លោក​ស្រី ចក់ សុភាព នាយិកា​ប្រតិបត្តិ​នៃ​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា (CCRH) បាន​អះអាង កាល​ពី​ថ្ងៃ​ម្សិល​មិញ​ថា លោក​ស្រី គោរព​តាម​ដីកា​កោះ​របស់​តុលាការ នឹង​ចូល​ខ្លួន​ឆ្លើយ​បំភ្លឺ ពាក់​ព័ន្ធ​នឹង​សំណុំ​រឿង​ក្តី​របស់​លោក កឹម សុខ ប្រធាន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ។ ការ​បញ្ជាក់​របស់​លោក​ស្រី​ចក់ សុភាព ធ្វើ​ឡើង​បន្ទាប់​ពី​លោក​ស្រី​បាន​ទទួល​ដីកោះ​របស់​តុលាការ​កាល​ពី​ល្ងាច​ថ្ងៃ​ទី​៣០ ខែ​ឧសភា កន្លង​ទៅ​នេះ។

តាម​រយៈ​សេចក្តី​ថ្លែងការណ៍​របស់​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា កាល​ពី​ថ្ងៃ​ទី​៣១ ខែ​ឧសភា លោក​ស្រី​ចក់ សុភា នាយិកា​ប្រតិបត្តិ​នៃ​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា បាន​លើក​ឡើង​ថា ដោយសារ​ឯករាជ្យ​ដាច់​ខាត​របស់​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា ពី​គណបក្ស​នយោបាយ​ទាំង​អស់ ហើយ​ដោយ​សារ​មាន​ការ​បញ្ជាក់​យ៉ាង​ច្បាស់​ថា មជ្ឈមណ្ឌល​នេះ ពុំ​បាន​ប្រព្រឹត្ត​កំហុស លោក​ស្រី​ជឿ​ជាក់​ថា​ការ​ស៊ើប​អង្កេត​នេះ​នឹង​មិន​ប៉ះ​ពាល់​ដល់​ប្រតិបត្តិ​ការ​របស់​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​នោះ​ទេ។ លោក​ស្រី​អះអាង​ថា​នឹង​ចូល​បំភ្លឺ ហើយ​នឹង​ឆ្លើយ​តប​នូវ​សំនួរ​នានា​របស់​ចៅក្រម​ស៊ើប​សួរ​តាម​ចំណេះ​ដឹង និង​លទ្ធភាព​របស់​លោក​ស្រី។

យោង​តាម​ដីកា​កោះ​របស់​តុលាការ លោក​ស្រី​ត្រូវ​ចូល​បង្ហាញ​ខ្លួន​ក្នុង​នាម​ជា​សាក្សី​បំភ្លឺ​នៅ​ថ្ងៃ​ទី​០៧ ខែ​មិថុនា វេលា​ម៉ោង ៨​និង​៣០​នាទី​ព្រឹក នៅ​សាលា​ដំបូង​រាជធានី​ភ្នំពេញ ពាក់​ព័ន្ធ​នឹង​សំណុំ​រឿង​ក្តី​លោក កឹម សុខា ប្រធាន​អតីត​គណបក្ស​សង្រ្គោះ​ជាតិ។ លោក កឹម សុខា ដែល​ត្រូវ​បាន​តុលាការ​ចោទ​ប្រកាន់​ពី​បទ សន្ទិដ្ឋិភាព​ជាមួយ​បរទេស ក្រោម​មាត្រា​៤៤៣ នៃ​ក្រម​ព្រហ្មទណ្ឌ ក្នុង​ខែ​កញ្ញា ឆ្នាំ​២០១៧។

