា​លើក​ទីពីរ​រវាង​​លោក​ប្រធានាធិបតី​កូរ៉េខាង​ត្បូង មូន ចែអ៊ីន និង​លោក​គីមជុងអ៊ុន កាលពី​ថ្ងៃសៅរ៍​មុន ទំនាក់ទំនង​កូរ៉េខាង​ជើង​និង​ខាង​ត្បូង ត្រូវ​បាន​ស្តារ និង​ធូរ​ស្បើយ​ឡើង​វិញ។ ​ព្យុងយ៉ាង​ក៏​បាន​បង្កើន​​សកម្មភាព​​ជាមួយ​សហរដ្ឋអាមេរិក ដើម្បី​រៀប​ចំ​ជំនួប​កំពូល​រវាង​លោក​ត្រាំ​និង​លោក​គីម នៅ​ថ្ងៃទី​១២​មិថុនា​នៅសិង្ហបុរី ទី​ប្រឹក្សា​ជំនិត​របស់​លោក គីមជុងអ៊ុន​ បាន​ទៅ​ជួប​លោក​ត្រាំ​ដល់​សេតវិមាន…

នៅ​ថ្ងៃ​នេះ កិច្ចពិភាក្សា​អន្តរកូរ៉េ​ រវាង​រដ្ឋមន្ត្រី​ក្រសួង​បង្រួបបង្រួម​កូរ៉េខាងត្បូង លោក ចូ ម្យុងយ៉ុន Cho Myong-gyon និង​ប្រធាន​គណៈកម្មការ​បង្រួបបង្រួម​កូរ៉េខាង​ជើង លោក រី សុនវុន Ri Son-gwon ត្រូវ​បាន​រៀប​ចំ​នៅ​តំបន់​គ្មាន​កងទ័ព​ តាម​បណ្តោយ​ព្រំដែន។ ជា​លទ្ធផល​ ប្រទេស​ទាំង​ពីរ បាន​ព្រមព្រៀង​រៀប​ចំ​ជំនួប​ចរចា​យោធា នៅ​ថ្ងៃទី ១៤​មិថុនា នៅ​តំបន់​គ្មាន​កងទ័ព​លើ​ទឹក​ដី​ខាងជើង និង​ជំនួប​ប្រជុំ​ស្តីពី​កម្មវិធី​កីឡា នៅ​ថ្ងៃទី ១៨ មិថុនា ក្នុងភូមិ​ដដែល​តែ​លើ​ទឹក​ដី​កូរ៉េខាង​ត្បូង។ ជំនួប​ប្រជុំ​ស្តី​ពី​ការ​ជួប​ជុំ​គ្រួសារ​បែកបាក់​ដោយ​សង្គ្រាម នឹង​ប្រព្រឹត្ត​ទៅ​ថ្ងៃទី ២២​មិថុនា នៅ​តំបន់​ទេសចរ​ពិសេស​ភ្នំ Kungang របស់​កូរ៉េខាងជើង។

សេចក្តី​ថ្លែងការណ៍រួម​ ក៏​បាន​​បញ្ជាក់​អំពី​បើក​ការិយាល័យ​ទំនាក់ទំនង​គ្នា​នៅក្រុង​ជាប់​ព្រំដែន​កែសុង​ តំបន់ឧស្សាហកម្ម​​ ដែល​កូរ៉េទាំង​ពីរ​ធ្លាប់​រក​ស៊ី​ជាមួយ​​គ្នា​រហូត​ដល់​បិទ​នៅ​ឆ្នាំ​២០១៦។

នៅ​ក្នុង​ពេល​ពិភាក្សា​គ្នា​នោះ តំណាង​កូរ៉េខាង​ជើង​បាន​បន្ទោស​ភាគី​កូរ៉េខាង​ត្បូង ​ថាបាន​បង្កើតបរិយាកាស​ធ្ងន់ធ្ងរ រហូត​ព្យុងយ៉ាង​ លុប​ចោល​ជំនួប​កាលពីខែ​មុន។ ព្យុងយ៉ាង​បាន​រំលើក​​ថា​ជា​ការ​​ប្រមាថ​ នៅ​ពេល​សេអ៊ូល​អនុញ្ញាត​ឱ្យ​អតីត​អ្នក​ការទូត​កូរ៉េខាង​ជើង ផ្តាច់​ខ្លួន​ទៅ​ចូល​ខាងត្បូង​កាលពី​ឆ្នាំ​២០១៦ ​ធ្វើ​ដំណើរ​ទៅ​អង់គ្លេស។ កូរ៉េខាង​ជើង​ក៏​បានទាមទារ​ដែរ​ ឱ្យ​សេអ៊ូល​បញ្ជូន​បុគ្គលិក​ភោជនីដ្ឋាន​ជាង​១០​នាក់ ដែល​បាន​ទៅ​ដល់​កូរ៉េខាង​ត្បូង​តាម​រយៈ​ចិន ​កាលពី​ពីរ​ឆ្នាំ​មុន។ សម្រាប់​ព្យុង​យ៉ាង​ពួកគេ ត្រូវ​បាន​ចាប់​ជំរិត​យក​ទៅ តែ​សេអ៊ូល​អះអាង​ថា​ពួកគេ​ធ្វើ​ដោយ​ស្ម័គ្រចិត្តទេ។

គណៈកម្មការ​បង្រួបបង្រួម​កូរ៉េខាង​ជើង បាន​លើក​ឡើង​អំពី​​​បញ្ហា​​ដ៏​ធ្ងន់ធ្ងរ​មួយទៀត ដែល​ជាប្រភព​នៃ​ភាព​សង្ស័យ​។ បញ្ហា​នោះ​ជាកត្តា​កំណត់​ថា​តើ​នឹង​មាន​ការផ្សះផ្សា​និងកិច្ចសហប្រតិបត្តការ ឬ​មាន​តែការ​ប្រឈម​និងការ​មិន​ទុក​ចិត្ត។ ប៉ុន្តែ​តំណាង​កូរ៉េខាង​ជើង​មិន​បាន​លម្អិត​ថា​ជា​បញ្ហា​អ្វីទេ លោក​បាន​ត្រឹម​បញ្ជាក់​ថា​​សំខាន់​ភាគី​ទាំងពីរ​បាន​សម្រេច​ចេញ​សេចក្តី​ថ្លែងការណ៍​រួម​បាន៕ ប្រភព៖ RFI