លោក​ស្រី ចក់ សុភាព មិន​មាន​ការ​បញ្ជាក់​បន្ថែម​អ្វី​ទេ​នៅ​ថ្ងៃ​ទី​០១ ខែ​មិថុនា​នេះ។ ប៉ុន្តែ​ក្នុង​សេចក្តី​ថ្លែងការណ៍​របស់​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា លោក​ស្រី សង្ឃឹម​ថា​ដំណើរ​ការ​នីតិវិធី​នឹង​អនុលោម​ទៅ​តាម​បទដ្ឋាន​សិទ្ធិ​មនុស្ស​ជាតិ និង​អន្តរជាតិ ហើយ​នឹង​ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​ឯករាជ្យ យុត្តិធម៌ និង​តម្លាភាព ដោយ​គោរព​ដល់​សិទ្ធិ​របស់​សាក្សី និង​ភាគី​ពាក់​ព័ន្ធ​គ្រប់​រូប​ចំពោះ​ករណី​នេះ។

គួរ​ជម្រាប​ថា នេះ​គឺ​ជា​ការ​កោះ​ហៅ​សាក្សី​ថ្មី​បន្ថែម​ទៀត បន្ទាប់​ពី​តុលាការ​បាន​កោះ​ហៅ​លោក ម៉ម សូណង់ដូ នាយក​វិទ្យុ​សំបុក​ឃ្មុំ ក្នុង​នាម​ជា​សាក្សី តែ​មិន​បាន​ចូល​ខ្លួន​នោះ​ទេ ខណៈ​លោក ឈឹម ផល​វរុណ អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​អតីត​សហការី​ការងារ​លោក កឹម សុខា កាល​ពី​លោក​កឹម សុខា នៅ​គ្រប់​គ្រង​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា ក៏​ត្រូវ​បាន​កោះ​ហៅ​ឲ្យ​ចូល​ខ្លួន​ទៅ​ឆ្លើយ​បំភ្លឺ​ដែរ ក្នុង​នាម​ជា​សាក្សី។ លោក ផែង ហេង មេធាវី​ការពារ​ក្តី​លោក កឹម សុខា ធ្លាប់​បាន​ថ្លែង​ថា ជា​នីតិវិធី ចៅក្រម​ស៊ើប​សួរ​អាច​កោះ​ហៅ​សាក្សី​មក​បំភ្លឺ​បាន។ ហើយ​ចម្លើយ​របស់​សាក្សី អាចជា​ការដាក់បន្ទុក ឬ​អាចជា​ការ​ដោះ​បន្ទុក​ក៏​ថា​បាន។

ក្រៅ​ពី​លោក​ស្រី ចក់ សុភាព មនុស្ស​៧​នាក់ ដែល​ជា​ប្រធាន និង​អតីត​ប្រធាន​អង្គការ​សង្គម​ស៊ីវិល ​ផ្សេង​ទៀត ក៏​ត្រូវ​បាន​ចៅក្រម​ស៊ើប​សួរ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ចេញ​ដី​កា​កោះ​ហៅ​ក្នុង​សំណុំ​រឿង​នេះ​ដែរ។ អ្នក​ទាំង​នោះ​រួម​មាន​លោក ប៉ា ងួនទៀង ប្រធាន​មជ្ឈមណ្ឌល​កម្ពុជា​ដើម្បី​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ឯករាជ្យ (CCIM), លោក សៀ ភិរម្យ អតីត​ប្រធាន​ក្រុម​ការងារ​ពិសេស​សិទ្ធិ​លំនៅដ្ឋាន លោក មាស គឹម​សេង ប្រធាន​អង្គការ​ធាងត្នោត លោក កែវ រតនា លោក ខឿន វីរ៉ាត់ លោក ហេង ពិសិដ្ឋ និងលោក គ្រី សុង។ ពួកគេ​តម្រូវ​ឲ្យ​ចូល​ខ្លួន​ទៅ​ឆ្លើយបំភ្លឺ​ម្តង​ម្នាក់ ចាប់ពី​ថ្ងៃទី ៥ ដល់​ថ្ងៃទី ១៥ ខែមិថុនា​ខាង​មុខ៕ ប្រភព៖ RFI